សាក្សីនៅតំបន់ Gedo ក្នុងប្រទេសសូម៉ាលី និយាយថា ក្រុម al-Shabab បានធ្វើការវាយប្រហារទៅលើមូលដ្ឋានយោធារបស់សហភាពអាហ្វ្រិកមួយកន្លែងទៅក្បែរក្រុង El-Adde ដែលមានចម្ងាយប្រមាណ ៦០គីឡូម៉ែត្រ ពីរដ្ឋធានី Garbaharrey នៃតំបន់នោះ។
ការវាយប្រហារនេះត្រូវបានគេជឿថាគឺជាការបោកគ្រាប់បែកអត្តឃាតកាលពីព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីមានការវាយប្រហារជាមួយនឹងកងកម្លាំងយោធារបស់ប្រទេស កេនយ៉ានៅមូលដ្ឋានយោធានោះ។
ក្រុម Al-Shabab បាននិយាយថា ខ្លួនបានដណ្តើមយកមូលដ្ឋានយោធា និងបានសម្លាប់កងកម្លាំងយោធារបស់សហភាពអាហ្វ្រិករាប់សិបនាក់ ប៉ុន្តែនៅមិនទាន់មានការបញ្ជាក់ពីបេសកកម្មរបស់សហភាពអាហ្វ្រិកនៅប្រទេសសូម៉ាលីនៅឡើយទេ។
ប្រជាជនដែលរស់នៅទីនោះបាននិយាយថា ក្រុម al-Shabab បានត្រួតត្រាក្រុងនោះ និងតំបន់ដែលនៅជុំវិញ ហើយក៏បានលើកទង់ជាតិរបស់ខ្លួនថែមទៀតផង។ អ្នករស់នៅទីនោះក៏បាននិយាយថា ក្រុមសកម្មប្រយុទ្ធបានរឹបអូសយកគ្រឿងសព្វាវុធលើយានយន្តរបស់កងយោធាទៀតផង។
ក្រុម Al-Shabab បានធ្វើការវាយប្រហារស្រដៀងគ្នានេះទៅលើមូលដ្ឋានយោធារបស់សហភាពអាហ្វ្រិកកាលពីឆ្នាំមុនក្នុងខែមិថុនា និងខែកញ្ញា ហើយកងកម្លាំងរក្សាសន្តិសុខរាប់សិបនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារទាំងនោះ៕