Peace Corps អាមេរិកាំង​ជួយ​បង្កើត​ភាពជឿជាក់​និង​​សេចក្តី​ក្លាហាន​របស់​ស្ត្រី​ខ្មែរ​​​ក្នុង​សង្គម

អ្នកស្រី Sheila Crowley ប្រធាន​ស្តីទី​របស់​ទីភ្នាក់ងារ Peace Corps ក្នុង​រដ្ឋធានី​ Washington ថ្លែង​ក្នុង​កម្មវិធី​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ កាលពី​យប់​ថ្ងៃ​ទី៧ មីនា ឆ្នាំ​២០១៨ នៅ​ឯ​គេហដ្ឋាន​របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា។ (កាន់ វិច្ឆិកា/VOA)

​​អ្នក​ស្ម័គ្រ​ចិត្ត​ជាស្រ្តី​នៅ​កម្ពុជា​ ​មកពី​ទីភ្នាក់ងារ ​Peace Corps​ ​អាមេរិកាំង​បាន​​​ធ្វើ​ជា​គំរូ​សម្រាប់​ស្រ្តី​វ័យ​ក្មេង​​ក្នុង​សហគមន៍​ដែល​ពួកគេ​បាន​ទៅ​ដល់​ ​តាម​រយៈ​ការ​បង្ហាញ​​ពីការងារ​ដែល​ពួកគេ​​កំពុង​ធ្វើ។

ខណៈ​អ្នកស្ម័គ្រ​ចិត្ត​ទីភ្នាក់ងារ​ ​Peace Corps​ ​ដែល​ជា​ជនជាតិ​អាមេរិកាំង​រាប់​រយ​នាក់​ ​កំពុង​ធ្វើការ​តាម​សហគមន៍​នានា​ក្នុង​ប្រទេសកម្ពុជា​ ​មាន​ការ​លើកឡើង​ថា​ ​អ្នក​ស្ម័គ្រចិត្ត​របស់​ទីភ្នាក់​ងារ​មួយ​នេះ​ ​ជា​ពិសេស​ស្រ្តី​ ​កំពុង​ជំរុញ​ឲ្យ​ស្រ្តី​ខ្មែរ​ក្នុង​សហគមន៍​ទាំង​នោះ​ ​កាន់តែ​មាន​ភាព​ក្លាហាន​ក្នុង​សង្គម។​

នេះ​បើ​តាម​ការ​អះអាង​របស់​ក្រុម​ស្រ្តី​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​កម្មវិធី​ស្ម័គ្រ​ចិត្ត ​Peace Corps​ ​នៅ​កម្ពុជា។​

​ក្នុង​កម្មវិធី​ប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ​ ​កាលពី​យប់​ថ្ងៃទី៧​ មីនា ​នៅ​ឯ​លំនៅស្ថាន​របស់​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា ​អ្នកស្រី​ ​Sheila Crowley​ ​ប្រធានស្តីទី​របស់ទី​ភ្នាក់ងារ​ ​Peace Corps​ ​ក្នុង​រដ្ឋធានី​ Washington​ ​ប្រាប់​អ្នកសារ​ព័ត៌មាន​ថា​ ​អ្នកស្ម័គ្រ​ចិត្ត​របស់​ Peace Corps ​មាន​ចំនួន​ជាង​៧ពាន់​នាក់ ក្នុង៦០​ប្រទេស​លើ​ពិភពលោក​ ​ក្នុង​នោះ​ ​៦៧​ភាគរយ​ជា​ស្រ្តី។​ ​អ្នកស្រី​បញ្ជាក់​ថា ​អ្នក​ស្ម័គ្រ​ចិត្ត​ជាស្រ្តី​នៅ​កម្ពុជា​ ​បាន​ធ្វើ​ជា​គំរូ​សម្រាប់​ស្រ្តី​វ័យ​ក្មេងក្នុង​សហគមន៍​ដែល​ពួកគេ​បាន​ទៅ​ដល់តាម​រយៈ​ការ​បង្ហាញពីការងារ​ដែល​ពួកគេ​បាន​និង​កំពុង​ធ្វើ។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖

