កម្មករជាង ២.០០០ នាក់ កំពុងប្រឈមមុខនឹងភាពគ្មានការងារធ្វើ បន្ទាប់ពីរោងចក្រមួយកន្លែងត្រូវបានបំផ្លាញទាំងស្រុង ដោយគ្រោះអគ្គិភ័យដែលបានកើតឡើងកាលពីថ្ងៃចន្ទនៅស្រុកអង្គស្នួល ខេត្តកណ្តាល។
រោងចក្រ R.G Footwear (Cambodia) Co.,Ltd ដែលផលិត និងដេរស្បែកជើងឱ្យក្រុមហ៊ុន VF Corp របស់សហរដ្ឋអាមេរិក និងក្រុមហ៊ុនម៉ាកល្បីផ្សេងទៀត ដូចជា Puma បានដំណើរការនៅក្នុងស្រុកអង្គស្នួលអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែកាលពីរសៀលថ្ងៃចន្ទម្សិលមិញនេះ ឧប្បត្តិហេតុអគ្គិភ័យបានកើតឡើង ដោយមិនដឹងមូលហេតុ និងបានឆាបឆេះម៉ាស៊ីនដេរ និងសម្ភារផ្សេងៗទៀត។ នេះបើតាមមន្ត្រីសហជីព និងកម្មករ។
បើតាមមន្ត្រីសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក សយ ចន្ធូ រោងចក្រ R.G Footwear ត្រូវបានភ្លើងឆាបឆេះ នៅវេលាម៉ោង ៤ល្ងាចជាង ដល់ម៉ោង ២យប់។លោកបន្តថាដំបូងឡើយមានការផ្ទុះម៉ូទ័រ ដែលនាំឱ្យសាំងធ្លាក់មក ក៏ឆេះជាបន្តបន្ទាប់រហូតដល់ឆេះអស់ទាំងស្រុងអគារចំនួន៣នៅក្នុងរោងចក្រ។
លោកបានស្នើឱ្យអាជ្ញាធរ និងភាគីពាក់ព័ន្ធទាំងអស់អន្តរាគមន៍ដើម្បីជួយទៅដល់កម្មករដែលកំពុងប្រឈមនឹងការបាត់បង់ការងារ។
លោកថ្លែងថា៖ «សង្ឃឹមថាក៏ដូចជាការសំណូមពរដល់ស្ថាប័នដែលពាក់ព័ន្ធសូមលោកជួយធ្វើម៉េចកុំឱ្យកម្មករគាត់បាត់បង់អត្ថប្រយោជន៍ច្រើន ហើយជំរុញដោះស្រាយឱ្យគាត់ឱ្យបានឆាប់»។
នៅក្នុងហេតុការណ៍ឆេះរោងចក្រនេះ កម្មករមិនទទួលរងគ្រោះថ្នាក់នោះទេ ដោយសារពេលដែលអគ្គិភ័យកើតឡើង ជាវេលាដែលកម្មករភាគច្រើនបានសម្រាកពីការងារ។ នេះបើតាមមន្ត្រីសហជីព និងរដ្ឋាភិបាល។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយវីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាម អ្នកនាំពាក្យក្រសួងការងារលោក កត្តា អ៊ន ប្រាប់វីអូអេថា ក្រោយពីទទួលបានព័ត៌មានពាក់ព័ន្ធនឹងករណីឆេះរោងចក្រ R.G Footwear នេះ ថ្នាក់ដឹកនាំរបស់ក្រសួងបានចុះទៅកាន់ទីកន្លែងកើតហេតុដើម្បីជួយគ្រប់គ្រង និងពិនិត្យអំពីស្ថានភាពនៃអគ្គីភ័យ និងថាសមត្ថកិច្ចកំពុងតែស៊ើបអង្កេតទៅលើមូលហេតុនៅពីក្រោយការកើតឡើងគ្រោះនូវអគ្គិភ័យនោះ។
លោកបន្ថែមថា គ្មានកម្មករណាម្នាក់រងរបួសនោះទេ ព្រោះមានការធ្វើអន្តរាគមន៍ទាន់ពេលវេលាពីភាគីរោងចក្រ និងអាជ្ញាធរមូលដ្ឋាន។
