លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានព្រមានចាត់វិធានការផ្លូវច្បាប់លើគណបក្សនយោបាយណាដែលលោកមិនបញ្ចេញឈ្មោះថា បានវាយប្រហារគណបក្សប្រជាជនកម្ពុជា។
បើតាមលោកនាយករដ្ឋមន្ត្រី គណបក្សប្រឆាំងអាចឃោសនា ឬក៏បញ្ជ្រាបពីគោលនយោបាយរបស់ខ្លួនទៅកាន់ប្រជាពលរដ្ឋបាន ប៉ុន្តែលោកហាមមិនឱ្យមានការប្រើប្រាស់វោហាស័ព្ទនយោបាយវាយប្រហារគណបក្សដទៃ។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «ខ្ញុំសូមដាស់តឿនអ្នក បើសិនជាអ្នកបន្ត យើងខ្ញុំនឹងប្រើសិទ្ធិការពារខ្លួនក្នុងករណីចាំបាច់តាមរយៈផ្លូវច្បាប់។ ខ្ញុំគ្រាន់តែព្រមាន និងដាស់តឿនអ្នកឱ្យអ្នកបានយល់។ អ្នកប្រជុំនៅសៀមរាប តើអ្នកបានធ្វើអ្វី? អ្នកប្រជុំប៉ុន្មានថ្ងៃនៅខេត្តកំពង់ចាមយើងនេះ នៅជើងព្រៃ។ អ្នកត្រូវយល់ឱ្យច្បាស់ មិនមែនអ្វីៗត្រូវតែធ្វើតាមចិត្តអ្នកទេ»។
ការថ្លែងរបស់លោក ហ៊ុន សែន បែបនេះធ្វើឡើងនៅក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកគុណភាព កំណាត់ផ្លូវជាតិលេខ៧ ពីស្គន់ទៅក្រុងកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នៅក្នុងខេត្តកំពង់ចាម។
លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាឱ្យមេធាវីរបស់គណបក្សប្រជាជនកម្ពុជានៅទូទាំងខេត្ត និងរាជធានីត្រៀមជើងព្រួលជាស្រេចដើម្បីតាមដាន និងពិនិត្យទៅលើពាក្យសម្តីរបស់គណបក្សណាដែលវាយប្រហារគណបក្សប្រជាជនកម្ពុជា ខណៈលោកថា ការនិយាយអាក្រក់ពីគណបក្សដទៃមិនមែនជាការបញ្ចេញមតិឡើយ។
លោកថ្លែងថា៖ «ហើយអ្នកគិតថា អីឡើងអាងតុលាការ ខ្ញុំចង់សួរអ្នកទៅវិញថា ជម្រើសមានតែពីរទេ។ មួយគឺប្រើផ្លូវច្បាប់ មួយទៀតគឺប្រើដំបងហ្មង។ តើអ្នកយកមួយណា ពីរហ្នឹង? អាហ្នឹងអ្នកនិយាយឱ្យច្បាស់។ ខ្ញុំសូមព្រមានចំពោះអ្នក។ ពួកខ្ញុំនេះមិនទុកឱ្យពួកអ្នកចោទថាជាចោរមួយជីវិតទេ។ ខ្ញុំសូមជម្រាបជូនត្រូវតែបញ្ចប់វប្បធម៌ឡាំប៉ាក្រោយការបោះឆ្នោត»។
អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា នៅក្នុងសង្គមប្រជាធិបតេយ្យ ការប្រកួតប្រជែងគោលនយោបាយរបស់គណបក្សនយោបាយនីមួយៗជារឿងសំខាន់ដើម្បីទាក់ទាញទឹកចិត្តរបស់ប្រជាពលរដ្ឋ ខណៈថា ការប្រើពាក្យពេចន៍ជេរប្រទេចគ្នាមិនមែនជាវិធីដែលគណបក្សនីមួយៗត្រូវធ្វើឡើយ។
ទោះជាយ៉ាងណា បើតាមអនុប្រធានគណបក្សរូបនេះ គណបក្សនីមួយៗក៏មានសិទ្ធិនៅក្នុងការរិះគន់ភាពឆកល្វែងរបស់គណបក្សនយោបាយដទៃ ជាពិសេសគណបក្សកាន់អំណាច។
លោកថ្លែងថា៖ «ប៉ុន្តែយើងត្រូវដឹងដែរថា ក្នុងស្ថានភាពនៃការប្រកួតប្រជែងនៃប្រទេសជាច្រើន គឺគេមានសិទ្ធិគ្រប់គ្រាន់ក្នុងការរិះគន់គណបក្សមួយដើម្បីឱ្យពលរដ្ឋឃើញអំពីកំហុសឆ្គងនៃគណបក្សមួយ ហើយមកប្រៀបធៀបនឹងគណបក្សគេ»។
លោក សុន ឆ័យ អះអាងថា ការព្រមានរបស់លោកនាយករដ្ឋមន្ត្រីជាការរឹតត្បិតសិទ្ធិសេរីភាពរបស់គណបក្សនយោបាយនីមួយៗ ព្រមទាំងសេរីភាពរបស់បុគ្គលផងដែរ។