«ស្រ្តី​ដែល​ស្ម័គ្រចិត្ត​ក្នុង​កម្មវិធី​ ​Peace Corps​ ​នៅ​កម្ពុជា ខ្ញុំ​គិត​ថា​ ​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន​សម្រាប់​ស្រ្តិ​វ័យ​ក្មេង​ក្នុង​សហគមន៍​របស់​ពួកគេ ​គឺ​ពួកគេ​អាច​ធ្វើជា​គំរូ ​ពួកគេ​អាច​ធ្វើ​ជា​អ្នក​ណែនាំ​ ​ពួក​គេ​អាច​ធ្វើ​ជា​គ្រូបង្រៀន។​ ​ដូច្នេះ​ ​ដោយសារ​ភាព​ជា​គំរូ​ ​ដោយសារ​ជំនាញ​ភាសា​របស់​ពួកគេ​ ​ដោយ​សារ​ជំនាញ​ទំនាក់​ទំនង​ ​ដោយសារ​មហិច្ឆតា​ ​ហើយ​នឹងការ​លើកទឹក​ចិត្ត​របស់​ពួក​គេ ខ្ញុំ​គិត​ថា​នេះ​គឺ​ជាគំរូ​សម្រាប់​នៅ​គ្រប់​ទីកន្លែង​ទាំង​អស់»។

ទីភ្នាក់ងារ​ ​Peace Corps​ ​បង្កើត​ឡើង​ក្នុង​គោល​បំណង​កសាង​សមត្ថភាព​របស់​មនុស្ស​ប្រុស​ ​ស្រី​ ​ក្នុង​ប្រទេស​ដែល​មាន​ការ​ពាក់ព័ន្ធ​នឹង​សហរដ្ឋអាមេរិក​ ​ហើយ​ជួយ​លើក​កម្ពស់​ការ​យល់​ដឹង​ពី​គ្នា​រវាង​សហ​រដ្ឋ​អាមេរិក​ ​និង​ប្រទេស​ដទៃទៀត​លើ​ពិភពលោក​ ​តាមរយៈ​ការ​បញ្ជូន​អ្នកស្ម័គ្រ​ចិត្ត​ដែល​ជា​ជនជាតិ​អាមេរិកាំង​ ​ចុះ​ធ្វើ​ការងារ​ដោយ​ស្ម័គ្រចិត្ត​ក្នុងសហគមន៏​ក្រីក្រ​ ​តាមបណ្តា​ប្រទេស​ទាំង​នោះ។​

​ទីភ្នាក់ងារ​ ​Peace Corps​ ​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៦១​ ដោយ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ​John F. Kennedy ដើម្បី​ជំរុញ​សន្តិភាព និង​មិត្តភាព​ក្នុង​ពិភពលោក។​

អ្នក​ស្ម័គ្រចិត្ត​របស់​ទីភ្នាក់ងារ​ ​Peace Corps​ ​ត្រូវ​ធ្វើការ​រយៈពេល​២ឆ្នាំ។​ ​ពួកគេ​ត្រូវ​បាន​បង្រៀន​ភាសា​របស់​ប្រទេស​ដែល​គេ​នឹង​ទៅ​ធ្វើ​ការងារ​ ​រៀន​ពី​បច្ចេកទេស​ផ្សេងៗ​ ​និង​វប្បធម៌​ ​យ៉ាងហោច​ណាស់​រយៈពេល​២ខែ​ ​មុន​នឹង​ពួកគេ​អាច​ធ្វើ​ដំណើរ​ទៅ​រស់នៅ​តាម​គេហដ្ឋាន​ដែល​បាន​កំណត់​ទុក។​ ​ការ​រស់​នៅ​ជាមួយ​ក្រុម​គ្រួសារ​ខ្មែរ​តាម​សហគមន៍​ ​នឹង​ជួយ​ឲ្យ​អ្នកស្ម័គ្រចិត្ត​ទាំង​នោះ​ស្វែង​យល់​ពី​វប្បធម៌​ ប្រពៃណី​ ​និង​រៀន​និយាយ​ភាសាខ្មែរ។​

