ពួកជនសកម្មប្រយុទ្ធ al-Qaida បានត្រួតត្រាចំណតអាកាសយានដ៏សំខាន់មួយនៅក្នុងទីក្រុង Mukalla ភាគខាងត្បូងនៃប្រទេសយេម៉ែន ដែលនៅទីនោះពួកជនសកម្មប្រយុទ្ធបានរុលទៅមុខយ៉ាងខ្លាំងនៅដើមខែនេះ។
ក្រុមមន្រ្តីនិយាយថា ពួកអ្នកប្រយុទ្ធ al-Qaida បានប្រឈមការតស៊ូតិចតួចពីកងទ័ពកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងទីក្រុង Mukalla ដែលជាទីក្រុងកំពង់ផែមួយហើយនិងជារដ្ឋធានីដ៏ធំបំផុតរបស់ខេត្ត Hadramawt។
ស្ថានីយប្រេងឥន្ធនៈដ៏សំខាន់មួយក្នុងតំបន់ខាងត្បូងនៃប្រទេសយេម៉ែនក៏បានធ្លាក់នៅក្នុងការត្រួតត្រារបស់ពួកជនសកម្មប្រយុទ្ធដែរ។
នៅដើមខែនេះ ពួកអ្នកប្រយុទ្ធ al-Qaida បានកាន់កាប់បន្ទាយកងទ័ពយេម៉ែននៅក្នុងទីក្រុង Makalla។ ពួកគេក៏បានវាយសង្គ្រប់គុកមួយកន្លែងនៅក្នុងទីក្រុង ដោយបានដោះលែងពួកអ្នកទោសជិត៣រយនាក់។
ការប្រយុទ្ធដែលកំពុងបន្តមានឡើងរវាងក្រុមចម្រុះដែលដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីតនិងក្រុមឧទ្ទាម Houthi បានធ្វើឲ្យគ្មានអ្នកគ្រប់គ្រងនៅផ្នែកនានានៅក្នុងប្រទេស ជាពិសេសនៅតាមបណ្តោយឆ្នេរសមុទ្រខាងត្បូងដែលក្រុម al-Qaida កំពុងព្យាយាមត្រួតត្រាផ្នែកទាំងនោះ។
នៅក្នុងព័ត៌មានមួយទៀត បេសកជនរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសយេម៉ែននឹងលាលែងពីដំណែងរបស់លោកបន្ទាប់ពីចំណាយពេល៤ឆ្នាំដើម្បីព្យាយាមជួយប្រទេសនោះធ្វើផែនការអន្តរកាលដោយសន្តិវិធីដែលបានជាប់គាំងនៅពេលដែលស្ថានភាពបានធ្លាក់ចូលក្នុងវិបត្តិនិងជម្លោះហិង្សា៕