ក្រុមអាល់កៃដាបានប្រាប់ឲ្យដឹងថា Nasir al-Wuhayshi ជាអនុប្រធាននិងជាមេដឹកនាំសាខារបស់ខ្លួននៅក្នុងប្រទេសយ៉េម៉ែន ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់យន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន។
នៅក្នុងសេចក្តីថ្លែងការណ៍តាមកាសែតវីដេអូ ក្រុមនោះបាននិយាយថា ការវាយប្រហារកាលពីថ្ងៃសុក្រក្នុងទីក្រុងកំពង់ផែ Mukalla ភាគអាគ្នេយ៍ បានសម្លាប់ Wuhayshi ហើយនិងមនុស្សផ្សេងទៀត។ កាសែតវីដេអូនោះបានប្រាប់ឈ្មោះ Qassim al-Rimi ជាមេដឹកនាំ អាល់កៃដា ថ្មីនៅឧបទ្វីបអារ៉ាប់។
ក្រុមមន្រ្តីសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃយប់ថ្ងៃច័ន្ទថា ពួកគេកំពុងធ្វើការបញ្ជាក់ពីការស្លាប់របស់ Wuhayshi ហើយមិនបាននិយាយថា តើទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA ស្ថិតនៅពីក្រោយនៃការវាយប្រហាររបស់យន្តហោះគ្មានមនុស្សបើកនេះដែរឬទេ។
Wuhayshi ជាអនុប្រធានរបស់ Ayman al-Zawahiri ដែលជាប្រធានរបស់ក្រុមអាល់កៃដា ហើយកាលពីពេលមុនជាអ្នកជំនួយការរបស់ Osama bin Ladenអតីតមេដឹកនាំ អាល់កៃដា។ ជននោះបានក្លាយជាមេដឹកនាំអាល់កៃដានៅឧបទ្វីបអារ៉ាប់ (AQAP)ដែលសហរដ្ឋអាមេរិកចាត់ទុកជាសាខាដ៏គ្រោះថ្នាក់បំផុតរបស់ក្រុមអាល់កៃដា នៅឆ្នាំ២០០៩។
នៅក្រោមការបញ្ជាររបស់ Wuhayshi ក្រុមអាល់កៃដានៅឧបទ្វីបអារ៉ាប់បានរៀបចំផែនការវាយប្រហារសំខាន់ៗជាច្រើន រួមមានការប៉ុនប៉ងវាយប្រហារនៅថ្ងៃបុណ្យណូអែលឆ្នាំ២០០៩ ដើម្បីបំផ្ទុះយន្តហោះអាកាសចរណ៍សហរដ្ឋអាមេរិក។ នៅខែមករា ក្រុមនោះបានអះអាងទទួលខុសត្រូវដល់ការវាយប្រហារដ៏ប្រល័យទៅលើការិយាល័យរបស់ទស្សនាវដ្តីគំនូរត្លុកកំប្លែង Charlia Hebdo នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ សហរដ្ឋអាមេរិកបានផ្តល់រង្វាន់រហូតដល់១០លានដុល្លារចំពោះព័ត៌មាននាំឲ្យចាប់ខ្លួន Wuhayshi។
យុទ្ធនាការវាយប្រហាររបស់យន្តហោះគ្មានមនុស្សបើក Droneរបស់សហរដ្ឋអាមេរិកក្នុងរយៈពេល៦ឆ្នាំនេះ រួមមានការវាយប្រហារជាង១០០ដងនៅក្នុងប្រទេសយ៉េម៉ែនដែលដៅលើក្រុមជនសកម្មប្រយុទ្ធអាល់កៃដានៅឧបទ្វីបអារ៉ាប់។ គ្រាន់តែឆ្នាំនេះ ការវាយប្រហារតាមយន្តហោះគ្មានមនុស្សបើក Drone បានសម្លាប់ Ibrahim al-Rubaishដែលជាបព្វជិតកំពូល ហើយនិង Harith al-Nadhariមេបញ្ជាការកំពូលរបស់ក្រុមនោះ។
កម្មវិធីនោះមានការស្មុគ្រស្មាញកាន់តែខ្លាំងឡើងជាមួយក្រុមឧទ្ទាម Hothi ដែលបានបង្ខំឲ្យប្រធានាធិបតី Abd Rabu Mansour Hadi រត់គេចខ្លួនទៅកាន់ប្រទេសអារ៉ាប់ប៊ី សាអូឌីត។ ហើយក្រុមឧទ្ទាមនោះបានកាន់កាប់មូលដ្ឋានទ័ពអាកាស Al-Anad ដែលបានធ្វើជាទីកន្លែងស៊ើបការណ៍សម្ងាត់ដ៏សំខាន់សម្រាប់បុគ្គលិកសហរដ្ឋអាមេរិក ដែលបានធ្វើយុទ្ធនាការវាយប្រហារតាមយន្តហោះគ្មានមនុស្សបើក៕