រដ្ឋ​មន្ត្រី​ថ្មី​នៃ​ក្រសួង​កសិកម្ម​ថា​នឹង​ប្រើ​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​ផលិត​ផល​កសិកម្ម​មាន​តម្លៃ​ថេរ

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម ថ្លែងអំពី«ទស្សនទានក្នុងវិស័យកសិកម្មនៅកម្ពុជា» នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងរាជធានីភ្នំពេញ ថ្ងៃទី ៥ ខែមករា ឆ្នាំ២ ០២៣។ (លាស់ លីបលីប/វីអូអេ)

រដ្ឋមន្ត្រីក្រសួ​ង​កសិកម្ម​ ដែល​ឡើង​កាន់​តំណែង​កាល​ពី​ចុង​ឆ្នាំ​ ២០២២​ បានអំពាវនាវ​ឲ្យ​កសិករ ​និង​អ្នក​ពាក់​ព័ន្ធ​ចង​ក្រង​គ្នា​ជា​ក្រុម​ដើម្បី​ងាយ​ស្រួល​ផលិត​ និង​ផ្គត់​ផ្គង់​ផលិត​ផល​កសិកម្ម​ឲ្យ​ឆ្លើយ​តប​តម្រូវ​ការ​ទីផ្សារ ​និង​ធានា​បាន​នូវស្ថិរ​ភាព​តម្លៃ។ នេះ​បើ​តាម​ការ​ថ្លែង​របស់​លោក ​ឌិត ទីណា នៅ​ក្នុងសន្និសីទ​សារ​ព័ត៌មាន​មួយ​ស្ដី​ពី​ «ទស្សន​ទាន​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា» ​ដែ​ល​ធ្វើ​ឡើង​នៅ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

​លោក ​ឌិត ទីណា​ ថ្លែង​ថា​ កាល​ណា​តម្លៃ​ផលិត​ផល​កសិកម្ម​លើ​ទីផ្សារ​ធ្លាក់​ចុះ​ នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​ផលិត​ដែល​ផ្គត់ផ្គង់​ក្នុង​ស្រុក​ជួប​ការលំបាក ​ហើយ​នៅ​ពេល​តម្លៃ​ផលិត​ផល​កសិកម្ម​លើ​ទីផ្សារ​កើន​ឡើង​ខ្ពស់ នោះ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អ្នក​ប្រើ​ប្រាស់ ​និង​អ្នក​បរិភោគ។ ដូច្នេះ​លោក​ថា​ ការ​ចង់​ក្រង​គ្នា​ជា​ក្រុម​រវាង​កសិករ ​អ្នក​ចែក​ចាយ​ អ្នក​នាំ​ចូល​សម្ភារៈ​កសិកម្ម​ ​ជី ​ថ្នាំ និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត គឺ​ជា​រឿង​សំខាន់ ​ដែល​អាច​ធានា​ដល់​ការ​រក្សា​តម្លៃ​ថេរ​ផលិត​ផល​កសិកម្ម​លើ​ទីផ្សារ​បាន។

លោក​បន្ថែម​ថា យុទ្ធ​សាស្ត្រនេះ ​ក្រសួង​កសិកម្ម​នឹង​យក​មក​អនុវត្ត​ ទាំង​លើ​ផលិតកម្មស្រូវ ​ដំណាំ​បន្លែ ​និង​ផលិតកម្ម​សត្វជា​ដើម ​ដើម្បីធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋកម្ពុជា​អាច​ទទួល​បាន​ផល​ចំណេញស្មើៗ​គ្នា​ ដែល​រួម​មានទាំង​អ្នក​ផលិត ​អ្នក​ចែក​ចាយ​ និង​អ្នក​បរិភោគ។

លោក​ថ្លែង​ថា៖ «ក្នុង​ទស្សន​ទាន​រួម ​ក្រសួង​នឹង​មានបន្ទុក​ថ្មី​ក្នុង​ការ​រៀប​ចំ​នូវ​ប្រព័ន្ធ​ផលិតកម្ម​កសិកម្ម​មួយ​ ដែល​មាន​ប្រសិទ្ធ​ភាព​បំផុត។​ អ៊ីចឹង​ក្នុង​ន័យនេះ ​ខ្សែ​ទាំង​២ [ទាំង​ទីផ្សារ​ក្នុង​ស្រុក ​និង​ទីផ្សារ​នាំចេញ] ដែល​ខ្ញុំ​លើក​ខាង​ដើម​ ខ្សែ​សង្វាក់​ទីមួយ​ទៅ​ដល់​ទីផ្សារ​ក្នុង​ស្រុក ​យើង​នឹង​ធ្វើ​យ៉ាង​ណា​ធានា​នូវ​ស្ថិរ​ភាព​ថ្លៃ​ (តម្លៃ) … មិន​ឲ្យ​កើន​ឡើង​ តែក៏​មិន​ឲ្យ​ធ្លាក់​ចុះ»។ ​

