រដូវក្តៅកំពុងតែខិតជិតមកដល់ ហើយនឹងមានអ្នកដើរលេងកម្សាន្ត និងអ្នកទៅទស្សនាឧទ្យានជាតិ និងឧទ្យានរដ្ឋរបស់សហរដ្ឋអាមេរិកយ៉ាងច្រើនក្នុងរយៈពេលនេះ។ បើយោងតាមតួលេខរបស់រដ្ឋាភិបាលអាមេរិក សម្រាប់តែឆ្នាំ២០១៥ប៉ុណ្ណោះ មានមនុស្សរាប់លាននាក់បានទៅទស្សនាឧទ្យានជាតិនានា។
ប៉ុន្តែការស្រាវជ្រាវដែលធ្វើឡើងនៅដេប៉ាតឺម៉ង់វិទ្យាសាស្ត្រធម្មជាតិរបស់សាកលវិទ្យាល័យ Missouri បានបង្ហាញថា ពលរដ្ឋអាមេរិកាំងស្បែកខ្មៅទំនងមិនចង់ចូលរួមឲ្យស្គាល់ពីភាពអស្ចារ្យនៃឧទ្យានជាតិនានារបស់អាមេរិក ដូចពលរដ្ឋអាមេរិកាំងស្បែក-សនោះទេ។ ការស្រាវជ្រាវពីមុនៗបង្ហាញថា នេះមកពីភាពខុសគ្នានៃវប្បធម៌រវាងពលរដ្ឋស្បែកស និងស្បែកខ្មៅ។
កេរ្តិ៍តំណែលនៃជនរងគ្រោះដោយសារការប្រកាន់ពូជសាសន៍នៅមានបន្តដល់សព្វថ្ងៃ
លោកសាស្ត្រាចារ្យ Kanjae “Jerry” Lee នៃសាកលវិទ្យាល័យខាងលើនេះ ដែលបានដឹកនាំការសិក្សាស្រាវជ្រាវនោះបាននិយាយថា ការវិភាគមួយនោះមិនធ្វើឡើងឲ្យស៊ីជម្រៅគ្រប់គ្រាន់នោះទេ។ ការសិក្សាជ្រាវជ្រាវនោះត្រូវបានគេដាក់ចំណងជើងថា «Bourdieu និងការទៅទស្សនាឧទ្យាននៃប្រជាជនអាមេរិកាំងដែលមានដើមកំណើតអាហ្វ្រិក៖ ករណីសិក្សានៃឧទ្យាន Cedar Hill ក្នុងរដ្ឋតិចសាស់»។
«យើងត្រូវតែយល់ពីរបៀបដែលការគាបសង្កត់រាប់សតវត្សរ៍បានបង្កើតនូវផ្នត់គំនិតជាក់លាក់មួយក្នុងចំណោមប្រជាជន»។
សម្រាប់ការសិក្សាស្រាវជ្រាវរបស់គាត់ លោក Lee បានធ្វើការសម្ភាសន៍ស៊ីជម្រៅជាមួយពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិក ១៣នាក់មកពីក្រុង Cedar Hill រដ្ឋតិចសាស់។ មនុស្សភាគច្រើនជាពលរដ្ឋវណ្ណៈកណ្តាល និងរស់នៅក្បែរឧទ្យាន Cedar Hills។
លោក Lee បានកត់សម្គាល់ថា ការរើសអើងជាតិសាសន៍ខាងផ្លូវច្បាប់មិនមានទៀតនោះទេ។ ក៏ប៉ុន្តែ លោកនិយាយថា ការមិនទៅទស្សនាឧទ្យាននេះនៅតែកើតឡើង ដោយសារតែឪពុកម្តាយ និងជីដូនជីតា ជីលួតជីលារបស់អ្នកដែលលោកបានសម្ភាសន៍តែងតែភ័យខ្លាចពីអាយុជីវិតរបស់ពួកគេ ដែលស្ថិតក្នុងកណ្តាប់ដៃរបស់ពលរដ្ឋស្បែកស។ «វាបានបង្កើតនូវផ្នត់គំនិតជាក់លាក់មួយក្នុងសហគមន៍ជនជាតិអាមេរិកដើមកំណើតអាហ្វ្រិក។ ដូច្នេះ សមាជិកគ្រួសាររបស់ពួកគេមិនអាចបង្កើតឲ្យមានវប្បធម៌ដែលឲ្យតម្លៃដល់ឧទ្យាន ឬបរិយាកាសនៃការ កម្សាន្តនៅតាមទីធម្មជាតិនានានោះទេ»។
ប្រវត្តិសាស្ត្រនាពេលអតីតកាល ភាពភ័យខ្លាចនាពេលបច្ចុប្បន្ន
