ប្រធានាធិបតីតួកគី Recep Tayyip Erdogan បានប្រញាប់ប្រញាល់ចូលរួមក្នុងការថ្កោលទោសការវាយប្រហារដោយអាវុធគីមីកាលពីថ្ងៃសៅរ៍នៅក្នុងប្រទេសស៊ីរីដែលបានបណ្តាលឱ្យជនស៊ីវិលរាប់សិបនាក់ស្លាប់។ ក៏ប៉ុន្តែមិនដូចពួកសម្ព័ន្ធមិត្តបស្ចឹមប្រទេសជាច្រើនរបស់ប្រទេសតួកគីទេ លោក Erdogan មិនបានរិះគន់ជាសាធារណៈដល់រដ្ឋាភិបាលដែលជាអ្នកគាំទ្រសំខាន់ៗដល់របបគ្រប់គ្រងក្រុងដាម៉ាស់គឺរដ្ឋាភិបាលក្រុង Teheran និងរដ្ឋាភិបាលក្រុងមូស្គូទេ។
បើតាមរបាយការណ៍ក្នុងមូលដ្ឋានថា លោក Erdogan បាននិយាយតាមទូរសព្ទជាមួយលោក Vladimir Putin សមភាគីរុស្ស៊ីរបស់លោកកាលពីថ្ងៃចន្ទដោយលោកបានលើកឡើងអំពី «កង្វល់» ស្តីពីការវាយប្រហារកាលពីថ្ងៃសៅរ៍នៅក្នុងស្រុក Douma នៃតំបន់ Ghouta ខាងកើតដោយលោកបានគូសបញ្ជាក់អំពីសេចក្តីត្រូវការបញ្ចៀសកុំឱ្យមានជនស៊ីវិលបាត់បង់ជីវិត។ កាលពីថ្ងៃចន្ទ លោករដ្ឋមន្ត្រីការបរទេសរុស្សី Sergei Lavrov បាននិយាយអះអាងថាគ្មានភស្តុតាងអំពីការវាយប្រហារដោយអាវុធគីមីទេ។
នៅពេលដែលលោក Erdogan បានទប់ចិត្តមិនធ្វើការវាយប្រហារជាសាធារណៈលើរដ្ឋាភិបាលក្រុងមូស្គូ លោកបានរិះគន់ពួកសម្ព័ន្ធមិត្តបស្ចឹមប្រទេសរបស់លោកដោយចោទប្រកាន់ប្រទេសទាំងនេះថាមិនស្មោះត្រង់ក្នុងការថ្កោលទោសរដ្ឋាភិបាលក្រុងដាម៉ាស់អំពីការវាយប្រហារកាលពីថ្ងៃសៅរ៍។ ប្រទេសស៊ីរីបានបដិសេធថាខ្លួនមិនបានប្រើប្រាស់អាវុធគីមីក្នុងសង្គ្រាម៧ឆ្នាំនេះទេ ដោយមានរួមបញ្ចូលទាំងការវាយប្រហារកាលពីថ្ងៃសៅរ៍ដែលបានត្រូវសង្ស័យថាជាការវាយប្រហារដោយអាវុធគីមីផងដែរ។