រដ្ឋមន្ត្រីកសិកម្មលោក វេង សាខុន ត្រូវបានព្រះមហាក្សត្របញ្ចប់ពីមុខតំណែង នៅពេលលោកត្រឡប់មកពីបំពេញការងារនៅទ្វីបអឺរ៉ុប ទីដែលលោកបានស្វះស្វែងរកការគាំទ្រគម្រោងពង្រឹងផលិតផលកសិកម្មប្រកបដោយសុវត្ថិភាពស្របតាមស្តង់ដាអឺរ៉ុប។
នៅក្នុងព្រះរាជក្រឹត្យចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ នេះ ព្រះបាទសម្តេចនរោត្តមសីហមុនី បានត្រាស់បង្គាប់ បញ្ចប់មុខតំណែង លោក វេង សាខុន ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ។
ការដកតំណែង លោក វេង សាខុន កើតឡើងក្រោយរដ្ឋមន្ត្រីកសិកម្មរូបនេះ ធ្លាប់រងការស្តីបន្ទោសពី លោក ហ៊ុន សែន ថាមិនសូវមានការពិភាក្សាជាមួយរដ្ឋមន្ត្រី ឬមន្ត្រីផ្សេងទៀត នៅពេលធ្វើការដោះស្រាយបញ្ហាប្រឈមណាមួយនោះ។
ថ្លែងនៅក្នុងកម្មវិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃកាលពីចុងខែកុម្ភៈ ឆ្នាំ២០២២ លោក ហ៊ុន សែន ថ្លែងនៅចំមុខ លោក វេង សាខុន និងក្រុមមន្ត្រីកម្ពុជាឯទៀតថា លោក វេង សាខុន ជារដ្ឋមន្ត្រីដែលខ្វះកិច្ចសហការ នៅពេលដោះស្រាយបញ្ហាការរារាំងមិនឱ្យនាំចូលជ្រូករស់មកផ្គត់ផ្គង់ក្នុងប្រទេស។
លោក ហ៊ុន សែន ថ្លែងនាពេលនោះថា៖ «ក្នុងចំណោមរដ្ឋមន្ត្រី ខ្ញុំសុំចង្អុលបង្ហាញថា ក្នុងចំណោមរដ្ឋមន្ត្រីគឺរដ្ឋមន្ត្រីដែលមិនព្រមសហការជាមួយអ្នកដទៃ គឺរដ្ឋមន្ត្រីកសិកម្មហ្នឹងឯង អាហ្នឹងខ្ញុំនិយាយចង្អុលមុខឱ្យត្រង់អ៊ីចឹងហ្មង។ រដ្ឋមន្ត្រីកសិកម្មអត់សូវសហការជាមួយរដ្ឋមន្ត្រីណាទាំងអស់»។
ក្រោយការបញ្ចប់មុខតំណែង លោក វេង សាខុន ភ្លាម លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចជាបន្ទាន់ ចាត់តាំងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ជារដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ បើតាមសេចក្តីសម្រេចរបស់ លោក ហ៊ុន សែន លោក អូន ព័ន្ធមុនីរ័ត្ន នឹងមានលទ្ធភាពប្រើប្រាស់សិទ្ធិអំណាចទាំងអស់ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីដឹកនាំនិងគ្រប់គ្រងការងាររបស់ក្រសួង និងអង្គភាពចំណុះរបស់ក្រសួង។
វីអូអេព្យាយាមសុំការអត្ថាធិប្បាយពី លោក វេង សាខុន តាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាម តែមិនទាន់មានការឆ្លើយតបនៅថ្ងៃចន្ទនេះ៕