ក្រុម​ម្ចាស់​ជំនួយ​បារម្ភ​ពី​ស្ថានភាព​យ៉ាប់យឺន​សម្រាប់​មនុស្ស​រាប់​ពាន់​នាក់​ដែល​រត់គេច​ចេញ​ពី​អំពើ​ហិង្សា​ក្នុង​រដ្ឋ Rakhine

អ្នក​ភូមិ​បង់ក្លាដែស​គ្រប​សាកសព​របស់​ស្ត្រី និង​កូន​ក្មេង​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​ភូមិ Shah Porir Deep ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧។

ទីភ្នាក់ងារ​ជន​ភៀសខ្លួន​អន្តរជាតិ និង​ក្រុម​អ្នក​ធ្វើ​ការ​ខាង​ជួយ​សង្គ្រោះ​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស និង​ប្រទេស​មីយ៉ាន់ម៉ា​ខ្វល់ខ្វាយ​អំពី​ស្ថានភាព​ធ្ងន់ធ្ងរ​ឡើងៗ​សម្រាប់​មនុស្ស​រាប់ម៉ឺន​នាក់​ដែល​បាន​រត់គេច​ខ្លួន​ចេញ​ពី​អំពើ​ហិង្សា​ខាង​និកាយ​សាសនា​នៅ​ក្នុង​រដ្ឋ​ Rakhine នៃ​ប្រទេស​មីយ៉ាន់ម៉ា។​

អ្នកស្រី​ Vivian Tan នាយិកា​ផ្នែក​ព័ត៌មាន​ប្រចាំ​ទ្វីប​អាស៊ី​នៃ​ទីភ្នាក់ងារ​ជន​ភៀស​ខ្លួន​អ.ស.ប.​ស្ថិត​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស ហើយ​អ្នកស្រី​បាន​និយាយ​ប្រាប់​ផ្នែក​ផ្សាយ​ជា​ភាសា​មីយ៉ាន់ម៉ា​នៃ​ VOA ​ថា មាន​ការ​ខ្វះខាត​ទី​ជម្រក​សម្រាប់​មនុស្ស​ជាង​១ម៉ឺន៨ពាន់​នាក់​ដែល​បាន​រត់​គេច​ខ្លួន​ឆ្លង​កាត់​ព្រំដែន​ពី​ប្រទេស​មីយ៉ាន់ម៉ា។​

អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​ និង​ក្រុម​ផ្តល់​ជំនួយ​ឯ​ទៀតៗ​បាន​និយាយ​ប្រាប់​ផ្នែក​ផ្សាយ​ជា​ភាសា​បង់ក្លាដែស​នៃ​ VOA ថា​មាន​មនុស្ស​២ម៉ឺន​នាក់​ទៀត​បាន​ស្ថិត​នៅ​ខាង​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដោយ​សង្ឃឹម​ថា​ អាច​ចូល​ទៅ​ក្នុង​ប្រទេស​បង់ក្លាដែស​បាន។​ អ្នក​កាសែត​ VOA ម្នាក់​បាន​រាយការណ៍​ថា នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា នៅ​ក្នុង​សហគមន៍​ខ្លះ​មាន​ពួក​មនុស្ស​មិន​មាន​ផ្ទះ​សម្បែង​ក្នុង​ប្រទេស​ច្រើន​នាក់ ហើយ​ពួក​អ្នក​ធ្វើ​ការ​ខាង​ជួយ​សង្គ្រោះ​ព្រួយ​បារម្ភ​ថា​ការ​ខ្វះ​ខាត​សុវត្ថិភាព​ម្ហូបអាហារ ​និង​កន្លែង​អនាម័យ​ផ្ទាល់​ខ្លួន​អាច​នាំ​ឱ្យ​មាន​ការ​រាលដាល​ជំងឺ​ឆ្លង។ ​ប្រជារាស្ត្រ​បាន​ចាប់ផ្តើម​ចាកចេញ​ពី​ភូមិពួក​គេ​នៅ​ក្នុង​រដ្ឋ Rakhine កាល​ពី​ថ្ងៃ​ទី​២៥ខែ​តុលានៅ​ក្រោយ​ពួក​បះបោរ​កាន់​សាសនា​ឥស្លាម​មួយ​ក្រុម​បាន​បើក​ធ្វើការ​វាយប្រហារ​មួយ​ចំនួន​លើ​ប៉ូលិស។​ មាន​របាយការណ៍​ថា​អាជ្ញាធរ​សន្តិសុខ​មីយ៉ាន់ម៉ា​បាន​ឆ្លើយតប​ជាមួយ​ការ​ឆ្មក់វាយ​ប្រហារ​ដ៏​ឃោរឃៅ​លើ​ភូមិ Rohingya៕