មន្ត្រី​អាហ្វហ្គានីស្ថាន​​​និយាយ​សម្រាល​​អំពី​​ព័ត៌មាន​​នៃ​ការ​ដក​កងទ័ព​អាមេរិក

រូបឯកសារ៖ ទាហាន​សហរដ្ឋអាមេរិក​​កំពុង​ស្ដាប់​ការ​ណែនាំ​ពី​មេបញ្ជាការ​របស់​ខ្លួន​អំពី​ប្រតិបត្តិការ​ក្នុង​ខេត្ត Laghman ប្រទេស​អាហ្វហ្កានីស្ថាន ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤។

មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​កំពុងនិយាយ​សម្រាល​អំពី​សេចក្តី​រាយការណ៍ដែល​ថា សហរដ្ឋ​អាមេរិក​អាច​នឹង​មាន​ផែនការ​ដក​កងទ័ព​អាមេរិក​ពី​អាហ្វហ្គានីស្ថាន​នោះ​ ដោយ​និយាយ​ថា​ កង​កម្លាំង​ក្នុង​ស្រុក​កំពុង​ធ្វើ​ប្រតិបត្តិការ​សន្តិសុខ​ស្ទើរតែ​ទាំងអស់​ដោយ​ឯករាជ្យ​នៅ​ទូទាំង​ប្រទេស​ ហើយ​ពឹង​ផ្អែក​លើ​ការ​គាំទ្រ​ពី​ដៃគូ​បរទេស​តាម​អាកាស​បន្តិចបន្តួច​ប៉ុណ្ណោះ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិកបាន​រាយការណ៍​ថា ​លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ​ (Donald Trump)​ មាន​បំណង​កាត់បន្ថយ​ចំនួន​កងទ័ព​អាមេរិក​នៅ​អាហ្វហ្កានីស្ថាន​ពី​៤.៥០០​នាក់​មកត្រឹម​២.៥០០​នាក់។ វីអូអេ​មិនទាន់​អាច​បញ្ជាក់​ពីសេចក្តី​រាយការណ៍​នេះ​ទេ​ ហើយ​រហូត​មក​ដល់​ពេល​នេះ​មិនទាន់​មាន​សេចក្តី​ប្រកាស​ជា​ផ្លូវការ​ស្តីពី​ការ​ដក​កងទ័ព​អាមេរិក​នៅ​ឡើយ​ទេ។​

កាលពី​ថ្ងៃ​អង្គារ​ ពេល​ថ្លែង​ទៅ​កាន់​សភា​ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាហ្វហ្គានីស្ថាន​លោក ​Asadullah Khalid​ បាន​ព្យាយាម​បន្ធូរបន្ថយ​ការ​ព្រួយ​បារម្ភ​ក្នុង​ស្រុក​ដែល​ថា​ ការ​ដក​កងទ័ព​បរទេស​ភ្លាមៗ​ចេញ​ពី​ប្រទេស​នេះ​ នឹង​ធ្វើ​ឱ្យ​អន្តរាយ​ដល់​សមត្ថភាព​រដ្ឋាភិបាល​របស់​លោក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ឧទ្ទាម​តាលីបង់។​

លោក​ Khalid បាន​កត់​សម្គាល់​ថា​ បច្ចុប្បន្ន​កម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន​ធ្វើ​ប្រតិបត្តិការ​៩៦%​ប្រឆាំង​នឹង​ពួក​តាលីបង់​ដោយខ្លួន​ឯង ​និង​ទទួល​បាន​ការ​គាំទ្រ​តាម​អាកាស​ពី​ដៃគូ​បរទេស​ចំនួន​ ៤​ ភាគ​រយ​ប៉ុណ្ណោះ។

ព័ត៌មាន​អំពី​លទ្ធភាព​នៃ​ការ​កាត់​បន្ថយ​កម្លាំង​ទ័ព​អាមេរិក​នេះ​កើត​មាន​ឡើង ​ខណៈ​ដែល​កិច្ច​ចរចា​សន្តិភាព​រវាង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​និង​ក្រុម​តាលីបង់​បាន​ជាប់​គាំង ហើយអំពើ​ហិង្សា​បាន​កើន​ឡើង​ទូទាំង​ប្រទេស៕