អាយុ​និង​ទម្ងន់ ​ជា​កត្តា​ថ្លឹងថ្លែង​ពី​ដំណើរ​វិវត្តន៍​នៃ​ជំងឺ​កូវីដ១៩​របស់​លោក Trump

  • Steve Baragona

រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានមកដល់សេតវិមានវិញ បន្ទាប់ពីបានធ្វើដំណើរវិលត្រឡប់ពីរដ្ឋ New Jersey ថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២០ មុនពេលលោកត្រូវបានធ្វើតេស្តរកឃើញថា បានឆ្លងជំងឺកូវីដ១៩ នាពេលយប់ថ្ងៃព្រហស្បតិ៍រំលងអធ្រាត្រចូលព្រឹកថ្ងៃសុក្រ។

អ្នកជំនាញ​និយាយ​ថា អាយុ និង​ទម្ងន់​របស់​លោក​ប្រធានាធិបតី​ Donald Trump​ ធ្វើ​ឲ្យ​លោក អាចប្រឈម​នឹង​គ្រោះថ្នាក់​ខ្ពស់​ ក្នុង​ករណី​មាន​អាការៈ​ជំងឺកូវីដ១៩​ធ្ងន់ធ្ងរ​ ក៏ប៉ុន្តែ​វា​ពិបាក​ក្នុងការ​ព្យាករណ៍​ឲ្យ​លើស​ពីនេះ​ ទៅ​លើ​ដំណើរ​វិវត្តន៍​នៃ​ស្ថានភាព​ជំងឺ​កូវីដ១៩ ​របស់​លោក។

វេជ្ជបណ្ឌិត​របស់​លោកប្រធានាធិបតី គឺ​លោក Sean Conley បាន​បញ្ជាក់​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ កាលពី​ព្រឹក​ថ្ងៃសុក្រ​ថា លោក​ប្រធានាធិបតី​និង​ភរិយា​របស់​លោក​គឺ​លោកស្រី​ Melania Trump ​បានធ្វើ​តេស្ត​រកឃើញ​ថា​ បាន​ឆ្លង​វីរុសកូរ៉ូណា ​តែមាន​សុខភាព​ធម្មតា​នៅ​ពេល​នោះ។

លោក Sean Conley បន្ត​ថា៖ «ខ្ញុំ​រំពឹង​ថា លោក​ប្រធានាធិបតី នឹង​បន្ត​បំពេញ​ភារកិច្ច​របស់​លោក​ដោយ​គ្មាន​ការ​បង្អាក់​ ខណៈ​ពេល​ដែល​លោក​កំពុង​រើប​ឡើងវិញ​ពី​ជំងឺ​កូវីដ១៩​ នេះ»។

លោក Trump មាន​អាយុ ៧៤ ឆ្នាំ ហើយ​អត្រា​ត្រូវ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កើនឡើង​ជា​លំដាប់​ទៅ​តាម​អាយុ​របស់​អ្នកជំងឺ។ មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​ឆ្លង​សហរដ្ឋ​អាមេរិក (CDC) បាន​ឲ្យ​ដឹង​ថា មនុស្ស​ដែល​មាន​អាយុ​ស្របាល​នឹង​លោក​Trump ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​អត្រា ៥ ដង​ខ្ពស់​ជាង​មនុស្ស​ដែល​មាន​អាយុ​ពី ១៨ ទៅ ២៩ ឆ្នាំ។ រីឯ​អត្រា​មរណៈ​វិញ គឺ​ខ្ពស់ជាង​៩០ ដង។

លទ្ធផល​ពី​ការពិនិត្យ​សុខភាព​កាលពី​ពេល​ថ្មីៗ​នេះ​របស់​លោក Trump បាន​ឲ្យ​ដឹង​ថា លោក Trump មាន​កម្ពស់ ១,៩ ម៉ែត្រ និង​មាន​ទម្ងន់​ជិត ១១១ គីឡូក្រាម។ ទិន្នន័យ​ខាងលើ​នេះ បាន​ដាក់​សន្ទស្សន៍​រាងកាយ​របស់​លោក​ចូលក្នុង​តារាង​នៃ​អ្នក​ដែល​ធាត់ជ្រុល។

