នៅយប់មុនកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃព្រហស្បតិ៍ លោក ប្រាក់ សុខុនរដ្ឋមន្ត្រីការបរទេសកម្ពុជា បានអំពាវនាវឱ្យអង្គការថ្នាក់តំបន់មួយនេះរួបរួមឯកភាពគ្នានៅចំពេលមានការខ្វែងគំនិតគ្នាមួយចំនួន រួមទាំងបញ្ហាអភិក្រមតំបន់ដើម្បីឆ្លើយតបនឹងវិបត្តិក្រោយរដ្ឋប្រហារនៅប្រទេសភូមា។
ថ្លែងប្រាប់ក្រុមសមភាគីអាស៊ាន និងអ្នកមុខអ្នកការនៅក្នុងពិធីទទួលភោជនាហារទទួលស្វាគមន៍គណៈប្រតិភូ លោក ប្រាក់ សុខុន បាននិយាយដោយមិនចំឈ្មោះដល់បញ្ហាមីយ៉ាន់ម៉ា ដោយបានបង្ហាញការសោកស្ដាយដែលក្រុមរដ្ឋមន្ត្រីនៃប្រទេសជាសមាជិកមកប្រជុំមិនជុំគ្នា។
លោក ប្រាក់ សុខុន បានប្រដូចអាស៊ានទៅនឹង«គ្រួសារ»មួយ។
«មិនមានក្ដីពិភាល់នោះទេ ដែលថា ជារឿយៗ យើងប្រហែលជាមានទស្សនៈយល់ឃើញខុសគ្នាលើបញ្ហាមួយចំនួន។ យ៉ាងណាក្ដី តើមានគ្រួសារណាដែលមិនមានបញ្ហាទាល់តែសោះនោះ?»
លោក ប្រាក់ សុខុន បានបន្ថែមថា៖
«អ្វីដែលខ្ញុំសោកស្ដាយបំផុតនោះគឺថា កាលៈទេសៈបច្ចុប្បន្នមិនបានអនុញ្ញាតឱ្យរដ្ឋមន្ត្រីទាំង១០[ប្រទេស]អាចអង្គុយជុំគ្នា និងពួតដៃគ្នាក្នុងការដោះស្រាយរាល់បញ្ហាប្រឈមដែលកើតឡើងចំពោះសហគមន៍របស់យើង»។
ប្រមុខការទូតកម្ពុជាថ្លែងអំពីបញ្ហាគ្រួសារអាស៊ាន និងការមិនជុំគ្នានេះក្រោយពេលអាស៊ានបានសម្រេចមិនអញ្ជើញរដ្ឋមន្ត្រីរបបសឹកភូមាលោក Wunna Maung Lwin ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានឡើយ បន្ទាប់ពីមានការមិនចុះសម្រុងគ្នាមួយប្រាវ ដោយរក្សាសមាសភាពតំណាងប្រទេសភូមាត្រឹមកម្រិតមន្ត្រីមិនមែននយោបាយប៉ុណ្ណោះ។
ឧត្ដមមន្ត្រីនៃក្រសួងការបរទេសភូមាដែលគ្រប់គ្រងដោយរបបសឹក បានចូលរួមកិច្ចប្រជុំឧត្ដមមន្ត្រីការបរទេសអាស៊ានកាលពីព្រឹកថ្ងៃពុធ តាមប្រព័ន្ធវីដេអូពីរដ្ឋធានីណៃពិដោ តែលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបញ្ជាក់ប្រាប់វីអូអេថា ឧត្ដមមន្ត្រីរូបនោះនឹងមិនចូលប្រជុំជំនួសរដ្ឋមន្ត្រីខ្លួនឡើយ នៅកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានថ្ងៃព្រហស្បតិ៍។