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រូប​នេះ​ថ្លែង​បន្ថែម​ថា៖ «ប៉ុន្តែ​ការរៀបចំ​ទាំង​អស់​នេះ​ គឺ​តោង​ឲ្យ​មាន​ការ​ចូលរួម​ជាមួយ​គ្នា​ជា​អង្គការ​លេខ​ ១ ​ជា​រចនា​សម្ព័ន្ធ​មួយ។ រចនា​សម្ព័ន្ធ​នេះ ​គឺ​នឹង​ប្រមូ​លផ្តុំ​ទាំង​អ្នក​ផ្គត់​ផ្គង់​វត្ថុ​ធាតុ​ដើម ​អ្នក​ផលិត​រហូត​ដល់​អ្នកចែក​ចាយ​ អ្នក​កែ​ច្នៃ ​ហើយ​ទៅ​ដល់​អ្នក​ប្រើ​ប្រាស់»។​

លោក ឌិត ទីណា បាន​បញ្ជាក់​ទៀត​ថា ទាំង​កសិករ ​និង​អ្នក​ពាក់ព័ន្ធ​គួរ​ចូល​រួម​ក្នុងការ​រៀប​ចំ​រចនា​សម្ព័ន្ធ​ថ្មីនេះ​ ព្រោះការ​រៀប​ចំ​ជា​ក្រុម​នេះ​នឹង​មាន​ការ​កំណត់​ផែនការ​ផលិត​កម្ម​កសិកម្ម​ច្បាស់​លាស់ ​ទាំង​បរិមាណ​ផលិត ​ក្នុង​ការផ្គត់​ផ្គង់​លើ​ទីផ្សារ​ និង​គុណភាព។ លោក​ថា​ ការ​រៀបចំ​នេះ​ក៏​នឹង​អាច​លើក​ស្ទួយ​ដល់ជីវភាព ​និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា​ផង​ដែរ។

លោក​បន្ថែម​ថា​ ការ​រៀប​ចំ​រចនា​សម្ព័ន្ធ​នេះ​នឹង​ត្រូវប្រើ​ពេល​វេលា​យូរ​ ដោយ​មិន​មាន​បង្ខំ​អ្នក​ណា​ម្នាក់​ឲ្យ​មក​ចូល​រួម​ចង​ក្រង​ជា​ក្រុម​នេះ​ទេ ​តែ​លោ​កថា ​បើ​អ្នក​ណា​ម្នាក់​ដើរ​ម្នាក់​ឯង ​ហើយ​នៅ​ពេលដួល​ ឬ​ជួប​បញ្ហា​ប្រឈម​អ្វី​មួយ​ នោះនឹង​អាច​ប្រឈម​ការ​ពិបាក។​

បើ​តាម​លោក ​ឌិត ទីណា​ មន្ត្រី​របស់​ក្រសួង​កសិកម្មនឹង​ជា​អ្នក​សម្រប​សម្រួលចង​ក្រង​ជា​រចនា​សម្ព័ន្ធ​នេះ។​

រូបឯកសារ៖ កសិករប្រើត្រាក់ទ័រឈូសស្រែងាប់ចោល ក្នុងភូមិដំរីស ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១។ (ស៊ុន ណារិន/វីអូអេ)

លោក​ថ្លែង​ថា៖ ​«ក្រោយ​ពេល​ដែល​បង្កើត​រចនា​សម្ព័ន្ធ​នេះ​បាន​ ខ្ញុំ​គិត​ថា​ នឹង​ប្រើ​ពេល​មួយ​ចំនួន​ធំ ​ព្រោះ​ថា​ឥឡូវ​នេះ ​ប្រជា​កសិករ​យើង​ក្តី ​អាជីវករ​យើង​ក្តី ​គាត់​នៅ​មាន​ផ្នត់​គំនិត​ក្នុង​ការ​ចង់​ដើរ​តែ​ឯង ដើរ​តែ​ឯង​ស្រួល​ដើរ​លឿន។ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​យើង​រៀបចំ​ឲ្យ​មាន​ការ​ដើរ​ជាមួយ​គ្នា​ ​គឺយើង​នឹង​ដើរ​បាន​ឆ្ងាយ។​ ចំណុច​នេះ​សំខាន់​ណាស់។​ ដើរ​តែ​ឯង​ដួល​ អត់​មាន​អ្នក​ណា​លើក​ទេ ​ប៉ុន្តែ​ដើរ​ជា​មួយ​គ្នា​[បើ]ដួល ​[គឺ]​មាន​គ្នីគ្នា​ជួយ​ក្រៀក​[ស្មា]»។

