ការធ្វើដំណើរតាមយន្តហោះនៅក្នុងស.រ.អា.បានធ្លាក់ចុះជាង៩៥ភាគរយកាលពីខែមេសា ពីព្រោះមនុស្សឋិតនៅក្នុងផ្ទះដោយសារមានកង្វល់អំពីការឆ្លងវីរុសកូរ៉ូណានៅក្នុងយន្តហោះឬនៅឯអាកាសយានដ្ឋាន។
នៅពេលនេះចំនួនមនុស្សធ្វើដំណើរតាមយន្តហោះនៅតែចុះថយប្រមាណ៧៥ភាគរយ។
លោក Joe Leader ជានាយកប្រតិបត្តិនៃសមាគមបទពិសោធន៍អ្នកដំណើរតាមអាកាសចរណ៍ហៅកាត់ថា APEX។ លោកបាននិយាយថា ការណ៍នេះបង្ហាញថា៖ «ការទុកចិត្តរបស់អ្នកដំណើរកើនច្រើនជាងមុននៅក្នុងស.រ.អា.»។
លោក Leader បាន ថ្លែងប្រាប់វីអូអេថា នៅពេលនេះក្នុងឆ្នាំនេះ មានការចុះថយចំនួនអ្នកដំណើរច្រើនដែរពីគឺចុះ«២លាន៥សែននាក់»។
ក្រុមហ៊ុនអាកាសចរណ៍បានកម្ចាត់មេរោគក្នុងយន្តហោះរបស់ពួកគេ អនុវត្តការនៅឃ្លាតពីគ្នា និងតម្រូវឱ្យពួកអ្នកដំណើរពាក់ម៉ាស់។
លោក Seth Kaplan អ្នកវិភាគខាងអាកាសចរណ៍បាននិយាយថា នៅពេលដែលក្រុមហ៊ុនអាកាសចរណ៍តម្រូវឱ្យមានការពាក់ម៉ាស់ មនុស្សក៏ចាប់ផ្តើមធ្វើដំណើរទៀត។
លោក Bill Lentsch ជាប្រធានផ្នែកបទពិសោធន៍អ្នកដំណើរតាមអាកាសនៃក្រុមហ៊ុនអាកាសចរណ៍ Delta។ លោកបាននិយាយប្រាប់វីអូអេថា ក្រុមហ៊ុនលោកដាក់អ្នកដំណើរក្នុងយន្តហោះមិនលើសពី៦០ភាគរយទេ។ ការធ្វើដូច្នេះទំនងជានឹងមានហួសពីដំណាច់ខែកញ្ញា ពីព្រោះ«ការធ្វើឱ្យមានគម្លាតរវាងអ្នកដំណើរធ្វើឱ្យមានភាពខុសគ្នា»ខាងសុវត្ថិភាព។
នៅឯអាកាសយានដ្ឋានអន្តរជាតិ Dulles នៅខាងក្រៅរដ្ឋធានីវ៉ាស៊ីនតោន លោក Francis Massaquoi បានធ្វើដំណើរពីក្រុង Chicago មកដល់ទីនោះតាមយន្តហោះក្រុមហ៊ុនអាកាសចរណ៍ United។ នេះជាលើកដំបូងហើយដែលលោកធ្វើដំណើរតាមយន្តហោះចាប់តាំងពីការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩បានចាប់ផ្តើមកាលពីខែមីនា ហើយលោកបានថ្លែងដែរថាលោករសាប់រសល់ក្នុងចិត្ត។ លោកបាននិយាយទៀតថា នៅពេលលោកចូលក្នុងយន្តហោះលោកមានអារម្មណ៍ថា មានសន្តិសុខជាងមុនដោយសារមនុស្សគ្រប់គ្នាពាក់ម៉ាស់។
កញ្ញា Sue Choi ជានិស្សិតច្បាប់ដែលធ្វើដំណើរទៅដល់អាកាសយានដ្ឋាន Dulles តាមយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ Korea Air។ កញ្ញាបាននិយាយថា៖ «បារម្ភបន្តិចបន្តួច។ ខ្ញុំធ្វើដំណើរនៅពេលនេះ ពីព្រោះខ្ញុំត្រូវធ្វើដំណើរជាដាច់ខាត ក៏ប៉ុន្តែខ្ញុំមិនស្រួលក្នុងចិត្តទេ»។
លោក Klapan ពន្យល់ថា ការធ្វើដំណើរខាងធុរកិច្ចបានបញ្ឈប់ ហើយមនុស្សភាគច្រើនទៅសួរសុខទុក្ខមិត្តភក្តិនិងញាតិសន្តាន។
មនុស្សដូចលោក Donald MacCormack អាយុ៧៩ឆ្នាំបានឋិតនៅឯអាកាសយានដ្ឋាន Dulles ដើម្បីធ្វើដំណើរទៅកាន់រដ្ឋ Texas បន្ទាប់ពីលោកបានមកសួរសុខទុក្ខកូនស្រីលោកក្នុងរដ្ឋ Virginia។ លោកបាននិយាយថា លោកក៏មិនស្រួលចិត្តក្នុងការធ្វើដំណើរតាមយន្តហោះដែរ។
លោក Donald MacCormack បាននិយាយថា៖ «ខ្ញុំមានអាល់កុលជូតកៅអីក្នុងយន្តហោះ»។
នៅពេលលោកហៀបធ្វើដំណើរទៅកាន់ក្រុង Houston លោកថា៖ «ខ្ញុំមានសំបុត្រសម្រាប់អង្គុយនៅកម្រិតទីមួយដើម្បីខ្ញុំអាចចូលនិងចេញពីយន្តហោះបានឆាប់រហ័ស»។
