ក្រុម​បាតុករ​ប្រឆាំង​​អាល់បានី​ដាក់​សម្ពាធ​លើ​ក្រុម​សង្គម​និយម​ដែល​កំពុង​គ្រប់គ្រង​ប្រទេស

បាតុករ​ព្យាយាម​រើ​របាំង​ការពារ​នៅ​ខាង​ក្រៅ​អគារ​រដ្ឋាភិបាល​ ក្នុង​ពេល​បាតុកម្ម​មួយ​នៅ​ក្នុង​ក្រុងទីរ៉ាណា (Tirana) ប្រទេស​អាល់បានី កាលពី​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩។

គណបក្ស​ជំទាស់​ក្នុង​ប្រទេស​អាល់បានី​បាន​អំពាវនាវ​ឲ្យ​មាន​បាតុកម្ម​ច្រើន​ថែម​ទៀត ដើម្បី​បន្ត​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល។ ​គណបក្ស​ជំទាស់​ប្រកាន់​នយោបាយ​កណ្តាល ប្រទេស​អាល់បានី ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​បន្ត​ទៀត​ ខណៈ​ដែល​ខ្លួន​បន្ត កិច្ចប្រឹង​ប្រែង​រយៈពេល​១ខែ ​ដើម្បី​បង្ខំ​ឲ្យ​មេដឹកនាំ​រដ្ឋាភិបាល​ដែល​ប្រកាន់​នយោបាយ​ឆ្វេង​និយម​លាលែង​ពីមុខ​តំណែង ​ហើយ​បង្ខំ​ឲ្យ​មាន​ការ​បោះឆ្នោត​ជ្រើស​រើស​សភា​ឲ្យ​បាន​ឆាប់។

គណបក្ស​ប្រជាធិបតេយ្យ​បាន​និយាយ ​បន្ទាប់​ពីកិច្ច​ប្រជុំ​នៃក្រុម​មេដឹកនាំ​របស់​ខ្លួន កាល​ពី​ថ្ងៃទី​១២ ​ខែ​ឧសភា​ថា​ ខ្លួន​នឹង​ធ្វើ​បាតុកម្ម​បន្ត​ទៀត​នៅថ្ងៃ​ទី១៣ ​ឧសភា។ ​ទង្វើ​នេះ​កើត​ឡើង ​បន្ទាប់​ពីមាន​ក្រុម​បាតុករ​រាប់ពាន់​នាក់​បាន​ប្រមូល​ផ្តុំគ្នា​កាលពី​ថ្ងៃទី​១១ នៅពី​មុខ​អគាររដ្ឋ ​Martyrs ​ក្នុង​រដ្ឋធានី​ទីរ៉ាណា (Tirana) ​ដែល​ស្ថិតនៅ​លើ​មហាវិថី ​Nation Boulevard ​នៅមុន​ពេល​ចល័ត​ទៅកាន់​កន្លែង​ផ្សេងៗ​ទៀត។

ក្រុម​បាតុករ​បាន​ចោល​ដុំភ្លើង ​គ្រឿងផ្ទុះ ​គ្រាប់​បែក​សាំង​ និង​ឧបករណ៍​ផ្សេងៗ​ទៀត ដាក់​ក្រុម​អាជ្ញាធរ​សន្តិសុខ​ ដែល​បាន​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក ​នៅពេល​ដែល​ហ្វូង​មនុស្ស​បាន​បំបែក​ខ្សែ​ការពារ​ប៉ូលិស​ ហើយ​ព្យាយាម​សម្រុក​ចូល​អគារ​រដ្ឋាភិបាល។ ក្រុម​បាតុករ​ក្រោយ​មក​មិន​បាន​ចូលទេ​ តែ​បន្ទាប់​មក​ពួកគេ​បាន​ប៉ះទង្គិចគ្នា​ជាមួយ​ប៉ូលិស​នៅ​ជិត​អគារ​រដ្ឋ​សភា៕