ស្របពេលដែលផលិតផលកសិកម្មរួមមានដំណាំ និងបន្លែនៅតាមទីផ្សារមានតម្លៃកើនឡើងទ្វេដង ក្រុមអ្នកជំនាញកសិកម្ម ក្រើនរំឭកឲ្យប្រជាកសិករកម្ពុជាគប្បីផ្លាស់ប្តូរទម្លាប់នៃការដាំដុះ ចៀសវាងផលិតផលកសិកម្មរបស់ពួកគេរងផលប៉ះពាល់ខ្លាំងដោយសារជំនន់ទឹកភ្លៀង។
លោក គាម មករាឌី ប្រធានផ្នែកបរិស្ថាន និងសុខភាពនៃអង្គការ CEDAC បញ្ជាក់ប្រាប់ VOA ថា ការកើនឡើងនៃតម្លៃបន្លែនារដូវវស្សា មិនមែនជារឿងថ្មីនោះទេ ជាពិសេសនៅពេលដែលដំណាំ និងបន្លែកសិករកម្ពុជា ងាយរងគ្រោះដោយសារទឹកជំនន់ ឬភ្លៀងធ្លាក់ខ្លាំងនោះ។
លោកថា ជាទូទៅដំណាំបន្លែរដូវវស្សា មានតម្លៃខ្ពស់ជាងដំណាំបន្លែរដូវប្រាំងមួយទ្វេជា២ដោយសារ នៅក្នុងរដូវវស្សាផលិតផលកសិកម្មរបស់កសិករកម្ពុជាមិនសូវសម្បូរ ហើយការនាំចូលបន្លែពីប្រទេសជិតខាង ក៏មានការកើនឡើងថែមទៀតផង។ ការណ៍នេះ បានរួមចំណែកធ្វើឲ្យបន្លែក្នុងទីផ្សារមានតម្លៃខ្ពស់ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។
លោក គាម មករាឌី ឲ្យដឹងថាអង្គការ CEDAC បានណែនាំឲ្យកសិករពីរបៀបបង្ការផលិតផលកសិកម្មពីជំនន់ទឹកភ្លៀងយ៉ាងដូច្នេះ៖ «យើងកំពុងជំរុញឲ្យកសិករ គាត់ខិតខំធ្វើការដាំដុះនារដូវវស្សា ឲ្យគាត់លើកជាដីទួល សម្រាប់ដាំដំណាំ កុំឲ្យមានលេចទឹក ហើយយើងឲ្យគាត់ដាំជាមានគម្របរងកុំឲ្យភ្លៀងត្រូវ។ ហើយបើកសិករមានទុនច្រើន យើងក៏ជំរុញឲ្យគាត់ដាំក្នុងរងប្លាស្ទិក»។
លោក ឆុង សុផល មន្ត្រីសម្របសម្រួលសហគមន៍កសិកម្មនៃបណ្ដាញកសិករ និងធម្មជាតិ (FNN) ឲ្យដឹងថាជំនន់ទឹកភ្លៀងនៅឆ្នាំ២០១៦នេះ បានប៉ះពាល់ដល់ទីតាំងសំខាន់ៗដែលផ្គត់ផ្គង់ផលិតផលកសិកម្មក្នុងប្រទេស។
«ទឹកជំនន់មានន័យថាយើងដាំបន្លែអត់បាន។ វាភ្លៀងខ្លាំងផង ទឹកជំនន់ផង ដែលអាចប៉ះពាល់ដល់បន្លែ ដោយសារយើងដាំជាលក្ខណៈធម្មតា។ អញ្ចឹងបើសិនជាដំណាំខូច ចង់ឬមិនចង់វាប៉ះពាល់ដល់ការដាំដុះ និងតម្លៃ»។
លោកបន្តថា រដ្ឋាភិបាលកម្ពុជាគប្បីមានគោលនយោបាយជាក់លាក់ ដើម្បីជួយដល់កសិករ ដូចជាការសាងសង់ប្រព័ន្ធបន្លាយទឹកជាដើម។
«អញ្ចឹង វាទាមទារឲ្យរដ្ឋាភិបាល មានគោលនយោបាយគាំទ្រដល់កសិករ មានប្រព័ន្ធដាំដុះអីឲ្យជាក់លាក់ មានប្រព័ន្ធបន្លាយសម្រាប់បង្ហូរទឹក។ អញ្ចឹងពេលមានទឹកភ្លៀង មកច្រើនគាត់អាចបង្ហូរទម្លាក់ ទឹកបាន ទើបការដាំដុះរបស់គាត់អត់មានអីប៉ះពាល់»។
ប្រជាកសិករកម្ពុជាដែលរស់នៅតាមបណ្តាខេត្ត បានបង្ហាញក្តីបារម្ភប្រាប់ VOA ចំពោះការធ្លាក់ភ្លៀងខ្លាំងនាពេលចុងក្រោយនេះ ដែលធ្វើឲ្យប៉ះពាល់ដល់ដំណាំកសិកម្មរបស់ពួកគេ។