នៅពេលមនុស្សច្រើននាក់ថប់ចិត្តអំពីការធ្វើដំណើរតាមយន្តហោះ មនុស្សឯទៀតមានអារម្មណ៍ថា មានសុវត្ថិភាព។ លោក John Reagan ដែលធ្វើដំណើរដើម្បីទៅធ្វើការបាននិយាយថា កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនអាកាសចរណ៍ដើម្បីសម្អាតអ្វីគ្រប់គ្រប់យ៉ាងមិនឱ្យមានមេរោគ«ធ្វើឱ្យខ្ញុំមានការទុកចិត្តមួយកម្រិត»។
នៅពេលជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ខិតខំប្រឹងប្រែងទាក់ទាញសាធារណជនដោយធានាថា ការធ្វើដំណើរតាមយន្តហោះមានសុវត្ថិភាព។
អង្គការ Airlines for America ដែលជាក្រុមផ្តល់យោបល់មួយតំណាងក្រុមហ៊ុនអាកាសចរណ៍ធំៗក្នុងផ្នែកខាងជើងនៃទ្វីបអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនអាកាសចរណ៍ប្រើប្រាស់តម្រងបែប HEPA ដែលជួយឱ្យខ្យល់ក្នុងយន្តហោះមានគុណភាពល្អដូចកម្រិតក្នុងមន្ទីរពេទ្យដែរ»។
លោក Lentsch បាននិយាយថា លោករំពឹងថា វិធានការខាងសុវត្ថិភាពដែលក្រុមហ៊ុន Delta កំពុងធ្វើនឹងមានជាអចិន្ត្រៃយ៍។
លោក Leader យល់ស្របតាមការយល់ឃើញរបស់លោក Lentsch។
ប្រធានប្រតិបត្តិរូបនេះនៃសមាគម APEX បាននិយាយថា៖«ការសម្អាតនឹងក្លាយជាគោលការណ៍អនុវត្តក្នុងរយៈពេលយូរសម្រាប់ក្រុមហ៊ុនអាកាសចរណ៍»។
លោក Douglas Kidd ជាអ្នកបង្កើតសមាគមជាតិនៃក្រុមអ្នកដំណើរតាមយន្តហោះដែលជាក្រុមការពារផលប្រយោជន៍អ្នកដំណើរនៅជិតរដ្ឋធានីវ៉ាស៊ីនតោន។ លោកមានកង្វល់ថា ក្រុមហ៊ុនអាកាសចរណ៍ភាគច្រើននឹងវិលទៅកាន់«ការធ្វើធុរកិច្ចដូចធម្មតា»វិញក្នុងពេលឆាប់ៗនេះដោយមានរួមបញ្ចូលការដាក់អ្នកដំណើរពេញយន្តហោះ។
នេះជាការខ្វល់ខ្វាយសម្រាប់លោក John Nichols ដែលហៀបធ្វើដំណើរតាមយន្តហោះពីអាកាសយានដ្ឋាន Dulles ទៅកាន់ក្រុង Boston ដើម្បីចូលរូមក្នុងពិធីរៀបការមិត្តភក្តិម្នាក់។
លោកបាននិយាយថា៖ «ខ្ញុំបានធ្វើការប្រុងប្រយ័ត្នទាំងអស់ ហើយខ្ញុំអាចធ្វើបាន» ដោយមានរួមបញ្ចូលទាំងការធ្វើតេស្តវីរុសកូរ៉ូណាពីរបីថ្ងៃមុនលោកធ្វើដំណើរ។
សេចក្តីត្រូវការការធ្វើដំណើរតាមយន្តហោះថយចុះជាថ្មីទៀតដោយសាររដ្ឋខ្លះមានការរឹតត្បិតខាងការធ្វើដំណើរនិងពីព្រោះមានកំណើនអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប៉ែកខ្លះរបស់ស.រ.អា.។
អ្នកស្រី Jennifer Rockwell នៃក្រុង Alexandria រដ្ឋ Virginia បាននិយាយថា អ្នកស្រីមិនបានគ្រោងធ្វើដំណើរតាមយន្តហោះក្នុងពេលឆាប់ៗនេះទេ ជាពិសេសទៅរដ្ឋ California ជាកន្លែងមានការរាតត្បាតខ្លាំងនៅពេលបច្ចុប្បន្ននេះ។ ឪពុកម្តាយអ្នកស្រីរស់នៅក្នុងរដ្ឋនោះ។ អ្នកស្រីបានថ្លែងថា អ្នកស្រីគ្រោងនឹងផ្អាកការធ្វើដំណើររហូតដល់ពេលណាមានវ៉ាក់សាំងវីរុសកូរ៉ូណា។
អង្គការ Airlines for America ឲ្យដឹងថា មនុស្សនឹងនៅតែរារែកក្នុងការធ្វើដំណើររហូតដល់ពេលមាន«ការទុកចិត្តខ្លាំងថា វិបត្តិសុខភាពនេះចប់ហើយ»។
លោក Bill Lentsch ដែលជាប្រធានផ្នែកបទពិសោធន៍អ្នកដំណើរតាមអាកាសរបស់ក្រុមហ៊ុនអាកាសចរណ៍ Delta បាននិយាយថា ទោះណាជាមានវិធានការនេះហើយក៏ដោយក៏យ៉ាងហោចណាស់ពីរឆ្នាំទៀតទើបការធ្វើដំណើរតាមយន្តហោះនឹងមានភាពធម្មតាវិញ៕
ប្រែសម្រួលដោយលោកឈឹម សុមេធ