ជនជាតិអាហ្វ្រិកប្រហែល៤ម៉ឺននាក់នៅក្នុងប្រទេសអ៊ីស្រាអែលកំពុងប្រឈមនឹងអនាគតស្រពេចស្រពិល នៅស្របពេលអ៊ីស្រាអែលនៅបន្តព្យាយាមចាប់បញ្ជូនពួកគេត្រឡប់ទៅប្រទេសកំណើតវិញ។
ពួកចំណាកស្រុកជនជាតិអាហ្វ្រិកបានប្រឈមនឹងបញ្ហាវឹកវរនេះចាប់តាំងពីសបា្តហ៍មុនមក នៅពេលដែលរដ្ឋាភិបាលអ៊ីស្រាអែលកំពុងចាត់វិធានការបញ្ជូនពួកគេត្រឡប់ទៅវិញ។
កាលពីដំបូងលោកនាយករដ្ឋមន្រ្តី Benjamin Netanyahu បានប្រកាសថាអ៊ីស្រាអែលបានឈានដល់កិច្ចព្រមព្រៀងជាមួយនឹងទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិហើយ។ នៅក្រោមកិច្ចព្រមព្រៀងនេះជនជាតិអាហ្វ្រិកចំនួន១ម៉ឺន៦ពាន់នាក់នឹងត្រូវបញ្ជូនទៅកាន់ប្រទេសលោកខាងលិច ហើយចំនួនជាង២ម៉ឺននាក់ផ្សេងទៀតនឹងត្រូវអនុញ្ញាតឲ្យតាំងទីលំនៅក្នុងប្រទេសអ៊ីស្រាអែល។
ការប្រកាសនោះបានធ្វើឲ្យពួកជនចំណាកស្រុកសប្បាយរីករាយ ប៉ុន្តែមិនយូរប៉ុន្មានលោក Netanyahu បានលុបចោលកិច្ចព្រមព្រៀងនេះវិញភ្លាមៗ បន្ទាប់ពីដៃគូសម្ព័ន្ធមិត្តរបស់លោកបានទាមទារថាពួកចំណាកស្រុកជនជាតិអាហ្រ្វិកទាំងនោះត្រូវបញ្ជូនទៅប្រទេសកំណើតរបស់ពួកគេវិញ។ រដ្ឋាភិបាលអ៊ីស្រាអែលមិនទទួលយកការអះអាងរបស់ជនជាតិអាហ្វ្រិកទាំងនោះថាពួកគេជាជនភៀសខ្លួននោះទេ ប៉ុន្តែបានចាត់ទុកពួកគទាំងនោះថាជាជនចំណាកស្រុកស្វែងរកការងារធ្វើ និងថាជាជនល្មើស។ ជនចំណាកស្រុកដែលមកដល់អ៊ីស្រាអែលភាគច្រើនមកពីប្រទេសដែលមានសង្រ្គាមហែកហួរដូចជាប្រទេសអេរីត្រេ និងប្រទេសស៊ូដង់ជាដើម៕