អ្នកស្រី លឹម នូ វ័យ៣២ឆ្នាំ ជាកសិករមួយរូបក្នុងខេត្តកំពង់ស្ពឺថ្លែងយ៉ាងដូច្នេះ៖ «ទឹកលិចអញ្ចឹង ដល់ពេលកសិករ គាត់ដាំអត់បាន ខាតច្រើនធ្វើឲ្យបន្លែ ឡើងថ្លៃខ្លាំង»។
អ្នកស្រី ហ៊ុយ ថារិន វ័យ៥៩ឆ្នាំ ជាកសិករមួយរូបទៀតក្នុងខេត្តកំពង់ស្ពី ឲ្យដឹងថាភូមិរបស់អ្នកស្រីមិនធ្លាប់ប្រទះនឹងជំនន់ទឹកភ្លៀងធំដូចឆ្នាំនេះទេ ហើយនេះជាមូលហេតុដែលកសិករមិនបានត្រៀមខ្លួននោះ។
«បន្លែនៅស្រុកខ្ញុំនេះ រលួយអស់ហើយក្មួយ។ ត្រឡាច ធ្លាប់មួយ៥០០រៀល ឥឡូវឡើង១៥០០រៀល។ ប៉ះខ្លាំង លិចយូរពេក។ ឥឡូវហ្នឹង ដូចជាខ្នុរល្មមៗដុះកម្ពស់យើងហ្នឹង ក៏ងាប់ ទាបក៏ងាប់ ល្ហុង ត្រឡាចអី ងាប់អស់ ហើយស្រូវ រលួយទាំងឬស »។
លោកស្រី ឲ្យដឹងថា ក្រុមការងាររបស់អាជ្ញាធរគ្រោះមហន្តរាយ និងអាជ្ញាធរមូលដ្ឋាន បានចុះមកប្រមូលទិន្នន័យ និងកំពុងធ្វើរបាយការណ៍ទាក់ទងនឹងការខូចខាតផលដំណាំនេះ។
ក្រសួងកសិកម្មបានឲ្យដឹងនាថ្ងៃអង្គារនេះថា នៅពេលដែលមានទឹកជន់លិចនៅតាមតំបន់ផលិតកម្ម នោះ វាធ្វើឲ្យការផ្គត់ផ្គង់មានតិចជាងតម្រូវការខ្លាំងពេក។ ហេតុនេះទើបមានការឡើងថ្លៃចំពោះផលិតផលកសិកម្មនោះ។
លោក ហ៊ាន វណ្ណហ៊ន ប្រធាននាយកដ្ឋានច្រកចេញតែមួយនៃក្រសួងកសិកម្មបានប្រាប់VOA ថា នាថ្ងៃអង្គារនេះមន្ត្រីជំនាញនៃក្រសួងកសិកម្មបានទៅចុះពិនិត្យ និងវាយតម្លៃអំពីការខូចខាត ដើម្បីកំណត់ជម្រើសនៃអន្តរាគមន៍។ ក៏ប៉ុន្តែ លោកថា ការឆ្លើយតបជាក់លាក់យ៉ាងណានោះ ត្រូវរង់ចាំរបាយកាណ៍ពីការវាយតម្លៃសិន។
«អញ្ចឹង ក្នុងចំណោមដីប៉ះពាល់ទាំងអស់ហ្នឹង យើងនឹងបែងចែកជា៣។ ទី១ វាលូតលាស់ឡើងវិញ ដោយល្អជាងមុន។ ទី២លូតលាស់ឡើងវិញ ដោយផលទាបជាងសក្តានុពល។ ទី៣ ខូចទាំងស្រុង។ អញ្ចឹងយើងនឹងសម្លឹងមើលថា យើងនឹងគួរជួយអី។ ការវាយតម្លៃនេះ មិនអាចចុះទៅកាលពីអាទិត្យមុនៗនោះទេ ព្រោះទឹកមិនទាន់ស្រក លទ្ធផលមិនទាន់ចេញ»។
លោកកែវ វី នាយកខុទ្ទកាល័យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប្រាប់VOA ថា រដូវវស្សាឆ្នាំ២០១៦នេះ កម្ពុជាមិនមានប្រឈមនឹងបញ្ហាទឹកជំនន់ទន្លេមេគង្គនោះទេ។ក៏ប៉ុន្តែខេត្តមួយចំនួននៃកម្ពុជាបាននឹងកំពុងប្រឈមនឹងជំនន់ទឹកភ្លៀង ជាពិសេសនារយៈពេលចុងក្រោយនេះដែលមានភ្លៀងធ្លាក់ខ្លាំងៗជាបន្តបន្ទាប់នោះ។ ខេត្តចំនួន៨ ដែលរងការប៉ះពាល់ធ្ងន់ធ្ងរ និងបានបំផ្លាញផលិតផលកសិកម្មរបស់ប្រជាកសិករកម្ពុជា រួមមាន ខេត្តកំពង់ស្ពឺ តាកែវ កណ្តាល ព្រៃវែង ត្បូងឃ្មុំ បាត់ដំបង ស្វាយរៀង និងរាជធានីភ្នំពេញ៕