កម្ពុជា ដែលពីដំបូងប្រាថ្នាចង់ឱ្យលោក Wunna Maung Lwin ចូលរួមប្រជុំដែរនោះ បានសម្រេចចិត្តតាមយោបល់បណ្ដារដ្ឋជាសមាជិកផ្សេងទៀត រួមមាន ឥណ្ឌូណេស៊ី សិង្ហបុរី និងម៉ាឡេស៊ី ក្នុងការមិនឱ្យតំណាងរបបសឹកភូមារូបនេះចូលប្រជុំ ក្រោយហេតុផលមិនអនុវត្តតាមកិច្ចព្រមព្រៀង៥ចំណុចជាមួយអាស៊ាន ក្នុងការបន្ធូរបន្ថយភាពធ្ងន់ធ្ងរនៃស្ថានការណ៍ក្នុងប្រទេសខ្លួន។
រដ្ឋមន្ត្រីការបរទេសសិង្ហបុរី ហ្វីលីពីន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ឡាវ មានវត្តមានចូលរួមផ្ទាល់នៅភ្នំពេញ ខណៈវៀតណាម ព្រុយណេ ថៃ ចូលរួមតាមប្រព័ន្ធវីដេអូ។
លោក ប្រាក់ សុខុន ក៏ស្នើឱ្យបណ្ដារដ្ឋជាសមាជិកផ្សេងទៀតគាំទ្រខ្លួនក្នុងកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីនៅថ្ងៃស្អែក ក្នុងសណ្ឋាគារសូហ្វីតែលភូគីត្រា នៅរាជធានីភ្នំពេញផងដែរ។
«ហើយនៅថ្ងៃស្អែក ខ្ញុំសង្ឃឹមរំពឹងលើការគាំទ្រពេញលេញការយល់យោគ និងស្មារតីស្រុះស្រួលពីអស់លោកដើម្បីបង្កើត និងក៏ដូចជាស្វែងរកឱ្យឃើញការទម្លុះទម្លាយរកច្រកចេញខ្លះលើបញ្ហាប្រឈមបំផុតនានានៃតំបន់របស់យើង»។
នៅពេលលោក ប្រាក់ សុខុន ថ្លែងសុន្ទរកថាមកដល់ចំណុចខាងលើនេះវីដេអូដែលចែកចាយជាផ្លូវការដោយក្រុមការងាររៀបចំកិច្ចប្រជុំ បានប្ដូរពីថតលោកទៅថតមុខលោកSaifuddin Abdullah រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ដែលមានវត្តមាននៅពិធីនោះដែរ។
តាមរយៈទំព័រសារព័ត៌មាន លោក Saifuddin Abdullah ធ្លាប់បានរិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងវិធីរបស់លោកដោះស្រាយបញ្ហាភូមាក្នុងនាមជាប្រធានអាស៊ាន។ បន្ទាប់មកលោក Saifuddin Abdullah ត្រូវបានលោក ហ៊ុន សែន បរិហារវិញថា មានចរិត«ព្រហើន» និងមិនយល់ពីរបៀបរបបការទូត។
ក្នុងកិច្ចប្រជុំចង្អៀតនាថ្ងៃព្រហស្បតិ៍នេះ លោក ប្រាក់ សុខុន ត្រូវគេរំពឹងថា នឹងដឹកនាំសមភាគីអាស៊ានកំណត់របៀបវារៈគោលរបស់កម្ពុជាក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ រួមមានអ្វីដែលលោកបានហៅថា បញ្ហាប្រកួតប្រជែងគ្មានត្រាប្រណីនៃបណ្ដាប្រទេសមហាអំណាចជាដើម។
ពិធីជប់លៀងល្ងាចថ្ងៃពុធបានបន្តដោយមានការសម្ដែងសិល្បៈខ្មែរវង់ស្គរឆៃយ៉ាំ ភ្លេងបុរាណ របាំអប្សរាចម្រុះគ្នាលាន់រណ្ដំពេញបន្ទប់ Ball Room នៃសណ្ឋាគារសូហ្វីតែលភូគីត្រាខណៈការប្រជុំដ៏សំខាន់នៅថ្ងៃព្រហស្បតិ៍កំពុងរង់ចាំភ្ញៀវទាំងអស់៕