លោក សុន ឆ័យ ជំរុញឱ្យគណបក្សនយោបាយមានការសហការគ្នា យោគយល់និងអធ្យាស្រ័យនារវាងគ្នា និងគ្នាដើម្បីផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិ។
លោកបញ្ជាក់ថា៖ «ដើម្បីយើងបង្កបរិកាសល្អជាមួយគ្នានៅក្នុងបរិបទនៃការប្រព្រឹត្តទៅនៃនយោបាយនៅក្នុងប្រទេសកម្ពុជាយើង។ ការមិនសប្បាយចិត្តណាមួយគួរតែគណបក្សប្រជាជន និងគណបក្សភ្លើងទៀននេះសហការគ្នា មានការជួបគ្នាពិគ្រោះ ហើយប្តូរយោបល់គ្នា»។
លោកនាយករដ្ឋមន្ត្រី នៅថ្ងៃចន្ទនេះ ក៏បានព្រមានលោក គង់ គាំ អ្នកនយោបាយជើងចាស់មួយរូប ដែលបច្ចុប្បន្នជាទីប្រឹក្សាគណបក្សភ្លើងទៀន កុំឱ្យរិះគន់រូបលោក ក៏ដូចជាវាយប្រហារគណបក្សកាន់អំណាចផងដែរ។
លោក គង់ គាំ ទីប្រឹក្សារបស់គណបក្សភ្លើងទៀន ប្រាប់វីអូអេថា លោកមិនយល់ថា ការព្រមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាការរឹតត្បិតសិទ្ធិសេរីភាពឡើយ ខណៈលោកចាត់ទុកថា នេះជាការធម្មតាដោយសារវាជាការដាស់តឿនមួយ។
លោកបញ្ជាក់ថា៖ «ខ្ញុំឃើញគាត់ប្រតិកម្មតែរបៀបនេះជាហូរហែហើយចំពោះតែនរណា ហើយហាក់ដូចជាគាត់មានបន្ទាត់ គន្លង និងរបៀបមិនចង់ឱ្យរិះគន់ វាយប្រហារគ្នា។ គាត់យល់ថាប្រជាធិបតេយ្យគឺថា ទំនិញនរណា អ្នកនោះអួតមុខទំនិញរបស់ខ្លួនទៅ ហើយគាត់អួតទំនិញរបស់គាត់ទៅ កុំបង្អាប់បង្អោនគ្នា»។
ប្រធានវេទិកា The Thinker Cambodia លោក វណ្ណ ប៊ុនណា ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ការរិះគន់គ្នារវាងគណបក្សនយោបាយមិនមែនជារឿងចម្លែកឡើយនៅក្នុងសង្គមប្រជាធិបតេយ្យ ដោយហេតុថា វាជាការបង្ហាញសាធារណជនក៏ដូចជាគណបក្សកាន់អំណាចឱ្យឃើញពីចំណុចឆកល្វែងរបស់ខ្លួន ហើយធ្វើការកែតម្រូវ និងដើម្បីទាញយកប្រជាប្រិយភាពពីប្រជាពលរដ្ឋ។
ទោះជាយ៉ាងណា លោកសង្កេតឃើញថា នៅក្នុងនយោបាយកម្ពុជា ការរិះគន់របស់គណបក្សនយោបាយចំពោះគ្នាភាគច្រើនជាការរិះគន់ទៅលើបុគ្គល និងគ្រួសារជាជាងរិះគន់ទៅលើគោលនយោបាយ ឬក៏ភាពអសកម្មផ្សេងៗក្នុងន័យដើម្បីស្ថាបនា ដែលលោកថា ការរិះគន់បែបនេះនាំឱ្យមានការចងគំនុំ និងហិង្សាចំពោះគ្នានិងគ្នា។
លោកថ្លែងថា៖ «ដោយសារការរិះគន់បែបក្រុមគ្រួសារ ក៏ដូចជាបុគ្គលវាធ្វើឱ្យបែកបាក់ជាតិកាន់តែខ្លាំង ហើយវាចងគំនុំគ្នាផងដែរ។ អ៊ីចឹងទេ គណបក្សក្រៅរដ្ឋាភិបាលគួរតែរិះគន់នៅក្នុងន័យស្ថាបនា ហើយរិះគន់ទៅលើគោលនយោបាយ។ ណាមួយវិញទៀតគណបក្សកាន់អំណាចក៏មិនគួរចាប់ចង ឬក៏ធ្វើទុក្ខបុកម្នេញដល់គណបក្សក្រៅរដ្ឋាភិបាលដែរ ដោយសារនៅក្នុងទិដ្ឋភាពនយោបាយ រឿងរិះគន់ជារឿងធម្មតា»។
នៅថ្ងៃចន្ទនេះ លោក ហ៊ុន សែន ក៏បានទម្លាយដែរថា លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន បានសុំណាត់ជួបលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់លោក ខណៈថា លោក ហ៊ុន ម៉ាណែត ដែលជាអនាគតបេក្ខជននាយករដ្ឋមន្ត្រីបានប្រាប់លោក ថាច់ សេដ្ឋា នៅក្នុងជំនួបនោះថា កុំឱ្យសមាជិករបស់គណបក្សភ្លើងទៀនប្រព្រឹត្តខុសច្បាប់៕