អ្នក​នេសាទ​និយាយ​ថា ​ជំនួយ​សង្គ្រោះ​រលក​យក្សស៊ូ​ណាមី​ជួយ​តែ​វិស័យ​ទេសចរណ៍

ផ្ទះដែល​បាក់បែក​ដោយ​សារ​រលក​យក្ស​ស៊ូណាមិ​កាល​ពីមួយ​​ទសវត្សរ៍​​មុន​​(រួបថតដោយ Steve Herman/VOA News)

ពី​ភូមិ​បានណាំខេម៖ នៅ​ពេល​ដែល​រលកយក្ស​ស៊ូ​ណាមីនៃមហាសមុទ្រ​ឥណ្ឌា​ បាន​បក់​បោក​នៅ​ឆ្នេរសមុទ្រ​ថៃកាល​ពី​១០​ឆ្នាំ​មុន ​ពិភពលោកបាន​ឃើញ​រូប​ភាពនៃ​រលក​ដ៏​ធំៗ​បាន​បក់​បោក​នៅកន្លែង​លំហែកាយ​នៅឆ្នេរសមុទ្រ​ដែល​មាន​ទស្សនីយ​ភាព​ដ៏​ល្អ​បំផុត។ក៏ប៉ុន្តែ ​នៅ​ក្នុង​តំបន់​ជន​បទ​ ​មហន្តរាយ​នេះ ​ក៏​បាន​សម្លាប់​កម្មករ​ចំណាក​ស្រុក​ដែល​គ្មាន​ក្រដាសស្នាមមកពី​ប្រទេស​ភូមា​ជាច្រើន​នាក់ដែរ។

អស់​រយៈ​ពេល​មួយ​ទសវត្សរ៍​ហើយចាប់​តាំង​ពី​រលក​យក្ស​ស៊ូ​ណាមីបាន​បំផ្លាញ​ភូមិ Ban Nam Khem ដែល​ជាភូមិ​នេសាទ​ថៃ។ក៏ប៉ុន្តែ ​និមិត្តរូប​នៃ​ថ្ងៃកំណាច​នេះ ​នៅតែ​មាន។

ថ្វី​បើរដ្ឋាភិបាល ​ស្ទុះ​ស្ទារ​ផ្តល់​ជំនួយ​ដល់តំបន់​ទេសចរណ៍​នេះ​ក៏ដោយ ​ការ​ជួយ​សង្គ្រោះ ​មាន​ការ​យឺតយ៉ាវ​សម្រាប់​ភូមិ​នានា​ដែលទទួល​រងគ្រោះ​យ៉ាង​ខ្លាំង​បំផុត​ដោយ​រលក​យក្ស​ស៊ូ​ណាមី នេះ ​រួមមាន​កម្មករ​នេសាទ​ជាតិ​ភូ​មា​ជា​ច្រើន​ដែល​មិន​បាន​ចុះ​ឈ្មោះ។

ដោយ​ការ​ភ័យ​ខ្លាច​ការ​ចាប់​ខ្លួន​និង​ការនិរទេស ​អ្នក​នៅ​រស់​រាន​មាន​ជី​វិត​ជា​ច្រើន​ បង្ខំ​ខ្លួន​ចាក​ចេញ​ពី​ការ​ងារ​ហើយបោះបង់​ចោល​ទ្រព្យ​សម្បតិ្តរបស់ខ្លួន មិន​អាច​ស្វះស្វែង​រក​ជំនួយ​ហើយ​នឹងមិន​អាច​ស្វែង​រក​សមាជិក​ក្រុម​គ្រួសារ​ដែល​បាន​បាត់​ខ្លួន។

សម្រាប់លោក Wanchai Jitchareon មេដឹកនាំ​សហគមន៍ ​ដែលឃើញ​ផ្ទាល់​នឹង​ភ្នែកពី​ការ​ធ្វើ​បាប​កម្ម​ករ បាន​ជំរុញ​លោកឲ្យ​ជួយ​ពួក​គេដើម្បី​ទាម​ទារ​ដី​ធ្លី​របស់​ខ្លួន​មក​វិញ​ហើយ​នឹងស្ថាបនាស​ហគមន៍​ឡើង​វិញ។

«មនុស្ស​ ​បាន​បង្ខំ​ខ្លួនឲ្យ​ចាក​ចេញបន្ទាប់​ពី​រលក​យក្ស​ស៊ូ​ណាមី​បាន​បំផ្លាញ​ផ្ទះនិង​ទ្រព្យសម្បត្តិ​របស់​ពួកគេ ​ដូច្នេះ ​មនុស្ស ​មមា​ញឹក​ខិតខំ​ដើម្បី​រស់។ពេលនោះ​ក្រុមហ៊ុន​ដី​ធ្លី​ថៃ ​បាន​ឆ្លៀតឱកាសចូលមកហើយ​បាន​ធ្វើ​របងនិង​ដាក់​ផ្លាក​ថា ​ហាម​ចូល​នៅ​ជុំវិញ​ដី​ដែល​មាន​ជម្លោះ​នោះ»។