មជ្ឈមណ្ឌល CDC បាន​ឲ្យ​ដឹង​ថា ទិន្នន័យ​អំពី​កម្ពស់ និង​ទម្ងន់​របស់​លោក Trump អាច​ឲ្យ​ដឹង​ថា អត្រា​ដែល​លោក ប្រឈមនឹង​ការ​តម្រូវឲ្យ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ មាន​ដល់​ទៅ​៣ដង។

លោក​វេជ្ជបណ្ឌិត Amesh Adalja អ្នក​ឯកទេស​ជំងឺ​ឆ្លង និង​ជា​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ផ្នែក​សន្តិសុខ​សុខាភិបាល​នៃ​មជ្ឈមណ្ឌល Johns Hopkins បាន​និយាយ​ថា៖ «ជាទូទៅ​អ្នក​ដែល​មាន​ទិន្នន័យ​កម្ពស់ និង​ទម្ងន់​ដូចនេះ ត្រូវតែ​ទទួល​ការព្យាបាល​ឲ្យ​បាន​ដិតដល់»។

លោក​វេជ្ជបណ្ឌិត Amesh Adalja បាន​ថ្លែងបន្ថែម​ទៀត​ថា៖ «ក៏ប៉ុន្តែ វា​មិន​មែន​មាន​ន័យ​ថា អ្នក​ទាំងនោះ​ប្រាកដជា​មាន​អាការៈ​ធ្ងន់ធ្ងរ​នោះ​ទេ»។

លោក Adalja បាន​និយាយ​បន្ថែម​ទៀត​ថា​ កម្រិត​ធ្ងន់ធ្ងរ​នៃ​ការ​កើត​ជំងឺ​កូវីដ១៩​មាន​ភាព​ចម្រុះ​គ្នា​ខ្លាំង​ ដែល​រួមមាន​តាំង​ពី​ការ​ធ្លាក់​ខ្លួនឈឺដោយមិន​ចេញ​រោគសញ្ញា​អ្វី​ទាំង​អស់​ រហូត​ដល់​ការ​ស្លាប់។ ​

លោកបាន​បន្តថា៖ «អាការៈធ្ងន់ធ្ងរ​នៃ​អ្នក​ជំងឺ​ដែល​ឆ្លង​វីរុស​កូរ៉ូណា​គឺ​មានលក្ខណៈ​ខុសៗ​គ្នា អាស្រ័យ​ទៅលើ​មនុស្ស​ម្នាក់ៗ។​ យើង​មិន​ដឹង​ច្បាស់​ពី​មូលហេតុ​ដែល​ថា ហេតុអ្វី​បានជា មនុស្ស​មួយ​ចំនួន​ទោះបី​ជា​ពួកគេ​ស្ថិត​នៅក្នុង​ក្រុម​ដែល​មាន​ហានិភ័យ​ខ្ពស់​ក៏ដោយ ក៏​ពួកគេ​មាន​អាការៈ​ស្រាល ហើយ​អ្នកផ្សេងទៀត បែរ​ជា​មាន​អាការៈ​ធ្ងន់ធ្ងរ​នោះ»។

ប្រធានាធិបតីអាមេរិកលោក Donald Trump ចុះពីឧទ្ធម្ភាគចក្រ Marine One ពេលលោកបានទៅដល់មន្ទីរពេទ្យយោធា Walter Reed ដើម្បីសម្រាកព្យាបាលជំងឺកូវីដ១៩ នៅទីក្រុង Bethesda រដ្ឋ Maryland ជាយរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២០។

ការសិក្សា​ទ្រង់ទ្រាយ​តូច​មួយ​ដែល​ធ្វើ​ឡើង​នៅ​ឯ​មណ្ឌល​ថែទាំ​មនុស្សចាស់​ ដែល​ជា​កន្លែង​សម្បូរដោយ​ក្រុម​មន្សុស​ដែល​មាន​ហានិភ័យ​ខ្ពស់ បាន​រក​ឃើញ​ថា មាន​មនុស្ស​ជាង ១ភាគ៣ នៃ​អ្នក​ដែល​បាន​ធ្វើ​តេស្ត​រកឃើញ​ថា បាន​ឆ្លង​ជំងឺ​វីរុស​កូរ៉ូណា​នេះ មិន​មាន​រោគសញ្ញា​អ្វី​នោះ​ទេ។

