ក្រុម​សម្ពន្ធមិត្ត​នឹង​ពិភាក្សា​ទៅលើ​​​ជំនួយ​ការពារ​ជាតិ​ដែល​​អ៊ុយក្រែន​ត្រូវការ

រូបឯកសារ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin និយាយជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំអនឡាញនៃក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែននៅមន្ទីរបញ្ចកោណ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ក្នុងទីក្រុងវ៉ាស៊ីនតោន។

រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋអាមេរិក លោក Lloyd Austin នឹង​ដឹកនាំ​កិច្ចប្រជុំជាមួយ​សមភាគី​ការពារ​ជាតិ​របស់​លោក​ជា​ច្រើន​ប្រទេស​ មក​ពី​រដ្ឋ​ដែល​ជា​សមាជិក​របស់​អង្គការ​អូតង់​ និង​ប្រទេស​ផ្សេងៗទៀតនៅ​ជុំវិញ​ពិភពលោកនៅ​ថ្ងៃពុធ​នេះ​ ដើម្បី​ពិភាក្សា​គ្នាទៅ​លើ​កិច្ចប្រឹងប្រែង​ចុងក្រោយ​បង្អស់​ក្នុង​ការ​បង្កើន​ជំនួយ​យោធា​ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន​ ​នៅ​ចំពោះ​មុខ​នៃ​ការឈ្លានពានរបស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ដែល​មាន​រយៈពេល​ជិត៤ខែមក​ហើយនេះ។

កិច្ចប្រជុំ​នេះនឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្រៅជំនួបពិភាក្សា​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​អង្គការ​អូតង់​ នៅ​ទីស្នាក់ការ​ធំរបស់​ខ្លួន ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក។

កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អនឡាញ​នៃ​ក្រុម​ទំនាក់​ទំនងការពារ​ជាតិសម្រាប់​ប្រទេស​អ៊ុយក្រែនកាល​ពី​ខែ​មុន មាន​ការ​ចូលរួម​ពី​តំណាងជិត៥០​ប្រទេស និង​បាន​សន្យាផ្តល់កញ្ចប់​ជំនួយថ្មីមួយចំនួន​ដល់​ប្រទេស​អ៊ុយក្រែន។​ មន្ត្រី​អ៊ុយក្រែន​បាន​បន្តជំរុញ​ដល់​ដៃ​គូ​អន្តរជាតិឱ្យ​បញ្ជូនអាវុធ​បន្ថែមទៀត​មក​ឱ្យ​ខ្លួន​ ជាពិសេសកាំភ្លើង​ធំ ដើម្បី​ជួយ​ឱ្យ​កង​កម្លាំង​របស់​ខ្លួនអាច​មាន​អាវុធ​ប្រភេទ​នេះ​ ប្រហាក់​ប្រហែល​នឹង​រុស្ស៊ី​ដែរ។

មន្ត្រី​ការពារ​ជាតិ​អាមេរិក​មួយ​រូប​បាន​និយាយ​នៅ​មុន​កិច្ចប្រជុំ​ថ្ងៃ​ពុធ​នេះ​ថា៖​ «សំណួរ​គឺ​ថា តើ​អ្វី​ដែល​អ៊ុយក្រែន​ត្រូវ​ការ​ជាចាំបាច់​ ដើម្បី​បន្ត​នូវ​ជោគជ័យ​របស់ខ្លួន​ ដែល​បាន​កើត​មាន​ក្នុង​ពេលកន្លង​ទៅ​ ក្នុង​ការ​ពន្យារពេល​ការ​រុល​ទៅ​មុខ​និង​ទប់ស្កាត់នូវ​គោលបំណង​របស់​រុស្ស៊ី​ ដែលនេះ​ជា​ការ​ផ្តោត​ដ៏​សំខាន់របស់ក្រុម​រដ្ឋមន្ត្រី​ការពារ​ជាតិនៃ​ប្រទេស​ទាំង​នោះ»។

អគ្គ​លេខាធិការ​អង្គការ​អូតង់​ លោកJens Stoltenberg បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​ ប្រទេស​អ៊ុយក្រែន​ គួរ​មាន​អាវុធ​ធន់ធ្ងន់​បន្ថែម​ទៀត។ លោក​បន្ត​ទៀត​ថា​ កងកម្លាំង​អ៊ុយក្រែន​ពឹងផ្អែក​ទាំង​ស្រុងទៅ​លើ​អាវុធ​ទាំង​នោះ​ ដើម្បី​អាច​មាន​លទ្ធភាពទប់ទល់​ប្រឆាំង​នឹងការ​ឈ្លានពាន​ដ៏​សាហាវ​ព្រៃផ្សៃ​របស់​រុស្ស៊ី​បាន»។

កិច្ច​ប្រជុំនេះ​កើត​មាន​ឡើង​ ខណៈ​ពេល​ដែល​កង​កម្លាំង​រុស្ស៊ី​កំពុង​រុលទៅ​មុខ​ ដើម្បី​ដណ្តើម​គ្រប់គ្រង​ទាំង​ស្រុង​នូវ​ទីក្រុង​ឧស្សាហកម្ម Sievierodonetsk ​ដែល​ស្ថិត​នៅ​ភាគខាង​កើត​អ៊ុយក្រែន ក្នុង​តំបន់​ Donbas​ ដែលរុស្ស៊ីធ្លាប់​បាន​ប្រកាស​ថា ​ជា​កន្លែង​ដែល​ខ្លួនត្រូវផ្តោតជា​សំខាន់​នៅក្នុង​ប្រតិបត្តិការ​យោធា​ នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន៕

ព័ត៌មាន​មួយ​ចំនួន​នៅ​ក្នុង​សេចក្ដីរាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន Reuters ទីភ្នាក់ងារ​ព័ត៌មាន The Associated Press និង​ទីភ្នាក់ងារ​ព័ត៌មាន Agence France-Presse