មេដឹកនាំ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ឯកភាព​ជាមួយ​លោក Trump ចំពោះ​កម្មវិធី DACA

អ្នក​គាំទ្រ​ច្បាប់ DACA ធ្វើ​បាតុកម្ម​នៅ​ពី​មុខ​សេតវិមាន កាលពី​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧។

ក្រុម​មេដឹកនាំ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៃ​រដ្ឋសភា និង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ពួកគេ​ឯកភាព​ជាមួយ​នឹង​លោក​ប្រធានាធិបតី Donald Trump ក្នុង​ការ​ធ្វើ​ឲ្យ​ក្លាយ​ទៅ​ជា​ច្បាប់​ចំពោះ​ការ​ការពារ​ជន​អន្តោប្រវេសន៍​គ្មាន​ក្រដាស​ស្នាម​ដែល​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​តាំង​ពី​កុមារ។ ក្រុម​មេដឹកនាំ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ទាំង​នោះ​ក៏​ធ្វើ​ការ​ផង​ដែរ​លើ​វិធានការ​សន្តិសុខ​ព្រំដែន​នានា ដោយ​មិន​រួម​បញ្ចូល​នូវ​ជញ្ជាំង​ព្រំដែន​នៅ​តាម​បណ្ដោយ​ព្រំដែន​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ម៉ិកស៊ិក​នោះ​ទេ។

មេដឹកនាំ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៃ​រដ្ឋសភា​លោកស្រី Nancy Pelosi និង​មេដឹកនាំ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៃ​ព្រឹទ្ធសភា​លោក Chuck Schumer បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​មួយ​ថា ការ​ឯកភាព​គ្នា​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ការ​ប្រជុំ​មួយ​ដែល​ផ្ដោត​លើ​កម្មវិធី​សកម្មភាព​ពន្យារពេល​បញ្ជូន​ជន​អន្តោប្រវេសន៍​គ្មាន​ក្រដាស​ស្នាម​ដែល​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​តាំង​ពី​កុមារ​ចេញ​ពី​ប្រទេស ដែល​ហៅ​កាត់​ថា DACA។

អ្នក​នាំ​ពាក្យ​សេតវិមាន​លោកស្រី Sarah Huckabee Sanders បាន​ធ្វើ​ការ​វាយ​តម្លៃ​ផ្សេង​ពី​នេះ​អំពី​សេចក្ដី​សន្និដ្ឋាន​ដែល​សម្រេច​បាន​នៅ​ក្នុង​ការ​ប្រជុំ​នោះ។

លោកស្រី​បាន​សរសេរ​នៅ​លើ​ប្រព័ន្ធ Twitter ថា៖ «ទោះបីជា​កម្មវិធី DACA និង​សន្តិសុខ​ព្រំដែន​ត្រូវ​បាន​ពិភាក្សា​នៅ​ក្នុង​ការ​ប្រជុំ​នោះ​ក៏​ដោយ ក៏​គ្មាន​ការ​ឯកភាព​គ្នា​ចំពោះ​ការ​មិន​រាប់​បញ្ចូល​នូវ​ជញ្ជាំង​ព្រំដែន​នោះ​ដែរ»។

លោក Donald Trump បាន​លុប​ចោល​នូវ​កម្មវិធី DACA នេះ​កាល​ពី​សប្ដាហ៍​មុន ដោយ​ទុក​រយៈពេល ៦ ខែ ឲ្យ​សភា​ធ្វើ​ការ​ស្វែង​រក​ដំណោះស្រាយ​ជា​អចិន្ត្រៃយ៍​ចំពោះ​បញ្ហា​នេះ៕