ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ឆ្នេរសមុទ្រ​ភាគឦសាន​ប្រទេស​ជប៉ុន​មាន​អ្នក​ស្លាប់​​ដោយ​រលក​ស៊ូណាមិ​ច្រើន​ហើយ​មាន​ការខូចខាត​រថយន្ត


រថយន្ដ​ខូច​ខាត​ដោយ​រលក​ស៊ូណាមី ដែល​បោក​បក់​ទៅ​លើ​រដ្ឋ​ Miyagi ក្រោយ​ពី​មាន​ការ​រញ្ជួយ​ផែន​ដី​មាន​កម្លាំង​៨,9 កាល​ពី​ថ្ងៃ​សុក្រ នៅ​ទីក្រុង​ Sendai ប្រទេស​ជប៉ុន នៅ​ថ្ងៃ​ទី​១៤​មិនា ឆ្នាំ​២០១១។​.

តំបន់​មួយ​ក្នុង​ចំណោមតំបន់​ទទួល​រងគ្រោះ​ខ្លាំង​ជាង​គេ​ ពី​ការ​រញ្ជួយ​ផែន​ដី​មាន​កម្លាំង​៨,៩ ​កាល​ពី​ថ្ងៃ​សុក្រ​ ហើយ​បង្កឱ្យ​មានរលក​ស៊ូណាមិ (tsunami) គឺរដ្ឋ​ មីយ៉ាជី (Miyagi) ស្ថិត​នៅ​ភាគ​ឦសាននៃ​ប្រទេស​ជប៉ុន។

ឧទ្ធម្ភាគចក្រយោធាហោះ​នៅ​ពី​លើ​ កំពុង​តែ​ពិនិត្យ​មើល​ (ថ្លឹង​ថ្លែង​មើល) ​ការខូច​ខាត​ ហើយ​នឹង​ស្វែង​រក​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ នៅ​តាម​ឆ្នេរ​សមុទ្រ​នៃ​ខេត្ដមីយ៉ាជី។ រហូត​មក​ទល់​ពេល​នេះ​ គេបាន​រក​ឃើញ​អ្នក​នៅ​រស់​រាន​មាន​ជីវិតជាង​១៥.០០០​នាក់​ហើយ។

ក៏​ប៉ុន្ដែ​ ពួក​គេ​កំពុង​តែ​រក​ឃើញ​មនុស្ស​ស្លាប់​កាន់​តែ​ច្រើន​ឡើងៗ។

កាល​ពី​ថ្ងៃ​ច័ន្ទ​ សព​ប្រមាណ​១.០០០នាក់​ត្រូវ​បាន​រក​ឃើញ​ នៅ​ស្រុក​ មីណាមី សាន់រីកុ (Minami Sanriku) ​នេះ​ ក្នុង​រដ្ឋ​មីយ៉ាជី។​ ស្រុក​ជា​កំពង់​ផែ​មួយ​នេះ​ នៅ​ក្នុង​ចំណោម​សហគមន៍​តាម​ឆ្នេរ​សមុទ្រ​មួយ​ចំនួន​ ដែល​ត្រូវ​បាន​រលក​ស៊ូណាមី​ហូរ​នាំ​យកទៅ​កាល​ពី​ថ្ងៃ​សុក្រ។

អាជ្ញាធរ​នគរបាល​រដ្ឋ​ មីយ៉ាជី​និយាយ​ថា មនុស្ស​ជាង​១.០០០​នាក់​ថែម​ទៀត​កំពុង​តែ​បាត់​ខ្លួន។

នៅ​ក្នុង​ទី​រួម​ខេត្ដ​ សេនដាយ​មាន​ការខូច​ខាតដោយ​កន្លែង​ៗ​ មក​ពី​ការរញ្ជួយ​ផែនដី​កាល​ពី​អាទិត្យ​មុន​ ដែល​ជាការរញ្ជួយ​ផែន​ដីធំ​ជាងគេ​មិន​ធ្លាប់​ បាន​កត់​ត្រា​ទុកនៅ​ក្នុង​ប្រទេស​ជប៉ុន។ ក៏​ប៉ុន្ដែ​ទំហំ​នៃ​ការបំផ្លាញ​ខូចខាត​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​រលក ស៊ូណាមិ​ដែល​កើតមាន​ជា​បន្ដ​មក​ទៀត។

នៅ​ឯ​កំពង់​ផែ​ធំ​មួយ​នៃ​ទីក្រុង​សេនដាយ​រថយន្ដ​តូច​ហើយនឹង​រថយន្ដ​ដឹក​ទំនិញ​ ត្រូវ​បាន​ បំផ្លាញកំទេច ​តាម​ដែល​លោក​អ្នក​អាច​ស្រម័យ​ឃើញ​៖ មាន​ខ្លះ​ត្រូវ​សំប៉ែត​ ខ្លះ​ត្រូវ​បាន​សង្កត់​ទាំង​ជំហរឲ្យមាន​ទំហំនៅ​ត្រឹម​តែ​មួយ​ភាគ​តូច​នៃ​ទំហំ​ដើម​របស់​វា​ប៉ុណ្ណោះ។ ខ្លះ​នៅ​ទល់​មុខ​គ្នា​ ហាក់​ដូច​ជា​វា​ជាប់​ទាក់​ទិន​នឹង​ការជល់​ទង្គិច​មុខ​គ្នា​យ៉ាង​ខ្លាំង។​ រថយន្ដ​ខ្លះ​ទៀត​នៅ​គរ​ត្រូត​លើ​គ្នា។

យុទ្ធជន​ជប៉ុន​ ដើរ​កាត់​តាម​ភក់​ហើយនឹង​បំណែក​បាក់​បែករាប់​ហិកតា ស្វែង​រក​សាកសព​មនុស្ស។​ ទិដ្ឋភាព​នេះ​ក៏​បាន​ទាក់​ទាញ​មនុស្ស​ដែល​ចង់​ដឹង​ចង់​ឃើញ​ដែរ​ហើយ​ថត​រូប​និង​អើតក្បាលមើល​ទៅ​ខាង​ក្នុង​រថយន្ដ​តូចៗ​ហើ​យ​នឹង​រថយន្ដដឹក​ទំនិញ​ដែល​បាក់​បែក​ខ្ទេច​ខ្ទី។ ​ខ្លះ​ទៀត​ជិះ​កង់​ ដែល​គេ​ឃើញ​ដាក់​ផ្ទុក​ប្រអប់​ក្រដាស់​ជូត​មុខ​ ហើយ​នឹង​ប្រអប់​ក្រដាស់​បង្គន់​ដែល​មិន​ត្រូវ​បាន​ខូច​ខាត​ ហើយ​ដែលជា​ការ​គួរ​ឲ្យ​ងឿង​ឆ្ងល់​ដែរ​ ដោយវា​នៅ​រាយ​ប៉ាយ​ពាស​ពេញ​កំពង់​ផែ​នោះ។

ផ្សែង​យ៉ាង​ខ្មៅ​ងងឹត​បន្ដ​បាញ់​ជា​រលកតទៅ​ទៀត​ ចេញ​ពី​អាគារ​មួយ​ចំនួន​នៅ​កំពង់​ផែ​នេះ៕

ប្រែ​សម្រួល​ដោយ​ កង ស៊ីវន

XS
SM
MD
LG