មេដឹកនាំគណបក្សជំទាស់លោក កឹម សុខា ត្រូវឃុំខ្លួននៅក្នុងគុកមួយក្នុងខេត្តត្បូងឃ្មុំជិតព្រំដែនវៀតណាម ក្រោមការចោទប្រកាន់ពីបទ«សន្ទិដ្ឋិភាពជាមួយបរទេស» ឬក្បត់ជាតិ។ ទោះជាដំណើរការនេះកើតឡើងមុនការបោះឆ្នោតឆ្នាំ២០១៨ មែន តែសម្រាប់ពលរដ្ឋខ្លះក៏ហាក់ដូចជាបង្ហាញប្រតិកម្មប្រយ័ត្នប្រយែងនៅឡើយ ទន្ទឹមគ្នាដែលមន្ត្រីគណបក្សជំទាស់ថា នេះជាដំណាក់កាលដែលគ្រោះថ្នាក់ដល់ប្រជាធិបតេយ្យនិងការបោះឆ្នោតក្តី។
ពលរដ្ឋជាប្រជាកសិកររស់នៅក្បែរទីឃុំឃាំងនោះ បានសម្តែងមតិថា លោកគ្រាន់តែចង់បានការស្រុះស្រួលគ្នារវាងអ្នកនយោបាយ ដែលពលរដ្ឋបានបោះឆ្នោតជូន។
«ខ្ញុំចង់បានតែការអភិវឌ្ឍន៍ប្រទេសយើងទេ បើមានការស្រុះស្រួលគ្នា»។
ពលរដ្ឋម្នាក់ទៀតនិយាយថា នឹងបោះឆ្នោតតាមឆន្ទៈ។
«ធម្មតា អត់មានថា ចិត្តរេទេ ធម្មតាតែម្តង បើចិត្តយើងចង់ទៅណាទៅហ្នុងហើយ (សំណើច) អត់មាននរណាបង្ខិតបង្ខំទេ»។
ក្រោយការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិកាលពីយប់ថ្ងៃទី២ ឈានដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃគណបក្សប្រជាជនកម្ពុជាបានថ្លែងជាសាធារណ:ក្នុងពេលជួបជាមួយកម្មករកម្មការនី ដោយបង្ហាញអំពីខ្សែអាត់វីដេអូ ដែលលោក កឹម សុខា បានថ្លែងប្រាប់ពលរដ្ឋខ្មែរនៅអូស្ត្រាលីកាលពីឆ្នាំ២០១៣ ទាក់ទងនឹងការតស៊ូមតិដើម្បីឈានទៅដល់ជ័យជម្នះនៃការបោះឆ្នោត។
លោក ហ៊ុន សែន បានចាក់ខ្សែអាត់វីដេអូនោះបន្តិច ហើយអធិប្បាយបន្តថា នេះជាអំពើក្បត់ជាតិ ដែលលោក ហ៊ុន សែន បានចោទប្រកាន់ស.រ.អា.ថាប៉ុនប៉ងប្រើប្រាស់លោក កឹម សុខា ផ្តួលរំលំរដ្ឋាភិបាល ដូចលោកសេនាប្រមុខ លន់ នល់ ផ្តួលរំលំសម្តេចឳកាលពីឆ្នាំ១៩៧០។
«(សម្លេងខ្សែអាត់សម្តីលោក កឹម សុខា គេប្តូរបានដោយសារ គេធ្វើយុទ្ធសាស្ត្រហ្នឹងហើយគេយកបទពិសោធន៍ហ្នឹងមកឲ្យខ្ញុំធ្វើនៅស្រុកខ្មែរ)។ អំពើក្បត់ជាតិ ឃុបឃិតជាមួយបរទេស ក្បត់ជាតិខ្លួនឯង។ អាមេរិកាំងធ្វើរឿងនេះជាមួយ លន់ នល់ ឥឡូវអាមេរិកាំងក៏ធ្វើរឿងនេះ ជាមួយកឹម សុខា។ បងប្អូនជនរួមជាតិមេត្តាស្ងប់ស្ងាត់ ទុកឲ្យតុលាការចាត់ការរឿងនេះតាមផ្លូវច្បាប់»។
ទោះជាយ៉ាងណាក៏ដោយ លោកស្រី មួ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងពីទង្វើចុងក្រោយរបស់រដ្ឋាភិបាលគណបក្សគ្រប់គ្រងប្រទេសជាការបង្ក្រាបគណបក្សជំទាស់មិនឲ្យមានសិទ្ធិចូលរួមការបោះឆ្នោតជាតិឆ្នាំ២០១៨។
«សេនារីយោគឺត្រូវដកលោក កឹម សុខា ចេញពីការប្រកួតការបោះឆ្នោតឆ្នាំ២០១៨។ គេបានបណ្តេញលោក សម រង្ស៉ី អតីតប្រធានគណបក្សសង្គ្រោះជាតិចេញ ហើយឥឡូវនេះ ចាប់លោក កឹម សុខា ទៀត។ អ្វីដែលគ្រោះថ្នាក់ពិតប្រាកដនោះគឺប្រជាធិបតេយ្យ»។
ទោះជាការចាប់ខ្លួន និងការចោទប្រកាន់លោក កឹម សុខា បង្កឲ្យមានប្រតិកម្មពីសហគមន៍អន្តរជាតិ ម្ចាស់ជំនួយធំៗជាពិសេស ស.រ.អា. ដែលព្រួយបារម្ភ និងចោទជាសំណួរចំពោះការបោះឆ្នោតដោយសេរី និងយុត្តិធម៌ក្តី តែប្រទេសចិនបានគាំទ្រទង្វើរដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយចាត់ទុកថា ជាការការពារដល់សន្តិសុខជាតិ។
ពលរដ្ឋខ្មែរនិងក្រុមអ្នកគាំទ្រលោក កឹម សុខា មិនទាន់ឃើញមានការធ្វើបាតុកម្មក្នុងប្រទេសទេ ដែលទំនងជាតាមអ្វីដែលលោកស្រី មូរ សុខហួរ អះអាងថា គណបក្សសង្គ្រោះជាតិនៅប្រកាន់មធ្យោបាយអហិង្សា ដើម្បីដោះស្រាយបញ្ហា។
ទោះជាយ៉ាងណាពលរដ្ឋខ្មែរនៅក្រៅប្រទេស ដូចជាស.រ.អា. បានអះអាងចាប់ផ្តើមធ្វើការតវ៉ាប្រឆាំងនឹងការចាប់ខ្លួនលោក កឹម សុខា នៅមុនពេលបោះឆ្នោត។ បន្តបន្ទាប់ទៀតក៏នឹងមានបាតុកម្មនៅប្រទេសបារាំង អូស្ត្រាលី កាណាដានិងប្រទេសផ្សេងៗទៀតព្រមៗគ្នា៕