លោក Mark Meadows ប្រធាន​ខុទ្ទកាល័យ​នៃ​សេតវិមាន ​បាន​និយាយ​កាលពី​ថ្ងៃសុក្រ​ថា លោក Trump មាន​«រោគសញ្ញា​កម្រិត​ស្រាល»។

មនុស្ស​ភាគច្រើន មិន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ទេ ក្រោយពី​ពួកគេ​ឆ្លង​វីរុស​កូរ៉ូណា។ ​ប៉ុន្តែ អ្នកជំងឺ​មួយ​ចំនួន​តូច​កាន់តែ​មាន​អាការៈ​ធ្ងន់ធ្ងរ​ពី​ ៨ ទៅ ​១០ ថ្ងៃ​ក្រោយមក​ បន្ទាប់ពី​ពួកគេ​មាន​រោគសញ្ញា​ដំបូង។

អ្នកស្រី Helen Boucher ប្រធាន​ផ្នែកជំងឺឆ្លង​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ ​Tufts ថ្លែង​ថា៖​ «សប្តាហ៍​ទី២​ (ក្រោយពី​ឆ្លងវី​រុស​កូរ៉ូណា) ​នោះ​ ពិតជា​សំខាន់​ណាស់​សម្រាប់​យើង​ក្នុង​ការឃ្លាំមើល​អ្នក​ជំងឺ»។

អ្នកស្រី Boucher បាន​កត់សម្គាល់​ឃើញ​ថា អ្នកជំងឺ​ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​សប្តាហ៍​ទី២ ​អាច «ធ្លាក់ខ្លួន​ឈឺខ្លាំង»​ រហូត​ដល់​សប្តាហ៍​ទី៣​ និង​ទី៤។ ដូច្នេះ វា​ត្រូវការ​ពេលវេលា ដើម្បី​ដឹង​អំពី​លទ្ធផល។

មជ្ឈមណ្ឌល​ CDC ​ណែនាំ​ឲ្យ​អ្នក​ជំងឺ​នៅ​ដាច់​ដោយ​ឡែក​ពី​អ្នក​ដទៃ យ៉ាងតិចណាស់​រយៈពេល ​១០ ថ្ងៃ​បន្ទាប់ពី​រោគសញ្ញា​លេច​ចេញ​ដំបូង​ ដរាបណា​ ២៤ ម៉ោង​ បាន​កន្លងផុត​ហើយ ​ហើយ​ពួកគេ​គ្មាន​គ្រុនក្តៅ​ហើយ ​គ្មាន​រោគសញ្ញា​ផ្សេង​ទៀត​ទេ​នោះ។

បើ​ដូច​ការណែនាំ​ខាង​លើ​នេះ​នោះ​ មាន​ន័យ​ថា ​លោក​ Trump​ នឹង​មិន​មាន​ពេល​ច្រើន​ក្នុងការ​ចេញ​ទៅ​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​នោះ​ទេ ដោយសារ​នៅ​សល់​តែ​ជិត​មួយខែ​ទៀត​ប៉ុណ្ណោះ មុន​ថ្ងៃ​បោះឆ្នោត​នឹង​ឈាន​មកដល់។

ទោះបី​អាការៈ​របស់​លោក​មិន​ធ្ងន់ធ្ងរ​ជាងនេះ​ហើយ​លោក​បាន​ជា​ធូរស្បើយ​យ៉ាងឆាប់រហ័ស​ក៏ដោយ​ក៏លោក​ប្រហែលជា​មិនមាន​សុខភាព​ពេញលេញ​ទេ នៅ​ចុង​បញ្ចប់​នៃ​រយៈពេល ១០ ថ្ងៃ ដែល​លោកត្រូវ​នៅ​ដាច់​ដោយ​ឡែក​ពី​គេនោះ។

លោក​វេជ្ជបណ្ឌិត Amesh Adalja បាន​ថ្លែង​ថា៖ «ជួនកាល ក្នុង​ករណី​ខ្លះ​ទោះបីជា​អ្នកជំងឺ​មាន​អាការៈ​ស្រាល​ក៏ដោយ ក៏ពួកគេ​ត្រូវ​ចំណាយ​ពេល​ខ្លះ ដើម្បី​ឲ្យ​មាន​សុខភាព​ជា​ធម្មតា​ឡើង​វិញ»៕

ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់