ស្រ្តីម្នាក់ដែលជាមន្រ្តីជាន់ខ្ពស់នៃទីស្តីការគណៈរដ្ឋមន្រ្តីបានឆ្លងជំងឺកូវីដ១៩ ប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកស្រីបានចាក់វ៉ាក់សាំងអាស្រ្តាហ្សេនីកា ឬ Covishield លើកទីពីររួចហើយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានមួយ ចេញផ្សាយកាលពីថ្ងៃទី ១៣ ខែឧសភា ដែល VOA ទទួលបាន។
ទីស្តីការគណៈរដ្ឋមន្រ្តីបានឲ្យដឹងថា កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២១ លោកស្រី មាស សាឯម ដានី រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី អាយុ ៧១ ឆ្នាំ បានទៅចាក់វ៉ាក់សាំងកូវីដ១៩ ប្រភេទអាស្រ្តាហ្សេនីកា ឬ Covishield ដូសទី ២ នៅមន្ទីរពេទ្យកាល់ម៉ែត។ ទីស្តីការគណៈរដ្ឋមន្រ្តីបញ្ជាក់ថា លោកស្រីមិនស្រួលខ្លួននៅថ្ងៃទី ៦ និងទី ៧ ខែឧសភា និងបានធ្វើតេស្តនៅថ្ងៃទី ១២ ខែឧសភានៅគេហដ្ឋានរបស់លោកស្រី ហើយលទ្ធផលវិជ្ជមានជំងឺនេះ។ ទីស្តីការនេះឲ្យដឹងទៀតថា លោកស្រីមិនបានមកបំពេញការងារនៅទីស្តីការគណៈរដ្ឋមន្រ្តី រយៈពេល ១ ខែមកហើយ។
ស្ថាប័នរដ្ឋាភិបាលនេះបានអំពាវនាវឲ្យអ្នកប៉ះពាល់ផ្ទាល់ត្រូវទៅយកសំណាក ហើយអ្នកទាក់ទងដោយប្រយោលត្រូវធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល ១៤ ថ្ងៃ។
កន្លងទៅ មានសេចក្តីរាយការណ៍ជាបន្តបន្ទាប់អំពីករណីអ្នកចាក់វ៉ាក់សាំងរួចហើយ ប៉ុន្តែនៅតែឆ្លងជំងឺកូវីដ១៩។ ប៉ុន្តែមិនមានទិន្នន័យជាក់លាក់នោះទេ។
លោកវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាល ប្រាប់ VOA នៅថ្ងៃសុក្រនេះថា ក្រុមការងារបច្ចេកទេសកំពុងពិនិត្យមើលលើករណីឆ្លងរបស់មន្រ្តីជាន់ខ្ពស់ នៅទីស្តីការគណៈរដ្ឋមន្រ្តី ប៉ុន្តែលោកថា ជាធម្មតាការចាក់វ៉ាក់សាំងមិនធានា ១០០% ថាមិនឆ្លងជំងឺកូវីដ១៩ នោះទេ។
លោកបញ្ជាក់ថា៖ «ជាធម្មតាការចាក់វ៉ាក់សាំងក៏ដោយ ហើយវិធានការសុខាភិបាលហ្នឹង វាត្រូវតែប្រុងប្រយ័ត្ននិងអនុវត្តជាប់ជានិច្ចហើយ។ យើងគួបផ្សំគ្នាទាំងអស់ ជាពិសេសគឺវិធានការសុខាភិបាលគឺនៅជាធរមានសម្រាប់អ្នកចាក់ ហើយនិងអ្នកមិនចាក់ហើយក៏ដោយ»។
លោកឲ្យដឹងថា រហូតមកដល់ពេលនេះ ក្រសួងមិនទាន់បានធ្វើតេស្តដើម្បីវាយតម្លៃថា តើវ៉ាក់សាំងអាចបង្កើតអង់ទីករ (អង្គបដិបក្ខ) ការពារក្នុងខ្លួនកម្រិតណានោះទេ។