កញ្ញា​ ​Megan Boundy​ ​អ្នកស្ម័គ្រចិត្ត​មួយ​រូប​មក​ពី​រដ្ឋមីនីសូតា​លើកឡើង​ថា​ ​កញ្ញា​កំពុងស្នាក់នៅ​ជាមួយ​គ្រួសារ​ខ្មែរ​ឯខេត្ត​កំពត​ ​ដោយ​ធ្វើជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​ក្នុងសហគមន៍នៅ​ទីនោះ​ អស់​រយៈពេល​១​ឆ្នាំ​កន្លះមក​ហើយ។​ ​កញ្ញា​បន្ត​ថា​ ​ក្មេងៗ​ដែល​ជា​សិស្ស​របស់​នាង​ ជាពិសេស​ក្មេងស្រី មាន​ការផ្លាស់ប្តូរ​យ៉ាងច្រើន ទាំង​ភាសា​អង់គ្លេស​ និង​ការ​ទំនាក់​ទំនង​ក្នុង​សង្គម​ បន្ទាប់ពី​ក្រុម​ស្ម័គ្រ​ចិត្ត​របស់​កញ្ញា​បាន​ទៅ​ដល់​សហគមន៍​នោះ។​

កញ្ញា Megan Boundy អ្នកស្ម័គ្រចិត្ត​មួយរូប​មក​ពី​រដ្ឋមីនីសូតា​ និងកំពុងស្នាក់នៅ និង​បង្រៀន​ក្នុង​ខេត្តកំពត​ ប្រាប់អ្នកសារព័ត៌មាន​ក្នុង​កម្មវិធីប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ កាលពីយប់ថ្ងៃទី៧ មីនា ឆ្នាំ​២០១៨ នៅឯលំនៅស្ថានរបស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម

អ្នកស្ម័គ្រ​ចិត្ត​វ័យ​២៧​ឆ្នាំ​រូបនេះ​បញ្ជាក់​ថា៖​

«ខ្ញុំ​គិត​ថា​វា​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ប្រទេស​កម្ពុជា​ ​ជាពិសេស​វា​ល្អ​សម្រាប់​សិស្ស​ ​និង​សម្រាប់​គ្រូ​ ​ដើម្បី​មើល​ឃើញ​ស្ត្រី​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ផ្តល់​សិទ្ធិ​អំណាច​ ​ដូច្នេះ​ពួកគេ​អាច​មាន​អារម្មណ៍​ថា​មាន​អំណាច។​ ​ខ្ញុំ​បាន​កត់សម្គាល់​ចាប់​តាំង​ពី​ខ្ញុំ​បាន​ចាប់ផ្តើម​បង្រៀន​នៅ​ទីនោះ​ ​សិស្ស​របស់​ខ្ញុំ​មាន​ទំនុកចិត្ត​ច្រើន​ក្នុង​ការបង្រៀន​ ​ព្រោះ​ពួកគេ​មើល​ខ្ញុំ​បង្រៀន​រៀង​រាល់​ថ្ងៃ»។​

អ្នក​ស្ម័គ្រចិត្ត​នៅ​តាម​ខេត្ត​នីមួយៗ​ ​ត្រូវ​ធ្វើ​ការ​តាម​ផ្នែក​ពីរ​ផ្សេង​គ្នា ​គឺ​ផ្នែក​អប់រំ​ភាសារ​អង់គ្លេស​ និង​ផ្នែក​អប់រំ​សុខភាព​ ដែល​ទើប​តែ​ចាប់ផ្តើម​កាល​ពី​ឆ្នាំ​២០០៩​ តាម​ការ​ស្នើ​របស់​ក្រសួង​សុខា​ភិបាល​កម្ពុជា។​ ​អ្នក​ស្ម័គ្រ​ចិត្ត​ផ្នែក​អប់រំ​ភាសារ​អង់គ្លេស​ត្រូវ​សហការ​ជាមួយ​គ្រូ​បង្រៀន​ជនជាតិ​ខ្មែរ ​ឬ​នាយក​សាលា​ ​ខណៈ​ដែល​អ្នក​ស្ម័គ្រ​ចិត្ត​ផ្នែក​អប់រំ​សុខភាព​ ​ត្រូវ​ចាប់ដៃ​គូ​ជាមួយ​ប្រធាន​មណ្ឌល​សុខភាព​ ឆ្មប​ ​ឬ​អ្នក​ស្ម័គ្រ​ចិត្ត​ភូមិ​ផ្សេងៗ។​

