ភ្នាក់ងារអង្គការសហប្រជាជាតិបានឲ្យដឹងថា ស្ថានភាពអាក្រក់នៃផ្លូវថ្នល់និងអាកាសធាតុ បានធ្វើឲ្យមានការលំបាក ក្នុងការដឹកជញ្ជូនជំនួយចាំបាច់ ដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ ដែលកំពុងរស់នៅក្នុងតំបន់ដ៏តូចណែនតាន់តាប់ក្នុងប្រទេសបង់ក្លាដេស។
អង្គការទេសន្តរប្រវេសន៍អន្តរជាតិ ហៅកាត់ IOM (International Organization for Migration) បានរាយការណ៍ថា មានជនភៀសខ្លួនជនជាតិ រ៉ូហ៊ីងយ៉ាជាង ៨០០.០០០ នាក់ កំពុងរស់នៅក្នុងទីក្រុងកំពង់ផែ Cox's Bazar។ មានមនុស្សជាង ៦០០.០០០ នាក់ បានរត់គេចចេញពីប្រទេសមីយ៉ាន់ម៉ា ក្នុងអំឡុងពេល២ខែចុងក្រោយនេះ។ ជនជាតិរ៉ូហ៊ីងយ៉ាដទៃទៀតបានមកដល់ទីនោះ បន្ទាប់ពីអំពើហិង្សាបានផ្ទុះឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
អ្នកនាំពាក្យអង្គការ IOM លោក Joel Millman បាននិយាយថា ភាគច្រើននៃជនជាតិរ៉ូហ៊ីងយ៉ាដែលទើបតែមកដល់ថ្មី កំពុងរស់នៅបណ្ដោះអាសន្នក្នុងតង់ដ៏ណែនតាន់តាប់។ លោកបានឲ្យដឹងថា ភ្លៀងធ្លាក់ច្រើនខ្លាំង និងបញ្ហាដឹកជញ្ជូនផ្សេងៗទៀត កំពុងតែធ្វើឲ្យមានការលំបាកក្នុងការផ្គត់ផ្គង់សម្ភារៈនិងគ្រឿងជំនួយផ្សេងៗទៀត ដែលត្រូវបានដឹកតាមកប៉ាល់ទៅកាន់តំបន់ ដែលជនភៀសខ្លួនទាំងអស់នោះត្រូវការ។
លោកនិយាយថា ការសាងសង់ផ្លូវបន្ថែម ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានដូចជា ប្រព័ន្ធលូបង្ហូរទឹក និងជណ្ដើរ ត្រូវតែសាងសង់បន្ថែមទៀត ដើម្បីធានាថា ជនភៀសខ្លួនទាំងនោះ អាចទទួលបានសេវាទាំងនោះកាន់តែរហ័ស ហើយមានប្រសិទ្ធភាព។
លោកបានមានប្រសាសន៍ថា៖ «ឧទាហរណ៍ ទឹកប្រមាណ ៧៤១.០០០ លីត្រ ត្រូវបានដឹកជញ្ជូនតាមរថយន្តទៅកាន់ជំរំទាំងនោះ ដោយសារតែការទទួលបានទឹកនៅមានកំណត់ ជាពិសេសការដឹកជញ្ជូនទឹកឲ្យទៅដល់ទីកន្លែងផ្ទាល់... ការដឹកជញ្ជូនទឹកនេះ ត្រូវធ្វើឡើងតាមជម្រាលជើងភ្នំ ដើម្បីជញ្ជូនទៅកាន់កន្លែងមានមនុស្សចាស់ និងក្មេងៗ ដែលពួកគេមិនអាចទៅយកដោយខ្លួនឯងបាន»។
លោក Millman និយាយថា ជនភៀសខ្លួនទាំងនោះ បានមកដល់ជំរំដោយមានសម្ភារៈនិងរបស់របរជាប់ខ្លួនតិចតួច ឬក៏គ្មានទាល់តែសោះ។ លោកបន្ថែមថា ពួកគេគ្មានមធ្យោបាយដើម្បីសាងសង់លំនៅឋាន ដែលអាចរស់នៅបាន ឬអាចការពារខ្លួនពីអាកាសធាតុអាក្រក់នោះទេ។ លោកក៏បានបន្ថែមទៀតថា អង្គការ IOM បានផ្តល់សម្ភារៈចាំបាច់បឋមសម្រាប់ការរស់នៅ ដើម្បីជួយក្រុមគ្រួសារទាំងនោះ។
លោកបានលើកឡើងថា៖ «តម្រូវការថ្នាំពេទ្យនៅក្នុងជំរំ ត្រូវការខ្លាំងណាស់ ជាពិសេស ដោយសារជនភៀសខ្លួនជាច្រើននាក់ បានធ្វើដំណើរឆ្ងាយ ដើម្បីទៅដល់ប្រទេសបង់ក្លាដេស។ ហើយនៅតាមផ្លូវធ្វើដំណើរ មានមនុស្សជាច្រើននាក់បានរងអំពើបៀតបៀនលើរាងកាយ និងផ្លូវភេទ។ ហើយពួកគេ ឥឡូវកំពុងរស់នៅក្នុងជំរំ ដែលមានមនុស្សរស់នៅណែនតាន់តាប់ ដែលទីកន្លែងទាំងនោះមិនទាន់ត្រូវបានរៀបចំរួចរាល់ សម្រាប់ការស្នាក់នៅរបស់ជនភៀសខ្លួនលើសពី ៨០០.០០០នាក់»។
លោក Millman និយាយថា អង្គការ IOM បានរៀបចំមណ្ឌលផ្ដល់សេវាសុខភាពបឋម និងសង្គ្រោះបន្ទាន់ សម្រាប់អ្នកជំងឺ ៥៣.០០០ នាក់។ លោកថា សម្ភារៈក្នុងការផ្តល់សេវាបង្កើតកូន និងទីភ្នាក់ងារតាមដានស្ថិរភាពនៃស្ថានភាពសុខភាពរបស់អ្នកជំងឺ ត្រូវបានបង្កើតឡើង សម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលរស់នៅក្នុងជំរំ Kutupalong ដ៏ធំនោះ៕
ប្រែសម្រួលដោយ នូវ ពៅលក្ខិណា