នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានធ្វើទស្សនកិច្ចទៅកាន់សេតវិមានប្រធានាធិបតីអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីបញ្ចុះបញ្ចូលលោកប្រធានាធិបតី Donald Trump ឲ្យយល់អំពីចំណាប់អារម្មណ៍របស់ប្រទេសជប៉ុន នៅមុនកិច្ចប្រជុំជាប្រវត្តិសាស្ត្ររបស់លោក Trump ជាមួយនឹងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ចូលមកដល់នៅសប្ដាហ៍ក្រោយ។
មេដឹកនាំសហរដ្ឋអាមេរិក និងមេដឹកនាំជប៉ុនគ្រោងនឹងរៀបចំរយៈពេលពីរម៉ោងសម្រាប់ការពិភាក្សាគ្នា និងការធ្វើសន្និសីទសារព័ត៌មានរួមគ្នា។
មុនពេលចេញដំណើរទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក លោក Abe បាននិយាយថា រដ្ឋាភិបាលរបស់លោកចង់ឃើញដំណើរវិវឌ្ឍទៅមុខនៃការដាក់កំហិតលើកម្មវិធីនុយក្លេអ៊ែរ និងកិច្ចការគ្រាប់ផ្លោងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង ហើយលោកចង់ឲ្យលោក Trump ពិភាក្សាជាមួយនឹងលោក Kim Jong Un អំពីបញ្ហាជនជាតិជប៉ុនដែលត្រូវបានរដ្ឋាភិបាលកូរ៉េខាងជើងចាប់ពង្រត់កាលពីអំឡុងទសវត្សរ៍ ១៩៧០ និងទសវត្សរ៍ ១៩៨០។
លោក Abe ក៏ទំនងជាពិភាក្សាផងដែរអំពីការសម្រេចចិត្តនាពេលថ្មីៗនេះរបស់លោក Trump នៅក្នុងការយកពន្ធគយថ្មីលើការនាំចូលដែកថែប និងអាលុយមីញ៉ូមមកក្នុងសហរដ្ឋអាមេរិក។ សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដែលមានទាំងជប៉ុនផងដែរ បានប្រឆាំងទៅនឹងវិធានការនេះរបស់លោក Trump និងចង់ឲ្យសហរដ្ឋអាមេរិកលើកលែងការយកពន្ធគយថ្មីនេះ។
មេដឹកនាំផ្សេងទៀតនៅក្នុងតំបន់ក៏បានជះឥទ្ធិពលផងដែរទៅលើជំនួបរវាងលោក Trump និងលោក Kim Jong Un ដែលនឹងចូលមកដល់នៅក្នុងប្រទេសសិង្ហបុរីនៅថ្ងៃទី ១២ ខែមិថុនាខាងមុខនេះ។ មេដឹកនាំប្រទេសចិន និងមេដឹកនាំប្រទេសកូរ៉េខាងត្បូងបានជួបជាមួយនឹងលោក Kim Jong Un ពីរដងរួចមកហើយបន្ថែមទៅនឹងការប្រឹក្សាកន្លងមកជាមួយនឹងរដ្ឋបាលរបស់លោក Trump៕