អ្នកស្រី តុប ធីតា នាយិកា​វិទ្យាល័យ​សម្តេច​ជា ស៊ីម អង្គជ័យ​នៅ​ខេត្ត​កំពត និយាយ​ជាមួយ​អ្នកសារព័ត៌មាន​ក្នុង​កម្មវិធី​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ កាលពី​យប់​ថ្ងៃទី៧ មីនា ឆ្នាំ​២០១៨ នៅ​ឯ​គេហដ្ឋាន​របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា។ (កាន់ វិច្ឆិកា/VOA)

អ្នកស្រី​ ​តុប ធីតា​ ​នាយិកា​វិទ្យាល័យ​សម្តេច​ជាស៊ីម​អង្គជ័យ​ ​នៅ​ខេត្ត​កំពត​ ​ដែល​បាន​ចូលរួម​ក្នុង​កម្ម​វិធី​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ដែរ​នោះ​ ​មាន​ប្រសាសន៍​ថា​ ​ស្រ្តី​ជា​ធនធាន​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​ ដែល​ចាំ​បាច់​ត្រូវ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ខ្ពស់។​ ​អ្នកស្រី​បន្ថែម​ថា​ ​អ្នកស្ម័គ្រ​ចិត្ត​ ​Peace Corps​ ​ជាពិសេស​អ្នកស្ម័គ្រ​ចិត្ត​ជាស្រ្តី​ ​ជា​ដៃគូ​ការងារ​របស់​អ្នកស្រី​ក្នុង​ការ​ជំរុញ​ ​និង​បង្កើន​ចំណេះ​ដឹង ព្រម​ទាំង​សមត្ថភាព​របស់​ស្រ្តី និង​ក្មេងស្រី​ក្នុង​សាលា​ ​ក៏​ដូចជា​សហគមន៍។​

អ្នកស្រី​បញ្ជាក់​ថា៖​

«អ្នកស្ម័គ្រ​ចិត្ត​ ​Peace Corps​ ​គឺជា​ដៃគូ​ដ៏​ល្អ​របស់​ខ្ញុំ ទាំង​ផ្នែក​ពង្រឹង​ភាសា​អង់​គ្លេស និង​វិធីសាស្រ្ត​បង្រៀន​ដល់​លោកគ្រូ​អ្នកគ្រូ​ ​យើង​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា និង​ការ​ធ្វើ​កិច្ច​ការងារ​ផ្សេងៗ។​ ដូច​ខ្ញុំ​បាន​រៀបរាប់​ហើយ​ថា​ការងារ​តួនាទី​ដឹកនាំ​របស់​ស្រ្តី​ ការងារ​ស្រ្តីនៅក្នុង​សហគមន៍​ ហើយ​និង​ការងារ​ស្រ្តីនៅ​ក្នុង​សង្គម»។​

សហរដ្ឋ​អាមេរិក​ ​ត្រូវ​បានគេចាត់​ទុក​ថា​ជា​ប្រទេសដែល​ពោរពេញ​ទៅ​ដោយ​លទ្ធិ​ប្រជាធិបតេយ្យ។ ចំណែកស្រ្តី​ដែល​រស់នៅ​សហរដ្ឋ​អាមេរិក​ភាគច្រើន​មាន​ភាព​ឯករាជ្យ​ជាងស្រ្តី​នៅ​ប្រទេស​កម្ពុជា។

