សហគមន៍​អ្នក​ស្រាវជ្រាវ​ជំងឺ​អេដស៍​កាន់ទុក្ខ​សហការី​ដែល​ជិះ​លើ​យន្តហោះ​ម៉ាឡេស៊ី MH17

គណៈប្រតិភូ​ធ្វើ​ការ​ស្មឹងស្មាធិ៍​រយៈ​ពេល​មួយ​នាទី​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​ស្តី​ជំងឺ​អេដស៍​នៅ​ទី​ក្រុង​​មែលប៊ន ប្រទេស​អូស្ត្រាលី​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្ដា ឆ្នាំ​២០១៤ ​ដើម្បី​កាន់​ទុក្ខ​សហការី​ដែល​បាន​ស្លាប់​នៅ​ក្នុង​យន្តហោះ​ម៉ាឡេស៊ី​ MH17 ដែល​ត្រូវ​បាញ់​ទម្លាក់។

សហគមន៍វេជ្ជសាស្ត្រ​អន្តរជាតិ​កំពុង​កាន់​មរណទុក្ខដល់​ការ​ស្លាប់​ជាបន្ទាន់នៃ​ពួក​អ្នកស្រាវជ្រាវ​និង​ពួក​អ្នក​ជំនាញការខាង​ជំងឺ​អេដស៍​១០០​នាក់​ដែល​បានធ្វើដំណើរ​ទៅ​កាន់​សន្និសីទ​កម្រិត​ខ្ពស់​មួយ​អំពី​ជំងឺ អេដស៍​ក្នុង​ប្រទេសអូស្ត្រាលី​។ ពួកអ្នកស្រាវជ្រាវ​និង​ពួក​អ្នកជំនាញការ​ខាង​អេដស៍ទាំងនេះ​ឋិត​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ដំណើរ​២៩៨នាក់​ដែល​ជិះ​ក្នុង​យន្តហោះ​មួយ​គ្រឿងនៃ​ក្រុម​ហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ដែល​បានធ្លាក់​ក្នុង​តំបន់​ខាងកើត​នៃ​ប្រទេស​អ៊ុយក្រែន​ដែលមាន​ចលាចល។ លោកនាយករដ្ឋមន្ត្រី​នៃ​ប្រទេស​អូស្ត្រាលី​បានបន្ទោស​កងកម្លាំង​លម្អៀង​ទៅ​ខាង​រុស្សី​ថា​បាន​បាញ់​ទម្លាក់អាកាសយាននោះ​។

ជន​ច្រើន​នាក់​ក្នុង​បណ្តា​ពួក​អ្នកដំណើរ​ដែល​ជិះ​ក្នុង​អាកាសយាននោះ​ពី​ក្រុង​ Amsterdam ទៅ​កាន់​ក្រុង​ Kuala Lumpur ជា​ពួក​អ្នកស្រាវជ្រាវ​និង​សកម្មជន​ខាងជំងឺ​អេដស៍​ល្បីឈ្មោះដែល​ធ្វើដំណើរ​ទៅ​ចូល​រួម​ក្នុង​សន្និសីទ​អេដស៍​ធំមួយ​ដែល​ចាប់ផ្តើមធ្វើនៅ​ក្រុង Melbourne ប្រទេស​អូស្ត្រាលីនៅ​ថ្ងៃ​ច័​ន្ទសប្តាហ៍​នេះ។

ការបាត់បង់ទាំង​នេះ​នឹង​ទំនង​ជានឹង​ធ្វើ​ឱ្យ​មាន​ភាព​ធ្ងន់ធ្ងរ​ថែម​ទៀត​លើ​ព្រឹត្តិការណ៍​ជា​សោកនាដកម្មរួច​ស្រេច​ហើយ​នេះ​ ដោយ​បាន​កម្ចាត់ពួក​អ្នក​ស្រាវជ្រាវ​នាំ​មុខ​ខ្លះៗចេញពី​ការ​តស៊ូ​ទូលំទូលាយប្រឆាំងនឹង​មេរោគ​ហ៊ីវ (HIV) និង​ ជំងឺ​អេដស៍ (AIDS)។​

មេដឹកនាំនៃ​ប្រទេសអូស្ត្រាលី បានបន្ទោស​ការ​ធ្លាក់​អាកាសយាន​ជា​សោកនាដកម្មនេះ​ទៅ​លើពួក​ទាមទារ​បំបែក​រដ្ឋ​លម្អៀង​ទៅ​ខាង​រុស្សី​ហើយ​បាននិយាយ​ថា​លោក​នឹង​កោះ​ហៅ​ឯកអគ្គរដ្ឋទូត​របស់​ប្រទេស​រុស្សី​ប្រចាំ​ប្រទេសអូស្ត្រាលីឱ្យ​មក​ពិភាក្សា​គ្នា​អំពី​បញ្ហា​នេះ។​

នេះ​ជា​ប្រសាសន៍​លោក​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ Tony Abbott ថ្លែង​ទៅ​កាន់​សភានៃ​ប្រទេស​អូស្ត្រាលី។

