អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានបញ្ជាក់ថា ក្បួនរថយន្តធំៗចំនួន ៤៦ គ្រឿង ដែលរៀបចំជាមួយអង្គការសប្បុរសធម៌ហ៊្សកដានី បានទៅដល់តំបន់ហ្កាហ្សា កាលពីថ្ងៃពុធម្សិលមិញ ដោយមានម្ហូបអាហារចំនួន ៧៥០ តោន។
ទីភ្នាក់ងារស្បៀងអាហារបាននិយាយថាវាជាលើកទី ១ ដែលក្បួនរថយន្តដឹកជំនួយដោយផ្ទាល់ពីប្រទេសហ៊្សកដានីបានទៅដល់តំបន់ហ្កាហ្សាចាប់តាំងពីថ្ងៃទី ៧ ខែតុលាមក។
អង្គការ WFP បានអំពាវនាវឱ្យមានការឈប់បាញ់គ្នាជាបន្ទាន់ ហើយនឹងបើកចំណុចឆ្លងកាត់ព្រំដែនទាំងអស់ទៅកាន់តំបន់ហ្កាហ្សា ដោយនិយាយថា ពលរដ្ឋចំនួនពាក់កណ្តាលឥឡូវនេះកំពុងដាច់ពោះអត់បាយ ដោយមានម្ហូបអាហារ ទឹកនិងតង់សម្រាប់ស្នាក់នៅតិចតួចបានទៅដល់កន្លែងនោះ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានពន្យារពេលការបោះឆ្នោតកាលពីថ្ងៃពុធម្សិលមិញ នៅក្នុងការស្វះស្វែង ដើម្បីបានទទួលការគាំទ្រពីសហរដ្ឋអាមេរិកលើសេចក្តីសម្រេចមួយដែលស្វះស្វែង ដើម្បីសម្របសម្រួលបង្កើនការផ្គត់ផ្គង់ជំនួយដល់តំបន់ហ្កាហ្សា។
ផែនការកាលពីដំបូងគ្រោងសម្រាប់ថ្ងៃចន្ទ ប៉ុន្តែការបោះឆ្នោតបានត្រូវពន្យារម្តងហើយម្តងទៀត នៅពេលដែលពួកអ្នកការទូតស្វះស្វែងសម្របសម្រួលភាសាដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអាចទទួលយកបាន។
ប្រទេសអេមីរ៉ាតអារ៉ាប់រួមដែលតំណាងឱ្យបណ្តាប្រទេសអារ៉ាប់នៅក្នុងក្រុមប្រឹក្សាដែលមានប្រទេសចំនួន ១៥ បានព្រាងសេចក្តីសម្រេច និងកំពុងដឹកនាំការចរចានេះ។
កាលពីយប់ថ្ងៃពុធ យន្តហោះចម្បាំងអ៊ីស្រាអែលបានធ្វើការវាយប្រហារនៅខាងក្នុងជ្រៅក្នុងប្រទេសលីបង់ ដោយបានវាយប្រហារតំបន់ដែលមានព្រៃនៅជិតទីក្រុង Bouslaya ដែលមានចម្ងាយជាង ២០ គីឡូម៉ែត្រពីព្រំដែន។ នេះបើតាមការបញ្ជាក់របស់បណ្តាញសារព័ត៌មានរដ្ឋលីបង់។
ការវាយប្រហារបានកើតមានឡើងបន្ទាប់ពីការប្រយុទ្ធរយៈពេលមួយថ្ងៃរវាងក្រុមសកម្មប្រយុទ្ធលីបង់ Hezbollah និងកងទ័ពអ៊ីស្រាអែល នៅតាមបណ្តោយព្រំដែនលីបង់និងអ៊ីស្រាអែល៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។