ប៉ុន្តែការមិនចង់ទៅទស្សនាឧទ្យានរបស់ពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិកមិនមែនដោយសារតែការរំលោភបំពានដែលបន្សល់ពីអតីតកាលនោះទេ។ អ្នកត្រូវបានសម្ភាសន៍ភាគច្រើននិយាយថា ពួកគេធ្លាប់ឆ្លងកាត់ការរើសអើងពូជសាសន៍ពីក្រុមពលរដ្ឋស្បែកសនៅក្នុងសហគមន៍របស់គេនាពេលបច្ចុប្បន្ននេះ ហេតុនេះហើយពួកគេក៏គិតថាការរើសអើងបែបនេះអាចនឹង «ឆ្លងទៅដល់» ពលរដ្ឋស្បែកសនៅតាមឧទ្យាននោះ។
ម្យ៉ាងទៀត ឧទ្យាន Cedar Hill ស្ថិតនៅលើទីតាំងចម្ការពីមុន។ ចម្ការនោះត្រូវបានគ្រប់គ្រងដោយក្រុមគ្រួសារមួយដែលមានទាសករសុទ្ធតែជាពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិក ។ ការពិតមួយនេះមិនត្រូវបានគេចាប់អារម្មណ៏ក្នុងការដាក់សញ្ញាសម្គាល់ក្នុងឧទ្យាននោះទេ ដែលបែជាហៅកន្លែងនោះថា «កសិដ្ឋាន»។ លោក Lee និយាយថា ការមិនទទួលស្គាល់ប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនៃទីតាំងរបស់ឧទ្យាននេះ មានន័យស្មើនឹងរើសអើងពូជសាសន៍នៅក្នុងចិត្តរបស់ពលរដ្ឋស្បែកខ្មៅ។
លោក Lee ផ្តល់នូវវិធីសាស្រ្តមួយចំនួនដែលអាចនឹងជួយពលរដ្ឋស្បែកខ្មៅឲ្យយល់ថា ឧទ្យានជាតិ និងឧទ្យានរដ្ឋក៏ជាកេរ្តិ៍ដំណែល និងភាពរីករាយរបស់ពួកគេដែរ។
«យើងត្រូវតែធ្វើឲ្យប្រាកដថា ពលរដ្ឋស្បែកខ្មៅជំនាន់ក្រោយយល់ថា ការទៅទស្សនាឧទ្យាន និងកន្លែងកម្សាន្តខាងក្រៅផ្សេងទៀតផ្តល់គុណប្រយោជន៍ដល់សុខភាព និងសង្គមជាច្រើន»។
ការអប់រំឲ្យពលរដ្ឋស្បែកខ្មៅ «ចេះទាមទារនូវចំណែករបស់ខ្លួន»
លើសពីនេះទៅទៀ ដោយសារតែឧទ្យានជាតិ និងឧទ្យានរដ្ឋត្រូវបានគ្រប់គ្រង និងត្រូវបានបង់ថ្លៃតាមរយៈប្រាក់ប្រជាជនបង់ពន្ធជូនរដ្ឋ លោក Lee និយាយថា ពលរដ្ឋស្បែកខ្មៅត្រូវតែភ្ញាក់រឭកថា ការនៅផ្ទះមានន័យថា ប្រាក់ពន្ធដែលពួកគេបង់ ត្រូវបានយកទៅចំណាយលើអ្នកផ្សេង ដែលជាទូទៅ គឺទៅលើពលរដ្ឋស្បែកស។ លោក Lee បានបន្ថែមថា «ខ្ញុំគិតថា វិធីសាស្ត្រមួយចំនួនអាចជាការទៅទាក់ទងជាមួយសាលាក្នុងតំបន់ និងការនាំក្មេងៗឲ្យទៅលេងនៅឧទ្យាន ក្នុងន័យជាការចុះទស្សនកិច្ចសិក្សា ឬដំណើរពិកនិក ឬកម្មវិធីផ្សេងៗទៀត ដូច្នេះពួកគេអាចស្គាល់ឧទ្យានជាតិទាំងអស់នេះ»។
ការសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យ Missouri មួយនេះ មិនបានបញ្ចូលឲ្យមានការចូលរួមពីសំណាក់ពលរដ្ឋស្បែកខ្មៅក្នុងរដ្ឋដទៃ ឬឧទ្យានជាតិដទៃទៀតដូចជា ឧទ្យានជាតិ Yellowstone ឧទ្យានជាតិ Glacier ឬឧទ្យានជាតិភ្នំ Great Smoky ទេ។ លោក Lee នៅតែមានទំនុកចិត្តថា លំអានដែលលោក និងសហការីរបស់លោកបានរកឃើញនៅក្នុងក្រុងCedar Hills រដ្ឋតិចសាស់ ក៏បានរកឃើញនៅតាមទីកន្លែងពេញនិយម និងកន្លែងសម្រាកក្នុងរដូវក្តៅផ្សេងទៀតផងដែរ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