ទីភ្នាក់​ងារ​​បរិស្ថាន៖ ការ​បញ្ចេញ​សារធាតុ​ដោយ​យន្ត​ហោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព

រូបថតឯកសារ៖ យន្តហោះ​នៅឯ​ព្រលាន​យន្ត​ហោះ​ Roissy-Charles-De-Gaulle។ ក្រុម​អ្នក​ការពារ​បរិស្ថាន​ស្នើ​ឲ្យ​មាន​ច្បាប់​ដាក់​កម្រិត​លើ​​ការ​បញ្ចេញ​ឧស្ម័ន​ពី​យន្ត​ហោះ។

ទីភ្នាក់​ងារ​បរិស្ថាន​សហរដ្ឋ​អាមេរិក ​និយាយ​ថា ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​ម៉ាស៊ីន​យន្តហោះ​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​សុខភាព​សាធារណៈ ​ហើយ​បាន​ស្នើ​ឲ្យ​មាន​ការ​បង្កើត​ច្បាប់​ថ្មី​ដើម្បី​ដាក់​កម្រិត​លើ​យន្តហោះ​ទាំង​នោះ។ ​ច្បាប់​នោះ ​ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​បទ​បញ្ញត្តិដែល​ទី​ភ្នាក់​ងារ​បរិស្ថាន​បាន​ស្នើ​ឡើង​សម្រាប់​រថយន្ត​ហើយ​និង​រោងចក្រ​ថាមពល​ដែរ។

ការប្រកាស​នេះ ​ជា​គំនិត​ផ្តួច​ផ្តើម​ជា​បន្ត​បន្ទាប់​ថ្មី​ៗ​បំផុត​ពី​រដ្ឋបាល​របស់​លោក​អូបាម៉ា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ ​ហើយ​និង​ធ្វើ​ទៅតាម​ការ​សន្យារបស់លោក​ប្រធានា​ធិបតី​នៅ​ឯ​សន្និសីទ​កំពូលរបស់​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​ជឿន​លឿន​ទាំង​៧ (G7) ដើម្បី​បន្ត​កាត់​បន្ថយ​ការ​បញ្ចេញកាបោន​របស់​ទ្វីប​អាមេរិក។

ក្រុម​អ្នក​បរិស្ថាន​និយាយ​ថា ​ការ​ដាក់​កម្រិត​អាច​បង្ខំ​ឲ្យ​ក្រុម​ហ៊ុន​ផលិត​យន្តហោះ​បញ្ចូល​របៀប​ថ្មី ​ក៏ប៉ុន្តែ ​ពួក​អ្នក​ធ្វើ​ឧស្សាហកម្ម​យន្តហោះ​និយាយ​ថា ​ខ្លួន​កំពុងតែ​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ឡើង​ហើយ​ការ​បន្ថែម​លក្ខខណ្ឌ​នេះ​ ​អាច​បង្កើន​ការ​ចំណាយ។

ច្បាប់​ថ្មី​ស្តីពី​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ​នឹង​ត្រូវ​សរសេរ​ឡើងនៅ​ឆ្នាំ​២០១៦​ បន្ទាប់​ពីការ​ដាក់ឲ្យ​សាធារណជន​បញ្ចេញ​មតិយោបល់​អស់​មួយ​រយៈ​សិន។

យោងទៅ​តាម​ការ​ប៉ាន់​ស្មាន​ដោយ​គណៈ​កម្មការ​អឺរ៉ុប ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ជា​ទូទៅបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ក្នុងភាគ​រយដ៏​តិច​តួច​ នៅ​ក្នុង​សាកល​លោក ​ក៏ប៉ុន្តែ វា​ជា​ប្រភព​នៃ​ការ​កើន​ឡើង​ដ៏​ឆាប់​រហ័ស​នៃ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅ​ក្នុង​បរិយាកាស៕