អាហ្វហ្គានីស្ថាន​ចាប់​ផ្តើម​ដោះលែង​អ្នក​ទោស​តាលីបង់​៤០០​នាក់​ចុង​ក្រោយ

អ្នក​ទោស​តាលីបាន​​ដែល​ត្រូវ​បាន​ដោះ​លែង​ចុង​ក្រោយ។

មន្ត្រី​រដ្ឋាភិបាល​អាហ្វហ្គានី​ស្ថាននិយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា ប្រទេស​នេះ​បាន​ចាប់​ផ្តើម​ដោះលែង​អ្នក​ទោស​តាលីបង់​ចុង​ក្រោយ​៤០០​នាក់ ដោយ​អ្នក​ទោស​៨០​នាក់​ត្រូវ​បាន​ដោះលែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

ការ​ដោះលែង​នេះ​ជាលក្ខខណ្ឌ​សម្រាប់​ការ​ចរចា​សន្តិភាពនៅ​ក្នុង​ប្រទេស​ដែល​ត្រូវ​ហែកហួរ​ដោយ​សង្គ្រាម​មួយ​នេះ។

កាល​ពី​ដើម​ឆ្នាំ​នេះ ​សហរដ្ឋ​អាមេរិក​និង​ក្រុម​តាលីបង់​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដែល​ទាមទារ​ឲ្យតាលីបង់​ដោះលែង​បុគ្គលិក​យោធា​និង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​១.០០០​នាក់​ដែល​ខ្លួន​បាន​ឃុំឃាំង​ទុក ហើយ​ឲ្យ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ដោះលែង​អ្នក​ទោស​តាលីបង់​៥.០០០​នាក់​វិញ។

ប៉ុន្តែ​ការ​ដោះលែង​អ្នក​ទោស​តាលីបង់​ដែល​អ្នក​ខ្លះ​បាន​ប្រព្រឹត្ត​«ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ»​ផង​នោះ​ជា​បញ្ហា​ចម្រូង​ចម្រាស់​ រហូត​តម្រូវ​ឲ្យ​មាន​ការ​ប្រជុំ​ក្រុមប្រឹក្សា​ប្រពៃណីដើម្បី​សម្រេច​អំពី​រឿង​នេះ។​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ប្រធានាធិបតី​អាហ្វហ្គានី​ស្ថាន​លោក​ Ashraf Ghani ព្រមាន​ថា​ អ្នក​ទោស​តាលីបង់​៤០០​នាក់​នេះ​បង្ក​«គ្រោះថ្នាក់»​ដល់​ពិភពលោក។

ការ​ចរចា​សន្តិភាព​រវាង​ក្រុម​តាលីបង់​និង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​រំពឹង​ថា​នឹង​អាច​ធ្វើ​ឡើង​នៅ​ប្រទេស​កាតា​នៅ​ចុង​ខែ​សីហា​នេះ៕