ចំនួនមនុស្សស្លាប់នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកទៅលើទាហានសហរដ្ឋអាមេរិក និងកងកម្លាំងចម្រុះនៅក្រុង Manbij ភាគខាងជើងប្រទេសស៊ីរីបានកើនឡើង និងមានសំណួរជាច្រើនបានចោទសួរអំពីថាតើនឹងមានរឿងអ្វីកើតឡើងនៅពេលដែលសហរដ្ឋអាមេរិកដកកងកម្លាំងចេញពីប្រទេសស៊ីរី។
ប្រធានាធិបតីតួកគី លោក Recep Tayyip Erdoganបាននិយាយថាហេតុការណ៍បំផ្ទុះគ្រាប់បែកដែលក្រុមភេរវកម្មរដ្ឋឥស្លាមអះអាងទទួលខុសត្រូវនេះបានសម្លាប់មនុស្ស២០នាក់ រួមទាំងទាហានអាមេរិក៥នាក់ផងដែរ។
មន្រ្តីអាមេរិកមិនស្គាល់ឈ្មោះម្នាក់បាននិយាយមុននេះថាទាហានអាមេរិក៤នាក់ត្រូវបានសម្លាប់នៅក្នុងហេតុការណ៍វាយប្រហារនេះ និង៣នាក់ទៀតរងរបួស។
ក្រុមវេជ្ជបណ្ឌិតក្នុងក្រុង Manbijបានប្រាប់VOA ថាទាហានអាមេរិកាំង២នាក់បានស្លាប់ភ្លាមៗ។ មន្រ្តីមកពីកម្លាំងប្រជាធិបតេយ្យស៊ីរីបាននិយាយថា អ្នករបួសត្រូវបានបញ្ជូនជាបន្ទាន់ទៅមន្ទីសុខាភិបាលនានានៅប្រទេសអ៊ីរ៉ាក់ដែលជាប្រទេសជិតខាង។
អង្គការឃ្លាំមើលសិទ្ធមនុស្សប្រចាំប្រទេសស៊ីរីមានមូលដ្ឋាននៅចក្រភពអង់គ្លេសបាននិយាយថាហេតុការណ៍បំផ្ទុះនេះបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់៩នាក់។
ក្រុមភេរវកម្មរដ្ឋឥស្លាមបានអះអាងទទួលខុសត្រូវលើការវាយប្រហារបំផ្ទុះគ្រាប់បែកនៅភាគខាងជើងប្រទេសស៊ីរី។
កងកម្លាំងចម្រុះដឹកនាំដោយទាហានអាមេរិកបាននិយាយថា ខ្លួននៅកំពុងប្រមូលព័ត៌មានមកពីប្រភពនានាអំពីហេតុការណ៍បំផ្ទុះគ្រាប់បែកនេះ។ អ្នកនាំពាក្យកងកម្លាំងចម្រុះបានបង្ហោះសារនៅលើ Twitterថា«ទាហានអាមេរិកបានត្រូវសម្លាប់នៅអំឡុងហេតុការណ៍ផ្ទុះនេះ ខណៈពួកគេកំពុងយាមល្បាតនៅប្រទេសស៊ីរី។ យើងនៅប្រមូលព័ត៌មាននៅឡើយ ហើយយើងនឹងចែកចាយព័ត៌មានលម្អិតនៅពេលក្រោយ»។
សេតវិមានក៏បានទទួលដំណឹងអំពីការវាយប្រហារនេះដែរ។ លោកស្រី Sarah Sandersអ្នកនាំពាក្យសេតវិមានបាននិយាយថា«លោកប្រធានាធិបតីបានដឹងអំពីហេតុការណ៍ផ្ទុះនេះ ហើយយើងនឹងបន្តតាមដានពិនិត្យមើលស្ថានភាពបន្តបន្ទាប់ទៀតនៅក្នុងប្រទេសស៊ីរី»។
លោកប្រធានាធិបតី Donald Trump បានអំពាវនាវឲ្យដកកងកម្លាំងអាមេរិកចេញពីប្រទេសស៊ីរីកាលពីខែមុនដោយលោកបានអះអាងថារដ្ឋឥស្លាមបានត្រូវផ្តួលរំលំហើយ។ ទីបញ្ជាការប៉ង់តាហ្គូនកាលពីថ្ងៃសុក្របានបញ្ជាក់ថាខ្លួនបានចាប់ផ្តើមដកសម្ភារៈមួយចំនួនចេញពីប្រទេសស៊ីរី ដែលជាផ្នែកមួយនៃប្រតិបត្តិការដកកងទ័ព ប៉ុន្តែកងទ័ពអាមេរិកប្រមាណ២០០០នាក់នឹងបន្តស្នាក់នៅក្នុងប្រទេសស៊ីរីរហូតដល់មានការអនុញ្ញាតឲ្យពួកគេចាកចេញ៕