លោកបន្ថែមថា៖ «ក្រុមការងារបច្ចេកទេសគេកំពុងតែគិតគូរ។ អត់ទាន់មានការធ្វើអីជាការស្រាវជ្រាវនៅឡើយទេបាទ»។
VOA មិនទាន់អាចសុំការអត្ថាធិប្បាយពីលោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា តាមរយៈសារអ៊ីមែលបាននៅឡើយទេ នៅថ្ងៃសុក្រនេះ។
កាលពីដើមសប្តាហ៍នេះ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋបន្តការពារខ្លួន ដោយសារការចាក់វ៉ាក់សាំងមានប្រសិទ្ធភាពប្រមាណ ៨០% តែប៉ុណ្ណោះ។ លោកស្រីបញ្ជាក់ថា បើទោះចាក់វ៉ាក់សាំងពីរដងហើយ ក៏លទ្ធភាពឆ្លងនៅតែមាន។
លោកស្រីបញ្ជាក់ថា៖ «ប៉ុន្តែដូចសាររបស់ក្រសួងសុខាភិបាលបានជម្រាបជូនហើយថា កាលណាចាក់វ៉ាក់សាំងហើយ មិនមែនសុទ្ធតែមានសុវត្ថិភាពទេ បើយើងមិនគោរព ៣កុំ ៣ការពារ»។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព ជំរុញឲ្យមានការធ្វើតេស្តវាយតម្លៃទៅលើប្រសិទ្ធភាពនៃការបង្កើតអង់ទីករ (អង្គបដិបក្ខ) ប្រឆាំងនឹងជំងឺនេះ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំថាកម្ពុជាយើងគួរចាប់ផ្តើមធ្វើការអង្កេតដែរថា តើអ្នកចាក់វ៉ាក់សាំងហើយហ្នឹងថាគាត់ប៉ុន្មានសប្តាហ៍? ប៉ុន្មានថ្ងៃ? ប៉ុន្មានខែ? បានអង់ទីករហ្នឹង វាដុះ វាអាចការពារទប់ទល់នឹងជំងឺហ្នឹងបាន»។
លោកបន្តថា មន្រ្តីខាងលើដែលឆ្លងកូវីដ១៩ ទើបចាក់វ៉ាក់សាំងលើកទីពីរបានរយៈពេល ៣ ថ្ងៃ ដូច្នេះមិនទាន់អាចវាយតម្លៃថា តើវាយ៉ាងម៉េចហើយការដុះអង់ទីករ (អង្គបដិបក្ខ) ត្រូវការរយៈពេលប៉ុន្មាន។
ចាប់តាំងពីខែកុម្ភៈ កម្ពុជាបានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឈ្មោះស៊ីណូហ្វាម ដែលជាជំនួយមនុស្សធម៌របស់រដ្ឋាភិបាលចិន។ បន្ទាប់មកកម្ពុជាក៏ទទួលបានវ៉ាក់សាំងអាស្ត្រាហ្សេនីកា (AstraZeneca) ជាង ៣២ ម៉ឺនដូស ក្រោមក្របខណ្ឌកូវ៉ាក់ (Covax) ដែលជាយន្តការរបស់អង្គការសុខភាពពិភពលោក។ វ៉ាក់សាំងនេះត្រូវបានរដ្ឋាភិបាលកម្ពុជាកំណត់គោលការណ៍ឲ្យចាក់ឲ្យមនុស្សមានអាយុ ៦០ ឆ្នាំឡើង។
ប្រទេសកម្ពុជាកំពុងប្រើប្រាស់វ៉ាក់សាំងចំនួន៣ប្រភេទ គឺវ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) និងវ៉ាក់សាំងអាស្រ្តាហ្សេនីកា។
គួរបញ្ជាក់ថា ប្រជាជនកម្ពុជាជាង ២ លាននាក់ហើយបានទទួលវ៉ាក់សាំងមួយដូស ឬពីរដូសបញ្ចូលគ្នា។ នេះជាចំនួនមួយខ្ពស់ជាងប្រទេសផ្សេងៗក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសសិង្ហបុរី៕