ការ​រត់​ជាន់​គ្នា​និង​ការ​វាយ​ប្រហារ​នៅ​កន្លែង​ផ្សេងៗ​គ្នា​នៅ​អាហ្វហ្គានីស្ថាន​បាន​សម្លាប់​មនុស្ស​រាប់សិប​នាក់

  • Ayaz Gul

បុរសជនជាតិអាហ្វហ្គានីស្ថានរង់ចាំទទួលលេខរៀងដើម្បីដាក់សំណុំឯកសារទិដ្ឋាការធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថាន នៅទីក្រុង Jalalabad ប្រទេសអាហ្វហ្គានីស្ថាន ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។

មន្ត្រី​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន និយាយ​ថា ​ការ​រត់​ជាន់​គ្នា​មួយ​ក្បែ​រ​អគ្គកុងស៊ុល​ប៉ាគីស្ថាន ​ក្នុង​ទី​ក្រុង​ជាប់​ព្រំដែន​ភាគ​ខាង​កើត ​និង​ការវាយ​ប្រហារដោយ​ក្រុម​ឧទ្ទាម​ នៅ​កន្លែង​ផ្សេងៗ​ទៀត​ នៅ​ក្នុង​ប្រទេស​ដែល​ហែក​ហួរ​ដោយ​សង្រ្គាម​មួយ​នេះ​ បាន​សម្លាប់​មនុស្ស​ចំនួនប្រមាណ ​៥០ ​នាក់។​

សាក្សី​មួយ​ចំនួន​និយាយ​ថា ​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​រាប់​ពាន់​នាក់​បាន​មក​ជួប​ជុំ​គ្នា​នៅ​ព្រឹក​ថ្ងៃ​ពុធ ​ក្នុង​ពហុកីឡាន​ដ្ឋាន​មួយ​ ខាង​ក្រៅអគ្គកុងស៊ុលប៉ាគីស្ថាន ​ក្នុង​ទី​ក្រុង Jalalabad​ (ចាឡាឡាបាត)​ ដោយ​រង់​ចាំទទួល​យក​កាក់ដែល​តម្រូវ​ឲ្យ​មានសម្រាប់​ការ​ដាក់​ពាក្យ​សុំ​ទិដ្ឋាការរបស់ប៉ាគីស្ថាន មុន​ការ​ប្រជ្រៀត​រុញ​ច្រាន​គ្នា​មួយ​បាន​កើតមានឡើង ​ក្នុង​ចំណោម​អ្នក​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​ទាំង​នោះ។

មន្រ្តីអ្នក​នាំ​ពាក្យខេត្ត​ម្នាក់ ​ប្រាប់​វីអូអេ​ថា ​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ ១៥ ​នាក់​បាន​ស្លាប់​នៅ​ក្នុង​ហេតុកាណ៍​នោះ​ ដោយ​ក្នុង​នោះរួម​មានស្រ្តី​វ័យ​ចំណាស់ ​១១ ​នាក់​ផង​ដែរ​ ត្រូវ​បានគេជាន់​ស្លាប់​ក្នុង​ការ​រត់​ជាន់​គ្នា​មួយនៅ​ទី​នោះ។ មន្រ្តី​នាំ​ពាក្យ​ លោក Attaullah Khogyani (អាតូឡាស់ ខកយានី) បញ្ជាក់​ថា ​មាន​មនុស្ស​ជា​ច្រើនត្រូវ​បាន​គេ​រត់​ជាន់ ដែល​រួម​មាន​ស្ត្រី​ផង​ដែរ ​ខណៈ​ពេលដែលក្រុម​មនុស្ស​ជា​ច្រើន​បានព្យា​យាម​រត់​ចេញ​ពី​ពហុកីឡា​ដ្ឋាន​នោះ​។ លោក​រំពឹង​ថា​ ចំនួន​អ្នក​ស្លាប់នឹង​មានការ​កើន​ឡើង​ថែម​ទៀត។​

ទន្ទឹម​នឹង​នេះ​ដែរ​ ស្ថាន​ទូត​ប៉ាគីស្ថានក្នុង​ទី​ក្រុង​កាប៊ុល បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដោយ​ចូល​រួម​ការ​សោក​ស្តាយ និង​ក្រៀម​ក្រំចំពោះការ​បាត់​បង់​ជី​វិតរបស់ពលរដ្ឋ​អាហ្វហ្គានីស្ថានក្នុងហេតុការណ៍​នោះ​។​ សេចក្តី​ថ្លែង​ការណ៍នោះ​ក៏​បាន​គូស​បញ្ជាក់ផង​ដែរ​ថា ​ពហុកីឡា​ស្ថាន​នោះ​មាន​ចម្ងាយ​ប្រមាណ​ ៥ គីឡូម៉ែត្រ​ពី​អគ្គកុងស៊ុល​បាគីស្ថាន​ក្នុង​ទី​ក្រុង Jalalabad ដែល​នៅ​ទី​នោះ​អាជ្ញាធរ​អាហ្វហ្គានីស្ថាន​ជា​អ្នក​ប្រមូល​ការ​ជួប​ជុំ​ និងរៀប​ចំ​អ្នក​ដាក់ពាក្យ​សុំ​ទិដ្ឋាការ​ទាំង​នោះ។​

ប្រទេស​ប៉ាគីស្ថាន​ក្នុង​ពេល​ថ្មី​ៗ​នេះ​បានសម្រួល​គោល​ការណ៍​ផ្តល់​ទិដ្ឋាការ​ដល់​ពលរដ្ឋអាហ្វហ្គានីស្ថាន ដើម្បី​លើក​ទឹក​ចិត្តឲ្យ​មានការ​ទាក់​ទង​គ្នា​រវាង​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​ ដែល​មានព្រំ​ដែនជាប់​គ្នា​ប្រវែង​ជិត​ ២៦០០​ គីឡូម៉ែត្រ។

ទន្ទឹម​នឹង​នេះ​ដែរ​អាជ្ញាធរ​ក្នុង​ខេត្ត Takhar (តាខា) ក្នុងភាគឦសានប្រទេស​អាហ្វហ្គានីស្ថាន ​និយាយនៅ​ថ្ងៃពុធ​ថា ក្រុម​ឧទ្ទាម​តាលីបង់នៅ​ទី​នោះ​បាន​សម្លាប់​ទាហានរដ្ឋា​ភិបាល​យ៉ាង​តិច​ចំនួន​ ៣៤ ​នាក់ ក្នុង​ការ​វាយ​ប្រហារកាល​ពី​ពេល​យប់។ ​អ្នកនាំ​ពាក្យ​អាជ្ញាធរ​មូលដ្ឋាន​ប្រាប់​វីអូអេ​ថា ប្រធាន​ស្នង​ការ​ប៉ូលិស​ខេត្តទទួល​បន្ទុក​ផ្នែក​សន្តិសុខ ​ក៏​ស្ថិត​ក្នុង​ចំណោម​អ្នកដែល​ត្រូវ​បាន​សម្លាប់​ទាំង​នោះ​ផង​ដែរ៕