​ថ្វី​បើ​មាន​ការ​និរទេស​កម្មករ​ចំណាក​ស្រុក​ជាង​២​ពាន់​៥រយ​នាក់ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែបន្ទាប់​ពី​រលក​យក្ស Tsunami ក៏ដោយ ឥឡូវនេះ ​មាន​កម្មករ​ចំណាក​ស្រុកកាន់​តែ​ច្រើន​ឡើង​នៅ​ក្នុង​ខេត្ត​ជាង​មុន​មហន្ត​រាយ​ទៀត​ ​ហើយឥឡូវនេះ ​ពួកគេ​ភាគ​ច្រើន ​បាន​ចុះ​ឈ្មោះត្រឹម​ត្រូវ​ហើយ​។

តាម​ប្រពៃ​ណី​ ​កម្មករ​ចំណាក​ស្រុក​ ​ធ្វើ​ការ​ងារណា​ដែល​ជា​ទូ​ទៅ​ជន​ជាតិ​ថៃ ​គេច​វេស​មិន​ចង់​ធ្វើ។ក៏ប៉ុន្តែ​នៅ​ក្នុង​ភូមិ Ban Nam Khem មាន​មូល​ហេតុ​ផ្សេង​ទៀតសម្រាប់​ការងារ​នេះ។

«នៅពេល​ដែល​ផ្ទះ ​បាន​ត្រូវ​ស្ថាបនា​ ពលរដ្ឋ​ថៃ ​មាន​ការ​ភ័យ​ខ្លាច​រស់​នៅ​ជិត​ទឹក។ពួកគេ ​បាន​រើ​ចេញ ​ហើយ​ពួកគេ ​បាន​អនុញ្ញាតិ​ឲ្យ​យើងជួល​ផ្ទះ​របស់​ពួក​គេ។បន្ទាប់​ពី​រលក​យក្ស​ស៊ូ​ណាមី យើង ​បាន​រស់​នៅ​ស្រួលបន្តិច​ក្នុង​សង្កាត់​ទាំង​នោះ»។

ថ្វីបើ​មាន​ការធ្វើ​តេស្ត DNA ​និង​ការ​ប្រមូល​ទិន្នន័យ​ដ៏​ធំ​ទូលាយពី​មនុស្ស​ស្លាប់​ក៏ដោយ នៅមានសាកសព​មនុស្ស​ចំនួន៤៩៥​នាក់ដែលនៅតែ​គ្មាន​អ្នកណា​មក​ទាម​ទារ​យក​នៅកន្លែង​បញ្ចុះ​សព​ក្នុង​មូលដ្ឋាន។

លោក Prapat Kongmeung ​បាន​បាត់បង់​សមាជិក​ក្រុម​គ្រួសារ​៦​នាក់ ​រួមមាន​កូន​ប្រុសអាយុ​៧​ឆ្នាំ​ម្នាក់​របស់​លោក ​ដែល​នៅ​តែ​បាត់​ខ្លួន។

បុរស​នេសាទម្នាក់ក្នុង​មូលដ្ឋាន ​និយាយ​ថា ​រដ្ឋាភិបាល​ ហាក់​ដូចជា​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ខ្លាំង​ឡើងអំពីឧស្សាហ៍កម្មទេសចរណ៍​ជាង​ការសម្គាល់​សាក​សព​របស់ពួក​អ្នក​ស្រុក។

«ខ្ញុំ ​មាន​អារម្មណ៍​ថា ​គេ ​បាន​ក្បត់​ខ្ញុំ ​ពីព្រោះ​តែ​ពួកគេ ​មិន​បាន​ជួយ​យើង​ច្រើន​ទេ។​យើងទាំងអស់ ​ជា​មនុស្ស​។​ហេតុ​អ្វីបាន​ជា​ពួកគេ ​ចាត់​ទុក​យើង​ខុស​ពី​គេ? ​ពួកគេ ​មិន​បាន​គាំទ្រ​យើង​ទេ​ហើយ​ពួកគេ ​បាន​យក​សាក​សពទាំងអស់​ទៅ​កាន់​ទី​ក្រុង Phuket ​ដើម្បី​ឲ្យ​ពួកគេ​បរទេស ​អាច​សម្គាល់សាក​សព​នោះ​បាន​យ៉ាង​ស្រួល»។

នៅពេល​ដែល ​ពាណិ​ជ្ជកម្ម​និង​ការ​អភិវឌ្ឍន៍ មាន​ដំណើរ​ការ​ឡើងវិញក្នុង​តំបន់​ឆ្នេរ​សមុទ្រ ​មនុស្ស​ជា​ច្រើន​ សង្ឃឹម​ថា ​មេរៀន​ជា​ច្រើន​ពី​អតីតកាល ​នឹង​មិន​ត្រូវ​បាន​គេ​បំភ្លេច​នៅ​ក្នុង​ពេល​ដ៏​លំបាក​នៅ​ថ្ងៃ​អនាគត៕

ប្រែ​សម្រួល​ដោយ ​ជឹង ​ប៉ូជីន