លោក ​ថេង សាវឿន ​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC) ​យល់​ថា​ នេះ​ជា​ការ​ល្អ ​នៅ​ពេល​ដែល​ក្រសួង​ចង់​ចង​ក្រង​ជាក្រុម​នៅ​ក្នុង​វិស័យ​កសិកម្ម​នេះ ​ ប៉ុន្តែ​លោក​ថា​ អាជ្ញាធរ​និងក្រសួង​ត្រូវតែ​ធានា​ឲ្យ​បាន​នូវ​បរិយាកាស​ល្អ​ប្រសើរ​សម្រាប់​កសិករ​ និង​អ្នក​ពាក់ព័ន្ធនៅ​ក្នុង​ដំណើរ​ការ​នេះ​និង​ដាក់​បញ្ហា​លើតុ​ដើម្បី​រក​ដំណោះ​ស្រាយ​រួម​គ្នា។​

លោក​ថ្លែងថា៖ ​«ដើម្បី​ឲ្យ​ការ​រៀប​ចំ​ប្រព័ន្ធ​ផលិត​កម្ម​កសិកម្ម​មួយ​មាន​ប្រសិទ្ធភាព​បំផុត​ គឺត្រូ​វតែ​មាន​ការ​ចូល​រួមពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​ ហើយ​កា​ររៀបចំ​ឲ្យ​មាន​កិច្ច​សន្ទនា​សង្គម​ វេទិកា​ សិក្ខា​សាលា ​សន្និ​សីទ ​ដែល​មាន​គ្រប់​ភាគី​ពាក់​ព័ន្ធ​...​ទាំង​រដ្ឋាភិបាល​ វិស័យ​ឯកជន​ កសិករ​ដែល​ជា​អ្នក​ផលិត ​គួរ​ត្រូវ​[មាន]​គំនិត​ផ្តូច​ផ្តើម​ឡើង​ ដើម្បី​យើង​ប្រមូល​ធាតុចូល ​ដែល​ជា​ក្តី​កង្វល់​ទាំង​អស់​នេះ​ដើម្បី​ដាក់​លើតុ ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​គ្នា»។

លោក​បន្ថែម​ថា ​ខ្សែ​សង្វាក់​ទីផ្សារ​ផលិតផល​កសិកម្ម ​ការ​ផ្គត់​ផ្គង់ទុន ​បញ្ហា​ទឹក​ បញ្ហា​កែច្នៃ​និង​ការ​វេច​ខ្ចប់ ​គឺ​ទាំង​អស់​នេះ ​នៅ​តែ​ជា​បញ្ហា​សម្រាប់​អ្នក​ប្រកប​របរ​ក្នុង​វិស័យ​កសិកម្ម។​

គួរ​បញ្ជាក់​ថា​ កាល​ពី​កន្លង​ទៅ ​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ធ្លាប់​បាន​ឆ្លើយ​តប​ទៅ​នឹង​អ្នក​រិះគន់​ថា​ ការ​រិះ​គន់​ទាំង​ឡាយ​គួរ​តែ​ធ្វើ​ឡើង​ដោយ​ពិនិត្យ​នូវ​សកម្មភាព​ និង​លទ្ធផល​របស់​លោក។ លោក​ក៏​បាន​លើកឡើង​ថា បើ​ទោះ​បី​ជា​លោក​ខ្វះ​ជំនាញ​កសិកម្មក្តី ក៏​លោក​មាន​សុទិដ្ឋិ​និយម​ថា​ បទ​ពិសោធន៍​របស់​លោក ​ដែល​ធ្លាប់​ជា​រដ្ឋ​លេខាធិការ​ក្រសួង​រ៉ែ ​និង​ថាមពល​ និង​នៅ​ក្រសួង​ពាណិជ្ជកម្ម​ បូក​រួម​ការ​ស្វែង​យល់​បន្ថែម​ទៀត​ទាក់​ទង​ចំណេះ​ដឹង​កសិកម្ម​នឹង​ធ្វើ​ឱ្យ​លោក​អាច​កាន់​ចង្កូត​ដឹក​នាំ​វិស័យ​កសិកម្ម​នេះ​រីក​ចម្រើន​ទៅ​មុខ​បាន៕