ម្ចាស់​ហាង​លក់​សៀវភៅ​សង្កេត​ឃើញ​មាន​ការ​ធ្លាក់​ចុះ​ចំនួន​សិស្ស​ទិញ​សៀវភៅ​ទុក​ចម្លង​ពេល​ប្រឡង

  • ឡេង ស្រីនិច

សៀវភៅ​ដែល​ត្រូវ​បាន​ដាក់​លក់​នៅក្នុង​ហាង​លក់​សៀវភៅ​បាក់ទូក​ក្នុង​ទីក្រុង​ភ្នំពេញ។ (រូបថត៖ ឡេង​ ស្រីនិច/VOA)

ចាប់​តាំង​ពី​ឆ្នាំ​មុន​មក​ រាជ​រដ្ឋាភិបាល​បាន​ចាត់​វិធាន​ការ​ បង្រ្កាប​លើ​ការ​លួច​ចម្លង​នៅ​ពេល​ប្រឡង​ ដែល​​​រដ្ឋមន្ត្រី​ក្រសួង​អប់​រំ លោក​ ហង់​ ជួន​ណារ៉ុន​ បាន​និយាយ​ថា​ នឹង​បន្ត​ធ្វើ​ការ​រឹត​បន្តឹង​នៅ​ឆ្នាំ​នេះ​ទៀត​។

នៅ​អំឡុង​ពេល​នេះ ហាង​និង​តូប​លក់​សៀវ​ភៅ​មួយ​ចំនួនក្បែរ​វិទ្យាល័យបាក់​ទូក គួរ​តែ​មាន​ភាពមមា​ញឹក​ក្នុង​ការ​លក់​ដូរ តែ​នៅ​ឆ្នាំនេះ ខុសពី​ឆ្នាំ​មុនៗ។

ជា​ធម្មតា ខែ​សីហា​គឺ​ជា​ខែ​មួយ​ដែល​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ ប្រព្រឹត្ត​ធ្វើ​ឡើង​ ហើយ​វា​ក៏​ជា​ពេល​មួយ​ដែលហាង​និង​តូប​លក់​សៀវ​ភៅ អាច​ធ្វើ​អាជីវកម្ម​បាន​យ៉ាង​ល្អ​ ដោយ​សារសិស្សមួយ​ចំនួន​ធំ បាន​នាំ​គ្នា​មក​ថត​ចម្លង​សំណៅ​ឯកសារ​ប្រឡង។ ក៏​ប៉ុន្តែ​ ចាប់​តាំង​ពី​ឆ្នាំ​មុន​មក​ រាជ​រដ្ឋាភិបាល​បាន​ចាត់​វិធាន​ការ​ បង្រ្កាប​លើ​ការ​លួច​ចម្លង​នៅ​ពេល​ប្រឡង​ ដែល​រដ្ឋមន្ត្រី​ក្រសួង​អប់​រំ លោក​ ហង់​ ជួន​ណារ៉ុន​ បាន​និយាយ​ថា​ នឹង​បន្ត​ធ្វើ​ការ​រឹត​បន្តឹង​នៅ​ឆ្នាំ​នេះ​ទៀត​។

ម្ចាស់​ហាង​លក់​សៀវភៅ​បាក់​ទូក ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា​ប្រុស​បាន​បា្រប់​VOAថា មុខ​ជំនួញ​នោះ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ លោក​បន្ត​ថា ឆ្នាំ​មុន​ សិស្ស​មួយ​ចំនួន​ធំ​នៅ​តែ​នាំ​គ្នា​មក​ថត​ចម្លង​ឯក​សារ​ប្រឡង​ដោយ​សារ​ពួក​គេ​យល់​ថា​ពួកគេ​នៅ​តែ​អាច​លួច​ចម្លង​បាន​ បើ​ទោះ​បី​ជា​មាន​ការ​ព្រមាន និង​សេចក្តី​ប្រកាស​ថា ការ​ប្រឡង​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​គ្មា​ន​ការ​លួច​ចម្លង​ក៏​ដោយ។

នៅ​ពេល​វិស្សមកាល សិស្ស​មួយ​ចំនួន​ដែល​មក​ពី​ខេត្ត​ បាន​នាំ​គ្នាមក​ទី​ក្រុង​ភ្នំពេញ​ដើម្បី​រៀន​គួរ​បន្ថែម​ត្រៀម​ប្រឡង ក៏​ប៉ុន្តែ​សិស្ស​មួយ​ចំនួន ក៏​បាន​យក​ឱកាស​នោះ​ដើម្បី​មក​ទិញ​សំណៅ​ឯកសារ ឬ ព្រី​យ៉ុង​ ដើម្បី​ទុកមើល​និងចែក​រំលែក​ដល់​មិត្ត​ភក្តិ​របស់​គេ​ផងដែរ។

ម្ចាស់​ហាង​លក់​សៀវភៅ​បាក់​ទូក ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា​ប្រុស ថ្លែងថា៖

«កាល​ពី​ឆ្នាំ​មុន​ មួយ​សប្តាហ៍មុន​ពេល​ប្រឡង​ គេ​ក៏​នៅ​ឃើញ​មាន​សិស្ស​មួយ​ចំនួន​ដែល​មក​ពី​ខេត្ត​នៅ​មិន​ទាន់​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ​នៅ​ឡើយ។ ពួក​គេ​សង្ឃឹម​ថា​ក្រដាស​ឯកសារ​និង​វិញ្ញាសា​ទាំង​នោះ​អាច​ដូច​គ្នា​ទៅ​នឹង​វិញ្ញាសា​ពេល​ប្រឡង​ ហើយ​ ពួក​គេ​នឹង​អាច​លួច​មើ​ល​បាន»។

