នៅក្នុងសុន្ទរកថាមួយកាលពីយប់ថ្ងៃព្រហស្បតិ៍ នៅខាងក្រៅសាលប្រជុំឯករាជ្យក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania លោកប្រធានាធិបតីអាមេរិក Joe Biden បានព្រមានថាលទ្ធិប្រជាធិបតេយ្យនៅក្នុងសហរដ្ឋអាមេរិក កំពុងស្ថិតក្នុងការគំរាមកំហែងពីក្រុមសមាជិកគណបក្សសាធារណរដ្ឋ ដែលគាំទ្រអតីតប្រធានាធិបតីអាមេរិក លោក Donald Trump។
ដោយនៅសល់តែជាង២ខែមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដែលនឹងកំណត់ថា តើគណបក្សប្រជាធិបតេយ្យនៅតែរក្សាការគ្រប់គ្រងសភាអាមេរិកឬយ៉ាងណានោះ មេដឹកនាំគណបក្សនេះ គឺលោកប្រធានាធិបតី Joe Biden បានប្រាប់ក្រុមអ្នកគាំទ្ររាប់រយនាក់ថាលទ្ធិប្រជាធិបតេយ្យក្នុងសហរដ្ឋអាមេរិក កំពុង«ស្ថិតក្នុងហានិភ័យមួយ»។ លោកប្រធានាធិបតី Biden តាមធម្មតាជៀងវាងមិននិយាយឈ្មោះលោកអតីតប្រធានាធិបតី Donald Trump ដោយចំៗ ប៉ុន្តែក្នុងសុន្ទរកថាកាលពីយប់ថ្ងៃព្រហស្បតិ៍ លោកមិនបានជៀសវាងទេ។
លោក Biden និយាយថា៖ «លោក Donald Trump និងក្រុមសមាជិកគណបក្សសាធារណរដ្ឋ ដែលចង់ធ្វើឱ្យអាមេរិកាំងអស្ចារ្យឡើងវិញនោះ តំណាងឱ្យភាពជ្រុលនិយម ដែលគំរាមកំហែងដល់មូលដ្ឋានគ្រឹះនៃរបបសាធារណរដ្ឋរបស់យើង»។
នៅក្នុងសុន្ទរកថាដែលមានរយៈពេល២៤នាទី លោក Biden ក៏បានព្រមានផងដែរ អំពីការកើនឡើងនូវវោហារសាស្ត្រនយោបាយដ៏មានគ្រោះថ្នាក់។លោកថ្លែងថា៖ «ខ្ញុំចង់និយាយរឿងនេះដោយត្រង់ៗនិងងាយស្រួល គឺថាមិនត្រូវមានអំពើហិង្សានយោបាយនៅក្នុងប្រទេសអាមេរិកទេ។ គឺខ្លីតែប៉ុណ្ណឹង។ មិនត្រូវមាននោះទេ។
នៅមុនការថ្លែងសុន្ទរកថារបស់លោក Biden មេដឹកនាំសំឡេងភាគតិចខាងគណបក្សសាធារណរដ្ឋនៃរដ្ឋសភាអាមេរិក លោក Kevin McCarthy ដែលបានស្ថិតនៅក្នុងរដ្ឋ Pennsylvania ដែរនោះ បាននិយាយថា គឺលោក Biden នោះទេ ដែលជាអ្នកវាយប្រហារទៅលើលទ្ធិប្រជាធិបតេយ្យ ហើយថា គោលនយោបាយរបស់លោក Biden «បានធ្វើឱ្យដួងព្រលឹងរបស់អាមេរិករងរបួស»៕
លោក Biden ស្នើឱ្យពលរដ្ឋអាមេរិក ច្រានចោលភាពជ្រុលនិយម នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថ្លែងនៅខាងក្រៅអគារប្រវត្តិសាស្ត្រ Independence Hall ក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២។
វ៉ាស៊ីនតោន —