ពលរដ្ឋអាមេរិកាំងជាង ៤១០.០០០ នាក់ អាចស្លាប់ដោយសារជំងឺកូវីដ១៩ នៅត្រឹមថ្ងៃទី ១ ខែមករា ឆ្នាំ ២០២១ ខាងមុខ។ នេះបើយោងតាមគំរូព្យាករណ៍ចុងក្រោយបង្អស់របស់វិទ្យាស្ថានវាស់វែង និងវាយតម្លៃសុខាភិបាលនៃសាកលវិទ្យាល័យ Washington។
គិតត្រឹមថ្ងៃអាទិត្យនេះ សហរដ្ឋអាមេរិកមានពលរដ្ឋដែលស្លាប់ដោយសារជំងឺកូវីដ១៩ ជាង ១៨៨.៥០០ នាក់ និងពលរដ្ឋដែលឆ្លងជំងឺនេះជាង ៦ លាន ២ សែន ៤ ម៉ឺននាក់។ នេះបើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins។
ប្រសិនបើគំរូព្យាករណ៍របស់វិទ្យាស្ថានវាស់វែង និងវាយតម្លៃសុខាភិបាលនៃសាកលវិទ្យាល័យ Washington ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រពិតជាត្រឹមត្រូវមែននោះ នោះមានន័យថា នឹងមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួនប្រហែល ២២២.០០០ នាក់បន្ថែមទៀតនៅក្នុងសហរដ្ឋអាមេរិកក្នុងរយៈពេល ៣ ខែ កន្លះខាងមុខ។
វិទ្យាស្ថានវាស់វែង និងវាយតម្លៃសុខាភិបាលនៃសាកលវិទ្យាល័យ Washington បានបញ្ជាក់នៅក្នុងព័ត៌មានថ្មីចុងក្រោយសម្រាប់ការទស្សន៍ទាយជាប្រចាំរបស់ខ្លួនថា៖ «យើងរំពឹងថា អត្រាស្លាប់ប្រចាំថ្ងៃ [ដោយសារជំងឺកូវីដ១៩] នៅក្នុងសហរដ្ឋអាមេរិក នឹងកើនដល់ជិត ៣ ពាន់នាក់ ក្នុងមួយថ្ងៃនៅត្រឹមខែធ្នូខាងមុខ។ មូលហេតុគឺដោយសារការផ្លាស់ប្ដូររដូវកាល និងការធ្លាក់ចុះនូវការប្រយ័ត្នប្រយែងរបស់សាធារណជន»។
កាលពីលើកមុន វិទ្យាស្ថាននេះបានទស្សន៍ទាយថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅត្រឹមថ្ងៃទី ១ ខែធ្នូខាងមុខមានចំនួន ៣១៧.៦៩៧។
ប៉ុន្តែ អ្នកស្រាវជ្រាវនៃវិទ្យាស្ថាននេះបាននិយាយថា ប្រសិនបើមនុស្សទូទៅពាក់ម៉ាស់ ចំនួនអ្នកស្លាប់ដែលបានទស្សន៍ទាយក្នុងចំនួន ២២២.០០០ ខាងលើ អាចធ្លាក់ចុះបានពាក់កណ្ដាល។ ផ្ទុយមកវិញ ប្រសិនបើការដាក់កំហិតនានាត្រូវបានបន្ធូរបន្ថយ នោះចំនួនអ្នកស្លាប់អាចមានច្រើនខ្លាំងជាងការរំពឹងទុក គិតត្រឹមថ្ងៃទី ១ ខែមករា ឆ្នាំ ២០២១ ខាងមុខ៕