ការ​បង្ក្រាប​ការ​លួចចម្លង​ឆ្នាំ​មុន ហាក់​មានប្រសិទ្ធិ​ភាព​ ហើយ​ សំណៅឯកសារ​ដែល​មាន​លក់​ គ្រាន់​តែ​ជា​ក្រដាស​ក្លែង​ក្លាយ​តែ​ប៉ុណ្ណោះ។ មាន​តែ​ប្រហែល​ជា​២៥​ភាគរយ​នៃ​បេក្ខជន​ប្រឡង​ដែល​បាន​ប្រឡង​ជាប់​ ខណៈពេល​ដែល​ឆ្នាំ​មុន​ៗ​ សិស្ស​ដែល​ប្រឡង​ជាប់​មាន​ប្រហែល​ជា​៨០​ភាគរយ​។

សុខ​ ឡូត​ ម្ចាស់​ហាង​ថត​ចម្លង​ ឈ្មោះ​ លាង​ ហេង​ ព្រីន​ ស្កេន​ និង​ថត​ចម្លង​បាន​និយាយថា៖

«ខុស​ពី​ឆ្នាំ​មុន​ៗ​ ឆ្នាំ​នេះសិស្ស​តិច​នាក់​ណាស់​ដែល​មក​ថត​ចម្លង​ឯក​សារ​ទុក​មើល ហើយ​ មកដល់​ពេល​នេះ​ ​សិស្ស​មួយ​ចំនួនបាន​ត្រលប់​ទៅ​ខេត្ត​វិញ​ទៅ​ហើយ(​ដោយ​គ្មាន​សំណៅ​ឯកសារ​ទៅ​ជា​មួយ​) ហើយ​មួយ​ចំនួន​ទៀត​នឹង​ទៅ​នៅ​ថ្ងៃ​អង្គារ៍​នេះ​ហើយ​ ព្រោះ​ថា​ ការ​ប្រឡង​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ»។

បេក្ខជន​ចំនួន​៨៨,០០០​នាក់ នឹង​ធ្វើការ​ប្រឡងនៅ​ថ្ងៃ​ចន្ទ​និង​ថ្ងៃ​អង្គារ៍​នេះ​ នៅ​ ១៤៩​មណ្ឌល​ប្រឡង​ដែល​ក្នុងនោះ​ ១០,០០០​នាក់​នៃ​ពួក​គេ​ជា​សិស្ស​ដែល​ប្រឡង​ធ្លាក់​ពី​ឆ្នាំ​មុន។ ដោយ​សារ​តែ​មាន​ការ​កែទម្រង់​រឹត​បន្តឹង​លើ​ការប្រឡង​ សិស្សទាំង​នោះ​ បាន​នាំ​គ្នា​ខិត​ខំ​រៀន​ជាង​មុន​។

មិត ម៉េង​ ជា​សិស្ស​នៃ​វិទ្យាល័យ​ស្រី​សន្ធរ និង​កំពុង​ឈរ​ទិញ​សៀវ​ភៅ បាន​និយាយ​ថា៖

«ខ្ញុំ​នឹង​ប្តេជ្ញា​ចិត្ត​មិន​លួច​ចម្លង​ ហើយ​ ខ្ញុំ​គិត​ថា ការ​លួច​ចម្លង​នៅ​ពេល​ប្រឡង​នឹង​មិន​អាច​ធ្វើ​ទៅ​រួច​នោះ​ដែរ​។​ ខ្ញុំ​មក​ទី​នេះ​ដើម្បី​តែ​ទិញ​សៀវ​ភៅ​ខ្លះ​ដើម្បី​ទុក​អាន​បន្ថែម​មុន​ពេល​ប្រឡង​តែ​ប៉ុណ្ណោះ មិន​មែន​ទុក​លួច​មើល​នោះ​ទេ»។

ស្រដៀង​គ្នា​នោះ​ដែរ​ សុង​ ចាន់​ដារិទ្ធិ បាន​ដែល​កំពុង​ឈរ​ទិញ​សៀវភៅ​សម្រាប់​ទុក​អាន​បន្ថែម​មុន​ពេល​ប្រឡងដែរ​នោះ​បាន​និយាយ​ថា​

«ខ្ញុំ​នឹង​មិន​លួច​ចម្លង​ទេ ពីព្រោះ​ខ្ញុំ​គិត​ថា​ខ្ញុំ​មាន​ចំណេះ​ដឹង​គ្រប់​គ្រាន់​ក្នុង​ការ​ធ្វើ​វិញ្ញាសារ​នៅ​ពេល​ប្រឡង»។

ដារិទ្ធិ​បាន​បន្ថែម​ថា បើ​ទោះ​បី​ជា​ គេ​មានឱកាស​ក្នុង​ការ​ចម្លង​ក៏​ដោយ​ ក៏​គេ​មិន​លួច​ចម្លង​ដែរ​ ពីព្រោះ​គេ​ចង់​សាកល្បង​ចំណេះ​របស់​ខ្លួន​ឯង៕