លោកបញ្ជាក់ថា៖ «ក្រសួងសូមបញ្ជាក់ថាអត្ថប្រយោជន៍ ប.ស.ស. រួមមានផ្នែកថែទាំសុខភាព អត្ថប្រយោជន៍នៅពេលសម្រាលកូន ក៏ដូចជាការពិនិត្យផ្ទៃពោះ បងប្អូនកម្មករនិយោជិតដែលជាសមាជិក ប.ស.ស នៅតែទទួលបានអត្ថប្រយោជន៍នៃការប្រើប្រាស់ប.ស.ស.ជាធម្មតា»។
បើតាមអ្នកនាំពាក្យរូបនេះ ក្រសួងនិងភាគីពាក់ព័ន្ធកំពុងតែសិក្សាពីទំហំនៃផលប៉ះពាល់និងការខូចខាតនានា។
វីអូអេមិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយពីភាគីថៅកែរោងចក្របាននៅឡើយទេនៅថ្ងៃអង្គារនេះ។
គេមិនទាន់ដឹងថាតើ រោងចក្រ R.G Footwear បានគោរពទៅតាមនិយាមសុវត្ថិភាព ដើម្បីការពារសុវត្ថិភាពរបស់កម្មករ នៅពេលមានករណីឆេះអគារក្នុងរោងចក្រដ៏មហន្តរាយនោះ។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់លោក ឃុន ថារ៉ូ ប្រាប់វីអូអេថា មកទល់ពេលនេះគេនៅមិនទាន់អាចធ្វើការសន្និដ្ឋានបែបណានោះទេថាតើភ្លើងឆេះដោយរបៀបណាក្នុងករណីឆេះរោងចក្រ R.G Footwear ខណៈលោកថាករណីនេះត្រូវការពេលវេលានៅក្នុងការស៊ើបអង្កេត។
បើតាមលោក ឃុន ថារ៉ូ ក្រុមការងាររបស់លោកកំពុងតែប្រមូលព័ត៌មានវិភាគទៅ លើថាតើកិច្ចអន្តរាគមន៍បែបណាដែលអាចជួយដល់កម្មករបាន ហើយថាតើរោងចក្រមានបណ្ណធានារ៉ាប់រងដែរឬអត់។
លោកបញ្ជាក់ថា៖ «ហើយក្នុងករណីដែលក្រុមហ៊ុនបិទថាតើអ្នកណាដែលមានកាតព្វកិច្ចទូទាត់សំណងទៅដល់កម្មករនិយោជិត ប៉ុន្តែនៅចំពោះមុខចំពោះប្រាក់ឈ្នួលអត្ថប្រយោជន៍នេះវាជាកាតព្វកិច្ចរបស់ក្រុមហ៊ុនហើយ»។
ចំណែកលោក ជុំ សុភា អាយុ៤២ឆ្នាំ ជាកម្មករដែលបានធ្វើការនៅរោងចក្រ R.G. Footwear អស់រយៈពេល៩ឆ្នាំមកហើយ ប្រាប់វីអូអេថា បើសិនជារោងចក្រពិតជាបិទមែន នោះលោកនឹងប្រឈមនូវបញ្ហាផ្សេងៗដូចជាការអត់ការងារ អត់ប្រាក់ចំណូលដើម្បីបង់ធនាគារ និងចិញ្ចឹមកូនបីនាក់ផងដែរ។
លោកបញ្ជាក់ថា៖ «រោចក្របិទទៅប្រឈមមុខនឹងបញ្ហាទី ១ អត់ការងារធ្វើ ហើយប្រាក់ចំណូលគឺយើងអត់មានអ៊ីចឹង ហើយយើងអាយុច្រើនទៀត អត់ដឹងទៅធ្វើនៅណា។យើងជំពាក់លុយធនាគារ នៅចិញ្ចឹមកូន។គ្រួសារយើងពឹងលើយើងម្នាក់អ៊ីចឹង»។
កម្មកររូបនេះស្នើឱ្យក្រសួងពាក់ព័ន្ធ និងភាគីរោងចក្រដោះស្រាយនិងផ្តល់អត្ថប្រយោជន៍មកដល់កម្មករឱ្យស្របទៅតាមច្បាប់ការងាររបស់ប្រទេសកម្ពុជា៕