«លោកស្រី​ប្រធាន​សភា ថ្ងៃ​នេះ​ជា​ថ្ងៃ​សោកសៅ​មួយ​សម្រាប់​ប្រទេស​យើង​និង​ជា​ថ្ងៃ​សោកសៅ​មួយ​សម្រាប់​ពិភពលោកយើង។​អាកាសយាននៃ​ក្រុម​ហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ជើង​ហោះ​ហើរ​លេខ​ MH17 បានត្រូវ​បាញ់​ធ្លាក់​លើ​ផ្នែក​ខាងកើត​នៃ​ប្រទេស​អ៊ុយក្រែន​ ទំនង​ជា​ដោយពួក​ឧទ្ទាម​គាំទ្រ​ដោយ​រុស្សី​ហើយ​មនុស្ស​២៩៥​នាក់​បាន​ត្រូវ​សម្លាប់។ ​មាន​ជនជាតិអូស្ត្រាលីយ៉ាងតិច​ណាស់​២៧​នាក់​បានត្រូវ​សម្លាប់។​»

លោក​នាយករដ្ឋមន្ត្រីអូស្ត្រាលី​បានមានប្រសាសន៍​នៅ​មុន​ចំនួន​អ្នកដំណើរបានត្រូវពិនិត្យ​សើរើ​ជាថ្មី​ដោយ​មាន​រួមបញ្ចូល​ទាំង​កុមារ​បី​នាក់​ផង​ដែរ។​

លោក​ Danis Napthine នាយករដ្ឋមន្ត្រី​នៃ​រដ្ឋ Victoria ប្រទេស​អូស្ត្រាលី​ដែល​ក្រុង Melbourne ជាធានី​បានមាន​ប្រសាសន៍ថា​ពួក​មន្ត្រី​កំពុង​ស្វះស្វែង​រក​ព័ត៌មាន​អំពីអ្នក​ចូលរូម​ក្នុង​សន្និសីទ​នេះ​ប៉ុន្មាន​នាក់​ដែល​បាន​បាត់បង់ជិវិត​ក្នុង​គ្រោះថ្នាក់​អាកាសយាននោះ​ធ្លាក់។​

«មាន​តួលេខ​ប្លែកគ្នា​អំពី​ចំនួន​អ្នកដំណើរ​នៅ​ក្នុង​អាកាសយាន​នោះ​ដែល​ទៅ​ចូល​រួម​ក្នុង​សន្និសីទ​ អេដស៍​។ ​យើង​ដឹង​អំពី​ចំនួន​ពិត​ប្រាកដ​នៃ​ពួក​មនុស្សជាន់ខ្ពស់ដែល​ធ្វើដំណើរ​មកទីនេះ​ដែល​ជា​ពួកអ្នកស្រាវជ្រាវ​ ជា​អ្នកវិទ្យាសាស្ត្រ​ខាង​វេជ្ជសាស្ត្រ​ ជា​ពួក​វេជ្ជបណ្ឌិត​ ជា​ពួក​មនុស្សដែល​ឋិត​នៅជួរ​មុខ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជំងឺអេដស៍​ នៅ​ទូទាំង​ពិភពលោកដែល​ឋិត​នៅក្នុង​ការ​ប្រយុទ្ធ​នោះ។​ ដូច្នេះគេមិន​ទាន់​បានដឹង​នៅ​ទ្បើយ​ទេ​អំពី​ចំនួន​ពិត​ប្រាកដ​ ក៏​ប៉ុន្តែ​គ្មាន​ការ​សង្ស័យ​ទេ​ថា​មានចំនួន​ច្រើន​ក្រាស់ក្រែល។»

លោកស្រី​ Julie Bishop រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ អូស្ត្រាលី​បាន​មាន​ប្រសាសន៍​ថា​រដ្ឋាភិបាល​លោកស្រី​កំពុង​ស៊ើប​អង្កេត​អំពី​ព្រឹត្តិការណ៍​នេះហើយ។​

ពួក​ឧទ្ទាម​លម្អៀង​ទៅ​ខាង​រុស្សី​បាន​ទ្បោម​ព័ទ្ធ​តំបន់​ខាង​កើត​នៃ​ប្រទេសអ៊ុយក្រែន​ដែល​មាន​អ្នកស្រុក​និយាយ​ភាសា​រុស្សី​ជាច្រើន​ខែ​មកហើយ ហើយ​កាល​ពី​ខែ​មិថុនា​ពួក​ឧទ្ទាម​ទាំង​នេះបាន​បាញ់ទម្លាក់​យន្តហោះ​យោធា​អ៊ុយក្រែន​មួយ​គ្រឿងបណ្តាល ឱ្យ​មនុស្សទាំង​អស់៤៩​នាក់​នៅ​ក្នុង​អាកាសនោះស្លាប់ទាំង​អស់។

កាល​ពី​ថ្ងៃសុក្រ សមាគមអេដស៍​អន្តរជាតិ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ពួក​គេ​កំពុង​ស្វះស្វែង​រក​សចក្តី​ល្អិតល្អន់​អំពី​ថា​តើ​ការ​ធ្លាក់អាកាសយាន​នឹង​មាន​ផល​ប៉ះពាល់​បែប​ណា​លើ​សន្និសីទ​របស់​ពួក​គេ។​

ក៏​ប៉ុន្តែ​ ពូក​គេ​បាននិយាយ​បន្ថែម​ថា ជាការ​ទទួល​ស្គាល់​ដល់​ការ​ប្តេជ្ញា​ដ៏​ធំធេង​របស់​ពួក​សហសេវិក​ពួក​គេ​ក្នុង​ការ​ប្រយូទ្ធ​ប្រឆាំង​នឹង​ការ​រាតត្បាត​ដ៏​ប្រល័យ​នៃ​ជំងឺនេះ ការ​ប្រជុំ​សន្និសីទ​នេះ​នឹង​មាន​ធ្វើ​តាម​ការ​កំណត់៕

ប្រែ​សម្រួល​ដោយ ឈឹម សុមេធ