ប្រជាពលរដ្ឋជប៉ុនមានការចាប់អារម្មណ៍ចំពោះសារជាវីដេអូដ៏កម្រមួយរបស់ព្រះអធិរាជជប៉ុន Akihito ព្រះជន្ម ៨២ ព្រះវស្សា ដែលព្រះអង្គគ្រោងនឹងផ្សព្វផ្សាយនៅថ្ងៃចន្ទស្អែកនេះ បន្ទាប់ពីមានការរាយការណ៍ដែលថាព្រះអង្គនឹងដាក់រាជ្យក្នុងអំឡុងពេលពីរឬបីឆ្នាំខាងមុខនេះ ដែលដំណឹងពីការដាក់រាជ្យនេះបានធ្វើឲ្យប្រជាពលរដ្ឋជប៉ុនមានការភ្ញាក់ផ្អើល ប៉ុន្តែត្រូវបានស្វាគមន៍ដោយប្រជាពលរដ្ឋភាគច្រើន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃអាទិត្យនេះ។
នៅក្នុងសារដែលថតទុករបស់ព្រះអង្គ នៅថ្ងៃចន្ទស្អែក ព្រះអង្គគ្រោងនឹងមានព្រះរាជបន្ទូលអំពីតួនាទីរបស់ព្រះអង្គក្នុងការគង់ជានិមិត្តរូបរបស់ជាតិ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ នេះបើតាមការបញ្ជាក់របស់ព្រះរាជវាំងជប៉ុន។ ព្រះអង្គនឹងទំនងជាមិនមានព្រះរាជបន្ទូលបញ្ជាក់ឲ្យច្បាស់អំពីការដាក់រាជ្យនោះទេ ដោយសារតែការដាក់រាជ្យនេះទាក់ទិននឹងដំណើរការតាមផ្លូវនយោបាយ និងផ្លូវច្បាប់នានា ដែលព្រះអង្គមិនត្រូវបានអនុញ្ញាតឲ្យមានព្រះរាជបន្ទូលអំពីរឿងនេះទេ។
ព្រះមហាក្សត្រ Akihito នៅតែធ្វើការដូចធម្មតា ទោះបីជាជំនួយការព្រះអង្គបានផ្ទេរតួនាទីព្រះអង្គមួយចំនួនទៅឲ្យព្រះអង្គម្ចាស់រជ្ជទាយាទ Naruhito ដែលជាព្រះរាជបុត្រច្បងក្នុងចំណោមបុត្រាទាំងពីររបស់ព្រះអង្គក៏ដោយ។ កាលពីពេលថ្មីៗនេះ ព្រះមហាក្សត្រ Akihito បានបញ្ជាក់ថា ដោយសារតែព្រះជន្មរបស់ព្រះអង្គកាន់តែជរាទៅ ព្រះអង្គបានប្រព្រឹត្តិកំហុសតិចតួចនៅក្នុងពិធីបុណ្យមួយចំនួន ដូចជានៅក្នុងការប្រារព្ធខួបបញ្ចប់សង្រ្គាមលោកលើកទីពីរកាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៥ ព្រះអង្គបានចាប់ផ្ដើមអានសុន្ទរកថារបស់ព្រះអង្គ ខណៈពេលដែលព្រះអង្គគួរតែរក្សាភាពស្ងៀមស្ងាត់។
សាធារណជនទូទៅបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណឹងនៃគម្រោងដាក់រាជ្យរបស់ព្រះអង្គ ដោយបានលើកឡើងថា ព្រះចៅអធិរាជឧស្សាហ៍ព្យាយាមអំណត់អត់ធន់មួយរូបនេះ គួរត្រូវបានសម្រាកពីកិច្ចការព្រះរាជវាំង និងសប្បាយរីករាយជាមួយនឹងជីវិតចូលនិវត្តន៍របស់ព្រះអង្គ។ ដោយការលុបបំបាត់ចោលនូវបម្រាមមិនឲ្យមានការដាក់រាជ្យ ដែលជាការអនុវត្តតាមរដ្ឋធម្មនុញ្ញសម័យមុនសង្គ្រាមនោះ នឹងធ្វើឲ្យព្រះអង្គមានឱកាសកាន់តែចូលជិតជាមួយសាធារណជនទូទៅ៕