អ្នកស្រី​ ​សុធី ហៃ​ ​ភរិយា​របស់​ឯកអគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ដែល​មាន​ដើម​កំណើត​ខ្មែរ លើក​ឡើង​ថា ស្រ្តី​ខ្មែរ​ជាទូទៅ​មាន​ភាព​ទន់ភ្លន់​ ​និង​ខ្មាស​អៀន​ច្រើន​ ​ជាពិសេស​កម្រ​នឹង​ចាកចេញ​ពី​ផ្ទះ​ដើម្បី​ស្វែង​រក​បទ​ពិសោធន៍​ថ្មីៗ។​ ​អ្នកស្រី​បន្ថែម​ថា​ ​សម្រាប់​ស្រ្តី​ជនជាតិ​អាមេរិកាំង​ ​ពួកគេ​មាន​ឯករាជ្យ​ភាព​ ​និង​ភាព​ក្លាហាន​ច្រើន​ជាង​ស្រ្តី​កម្ពុជា​ ដូច្នេះ​អ្នកស្រី​ថា​ អ្នកស្ម័គ្រចិត្ត​ ​Peace Corps ដែល​ជាស្រ្តី បាន​និង​កំពុងធ្វើ​ជា​គំរូ​ក្នុង​ការជំរុញ​ទឹកចិត្ត​ឲ្យ​ស្រ្តី​ខ្មែរកាន់​តែ​មាន​ភាព​ក្លាហាន។​

អ្នកស្រី សុធី ហៃ ភរិយារបស់​ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក​ប្រចាំកម្ពុជា ដែល​មាន​កំណើត​ខ្មែរ ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​កម្មវិធីប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ កាលពីយប់ថ្ងៃទី៧ មីនា ឆ្នាំ​២០១៨ នៅឯលំនៅស្ថានរបស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា។(កាន់ វិច្ឆិកា/VO

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​

«គាត់​ឃើញ​ស្រ្តីពី​ ​Peace Corps​ ​មក​ ​ហើយ​របៀប​គេ​ធ្វើការ​ ​ឬ​របៀប​គេ​បញ្ចេញ​មតិ ឬក៏​របៀប​គេ​មក​នៅ​តាម​ស្រុកស្រែ​ជាមួយ​យើង​បាន​ ​ហើយ​គេ​មក​ម្នាក់​ឯង​ ​ហើយ​គេ​ក្លាហាន​អញ្ចឹង​ ​ខ្ញុំ​ថា​នឹង​អាច​លើក​ទឹក​ចិត្ត​ឲ្យ​កូនស្រី​ខ្មែរ​នឹក​ឃើញ​ថា​ ​ថ្ងៃណាមួយ​ខ្ញុំ​ទៅ​ប្រទេស​ខ្មែរ​ម្នាក់​ឯងក៏​ខ្ញុំ​ធ្វើ​បាន​ ​ខ្ញុំ​ញ៉ាំ ម្ហូប​របស់​គេ​ក៏​ខ្ញុំធ្វើបាន​ ​គឺ​ថា​ឲ្យគាត់​មាន​ទឹក​ចិត្ត​ថាគាត់​ធ្វើ​បាន​ដូច​គ្នា»។

ចាប់​ផ្តើម​តាំង​ឆ្នាំ២០០៧​ ​រហូត​មក​ដល់​ឆ្នាំ​២០១៨​នេះ​ ​មានអ្នក​ស្ម័គ្រ​ចិត្ត​ ​Peace Corps​ ​ចំនួន​៥៨១​នាក់​ ​បាន​មក​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​តាម​សហគមន៍​នា​នា​ក្នុង​ប្រទេស​កម្ពុជា។​ ​ដោយ​ឡែក​នៅ​ក្នុង​ឆ្នាំ​ ​២០១៨​នេះ​ ​មានអ្នកស្ម័គ្រ​ចិត្ត​ទីភ្នាក់ងារ​របស់អាមេរិក​មួយ​នេះ​មាន​ចំនួន​១២៦​នាក់​ ​ក្នុងនោះ​មាន​ស្រ្តី​ប្រមាណ​ជា​៦០​ភាគរយ។​ ​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​មាន​អាយុ​ចាប់​ពី​២១​ឆ្នាំ​ ​ដល់​៦៣​ឆ្នាំ​ ​បាន​កំពុង​រស់នៅ​ ​និង​ធ្វើការ​ស្ម័គ្រ​ចិត្ត​នៅ​សហគមន៍​ ​តាម​ខេត្ត​ចំនួន​១៧​ទូទាំង​ប្រទេស​កម្ពុជា៕​