រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក លោក Jeff Sessions បានស្វាគមន៍ចៅក្រមអន្តោប្រវេសន៍ថ្មីចំនួន៤៤នាក់ ដែលជាចំនួនចៅក្រមអន្តោប្រវេសន៍ច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក។ នេះបើយោងតាមក្រសួងយុត្តិធម៌អាមេរិក។
ការប្រកាសនេះត្រូវបានធ្វើឡើង ខណៈដែលរដ្ឋបាលលោក ត្រាំ ជួបការលំបាកក្នុងការបង្រួបបង្រួមក្រុមគ្រួសារដែលបានបែកបាក់គ្នានៅព្រំដែនឲ្យជួបគ្នាវិញ។ «គោលនយោបាយគ្មានការលើកលែង»ឬជាភាសាអង់គ្លេសហៅថា «zero tolerance policy» របស់រដ្ឋបាលនេះ បានធ្វើឲ្យសំណុំឯកសារអន្តោប្រវេសន៍ជាច្រើនត្រូវនៅរង់ចាំ ដែលមិនធ្លាប់មានពីមុនមក។
ការសម្រេចឃុំខ្លួនកុមារឲ្យនៅដាច់ដោយឡែកពីឪពុកម្តាយរបស់ពួកគេ ខណៈដែលឪពុកម្តាយទាំងនោះត្រូវរង់ចាំឡើងសវនាការ បានធ្វើឲ្យកុមារប្រមាណ៤០០នាក់នៅតែរស់នៅបែកបាក់ពីក្រុមគ្រួសាររបស់ពួកគេ។
យោងតាម Transactional Records Access Clearinghouse ដែលជាវិទ្យាស្ថានស្រាវជ្រាវប្រមូលទិន្នន័យមួយនៃសាកលវិទ្យាល័យ Syracuse ក្នុងរដ្ឋ ញូវយ៉ក សហរដ្ឋអាមេរិក បានឲ្យដឹងថា មានករណីអន្តោប្រវេសន៍ជាង៧សែនដែលនៅកំពុងដំណើរការ។
ក្នុងអំឡុងពេលនៃពិធីស្វាគមន៍កាលពីថ្ងៃ ចន្ទ ក្នុងរដ្ឋ Virginia នោះ លោក Sessions បានថ្លែងថា «រាប់បញ្ចូលអ្នកទាំងអស់គ្នាជាមួយនឹងក្រុមចៅក្រមដែលមានស្រាប់ ឥឡូវនេះ យើងមានចៅក្រមអន្តោប្រវេសន៍ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ»៕