អាហ្វហ្គានីស្ថាន​និយាយ​បង្កប់​ន័យ​ថា ប៉ាគីស្ថាន​កំពុង​តែ​គាំទ្រ​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម

លោក Hanif Atmar ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប្រទេស​អាហ្វហ្គានីស្ថាន​ថ្លែង​ក្នុង​បទសម្ភាសន៍​មួយ​នៅ​ក្នុង​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន​ កាលពី​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥។

ដោយ​មិន​បញ្ចេញ​ឈ្មោះ​ប្រទេស​ផ្ទាល់ ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប្រទេស​អាហ្វហ្គានីស្ថាន បាន​ចោទ​ប្រកាន់​ប្រទេស​ប៉ាគីស្ថាន ថា​ផ្តល់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​និង​សម្ភារៈ​ដល់​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន។ ​

លោក Hanif Atmar បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ពុធ​នៅ​ក្នុង​រដ្ឋធានី Jalalabad នៃ​ខេត្ត​ Nangarhar ថា កងកម្លាំង​សន្តិសុខ​នៃ​ប្រទេស​របស់​លោក ក្នុង​សប្តាហ៍​នេះ​បាន​ចាប់​ខ្លួន​សមាជិក​ក្រុម​រដ្ឋ​ឥស្លាម​៣​នាក់ ដែល​ដឹកនាំ​ដោយជន​សកម្ម​ប្រយុទ្ធ​ម្នាក់​ដែលមក​ពី​ប្រទេស​នៅ​អាស៊ី​កណ្តាល តាហ្ស៊ីគីស្ថាន (Tajikistan) ហើយ​តាមរយៈ​ការ​សួរ​ចម្លើយ​បុរស​ទាំង​នោះ​បាន​បង្ហាញ​ថា ពួកគេ​បាន​ទទួល​ការ​គាំទ្រ​ពី​បរទេស។

លោក Atmar បាន​មាន​ប្រសាសន៍​ថា «យើង​ដឹង​ពី​កន្លែង​ដែល​ពួកគេ​បាន​ទទួល​ការ​ហ្វឹកហ្វឺន នរណា​ដែល​ផ្តល់​អាវុធ​ដល់​ពួកគេ នរណា​ផ្តល់​ថវិកា​ឧបត្ថម្ភ​ដល់​ពួកគេ និង​នរណា​ដែល​គាំទ្រ​ពួកគេ»។ លោក​បាន​បន្ថែម​ថា ភាគច្រើន​នៃ​ជន​សកម្ម​ប្រយុទ្ធ​របស់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេសអាហ្វហ្គានីស្ថាន​មក​ពី​ប្រទេស​ប៉ាគីស្ថាន និង​មាន​ឯកសារ​អត្តសញ្ញាណ​ដែល​បញ្ជាក់​ពី​សញ្ជាតិ​របស់​ពួកគេ។ ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ាគីស្ថាន​មាន​ការ​ចូលរួម​ពី​ក្រុម​សកម្ម​ប្រយុទ្ធ​មក​ពី​បណ្តា​ប្រទេស​នៅ​អាស៊ី​កណ្តាល​និង​មជ្ឈិមបូព៌ា៕