ពលរដ្ឋ​អាមេរិកាំង​បាន​ត្រូវ​សម្លាប់​​ក្នុងការ​វាយ​ប្រហារ​ទៅលើ​សណ្ឋាគារ​ប្រណិត​​មួយ​នៅ​អាហ្វហ្គានីស្ថាន

លោកស្រី Heather Nauert ​អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នា២០១៧។

ក្រសួង​ការបរទេសសហរដ្ឋ​អាមេរិក​បញ្ជាក់​ថា ​ពលរដ្ឋ​អាមេរិកាំង​បាន​ត្រូវ​សម្លាប់​និង​រងរបួស​នៅ​ក្នុងការ​វាយ​ប្រហារ​ទៅលើ​សណ្ឋាគារ​ប្រណិតមួយ​កន្លែង​នៅ​ក្នុង​រដ្ឋ​ធានី​កាប៊ុល​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន។

​លោកស្រី Heather Nauert ​អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា «ការវាយ​ប្រហារ​ទៅលើ​សណ្ឋាគារ​បាន​បង្ហាញ​ជាថ្មី​ ម្តង​ទៀត​ពីការ​បំផ្លិចបំផ្លាញ​របស់​ពួកភេរវជន​ដែល​ស្វះស្វែងសាប​ព្រោះ​ពីភាព​ច្របូកច្របល់‍»។

​លោកស្រី Nauert ​មិន​បាន​បញ្ជាក់​ថា ​តើជន​ជាតិ​អាមេរិកាំង​ប៉ុន្មាន​នាក់​បាន​ត្រូវសម្លាប់​ ឬ​រងរបួស​នៅ​ក្នុង​ការ​ឡោម​ព័ទ្ធសណ្ឋាគារIntercontinental នោះ​ទេ។ លោក​ស្រី​បាន​និយាយ​ទៀត​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​តាម​ដាន​មើល​យ៉ាង​ដិត​ដល់​ជាមួយ​អាជ្ញាធរ​អាហ្វហ្គានីស្ថាន​អំពីការ​ស៊ើបអង្កេត​នេះ ​ហើយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​គាំទ្រ​រដ្ឋាភិបាល​ក្រុង​កាប៊ុល​យ៉ាង​ខ្លាំង។

កងទ័ព​អាហ្វហ្គានីស្ថាន​បាន​បញ្ចប់​ការ​វាយ​ប្រហារ​ដែល​មាន​រយៈ​ពេល​មួយ​យប់​ទៅ​លើ​សណ្ឋាគារ​ទីក្រុង​កាប៊ុល​កាលពី​ថ្ងៃ​អាទិត្យ​ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​២២​នាក់​ដែរ​ស្លាប់ ​រួមទាំង​ជន​បរទេស​១៤​នាក់​ផង។

លោកស្រី Nauert អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក បាននិយាយ​ទៀត​ថា «យើង​សូម​សម្តែង​នូវការ​រំលែក​ទុក​ដ៏​ជ្រាល​ជ្រៅ​ដល់​ក្រុម​គ្រួសារ​អាមេរិកាំង​និង​ដល់ជន​រងគ្រោះ​ទាំងអស់​នៅ​ក្នុង​ការវាយ​ប្រហារ​នោះ‍»‍។ លោកស្រី​បាន​មាន​ប្រសាសន៍​ទៀត​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដឹង​គុណ​ដល់​កងកម្លាំង​សន្តិសុខ អាហ្វហ្គានីស្ថាន​ចំពោះ​ការ​ខំ​ប្រឹង​ប្រែង​ជួយ​សង្គ្រោះ​របស់​ពួកគេ។

​ការ​ឡោម​ព័ទ្ធ​សណ្ឋាគារនោះ​មាន​រយៈ​ពេលជិត​១៤ម៉ោង ​ក្នុង​អំឡុងពេល​នោះ​ខ្មាន់​កាំភ្លើង៦​នាក់​បាន​បំផ្ទុះ​ខ្លួនឯង​ឬ​បាន​ត្រូវ​កង​កម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន​បាញ់​សម្លាប់។ លោក​អគ្គលេខា​ធិការ​អង្គការ​សហ​ប្រជាជាតិ Antonio Guterres បាន​ថ្កោល ទោស​ការវាយ​ប្រហារ​នោះ​ហើយ​បាន​ចូលរួម​រំលែក​ទុក​ដល់​ក្រុម​គ្រួសារ​របស់​ជន​រងគ្រោះ៕