នៅ​មុន​ជំនួប​កំពូល អាមេរិក​ថា ជំនួប​​ជាមួយ​កូរ៉េខាងជើង​​ប្រព្រឹត្ត​ទៅ​លឿន​ជាង​ការ​រំពឹង​ទុក

លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ ចាប់​ដៃ​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី Lee Hsien Loong នៅ​មុន​កិច្ចប្រជុំ​កំពូល​ជាមួយ​នឹង​លោក Kim Jong Un មេដឹកនាំ​កូរ៉េ​ខាង​ជើង កាលពី​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ក្នុង​ប្រទេស​សិង្ហបុរី។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នឹង​ចាកចេញ​ពី​ប្រទេស​សិង្ហបុរី​នៅ​យប់​ថ្ងៃ​អង្គារ បន្ទាប់​ពី​ជំនួប​កំពូល​របស់​លោក​ជាមួយ​នឹង​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បញ្ចប់។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​សេតវិមាន​កាល​ពី​ថ្ងៃ​ចន្ទ ដែល​បាន​បន្ថែម​ថា ជំនួប​រវាង​មន្ត្រី​អាមេរិក​និង​កូរ៉េខាងជើង​កំពុង​តែ​បន្ត ហើយ «ប្រព្រឹត្ត​ទៅ​លឿន​ជាង​ការ​រំពឹង​ទុក»។ ​

សេចក្តីថ្លែងការណ៍​មួយ​ពី​សេតវិមាន​បាន​ឲ្យ​ដឹង​ថា លោក ត្រាំ នឹង​ធ្វើ​ជំនួប​មួយ​ទល់​នឹង​មួយ​ជាមួយ​នឹង​លោក គីម នៅ​ព្រឹក​ថ្ងៃ​អង្គារ ដោយ​អនុញ្ញាត​ឲ្យ​តែ​អ្នក​បកប្រែ​នៅ​ជាមួយ​ប៉ុណ្ណោះ ហើយ​បន្ទាប់​ពី​ជំនួប​នោះ នឹង​មាន​អាហារ​ពេល​ថ្ងៃ​ត្រង់ និង​ជំនួប​ទ្វេភាគី​មួយ​ទៀត ដែល​នឹង​មាន​លោក Mike Pompeo រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក John Kelly នាយខុទ្ទកាល័យ​សេតវិមាន និង​លោក John Bolton ទីប្រឹក្សា​សន្តិសុខជាតិ​។ ​

បន្ទាប់​ពី​នោះ លោក​ប្រធានាធិបតី​អាមេរិក​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ មុន​ពេល​ដែល​លោក​ចាកចេញ​ពី​ប្រទេស​សិង្ហបុរី​នៅ​ពេល​យប់​ថ្ងៃ​អង្គារ​ក្នុង​ប្រទេស​សិង្ហបុរី។ ​

នៅ​មុន​ជំនួប​ដំបូង​បង្អស់​រវាង​ប្រធានាធិបតី​អាមេរិក​ដែល​កំពុង​កាន់​តំណែង​និង​មេដឹកនាំ​កូរ៉េខាងជើង មន្ត្រី​អាមេរិក​កំពុង​តែ​ព្យាយាម​ធ្វើ​ឲ្យ​លទ្ធផល​នៃ​កិច្ចព្រមព្រៀង​នៃ​ជំនួប​នេះ​អាច​ឈាន​ទៅ​បញ្ចប់ការគំរាមកំហែង​អាវុធ​នុយក្លេអ៊ែរ​និងកាំជ្រួច​មីស៊ីល​បាញ់​ឆ្លង​ទ្វីប​របស់​កូរ៉េខាងជើង។

លោក​រដ្ឋមន្ត្រី​ការបរទេស Pompeo បាន​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​ក្នុង​ប្រទេស​សិង្ហបុរី​កាល​ពី​ថ្ងៃ​ចន្ទ​ថា នឹង​មិន​មាន​កិច្ចព្រមព្រៀង​មិនគួរឲ្យ​ទុកចិត្ត​ដែល​បាន​កើត​ឡើង​រួចហើយរវាង​រដ្ឋបាល​អាមេរិក​មុនៗ​និង​កូរ៉េខាងជើង​កើតឡើង​ម្តង​ទៀត​នោះ​ទេ៕