កាលពីថ្ងៃសៅរ៍ម្សិលមិញ សហរដ្ឋអាមេរិកបានជំរុញភាគីជម្លោះនៅក្នុងប្រទេសអាហ្វហ្គានីស្ថានឲ្យចរចាសន្តិភាពដោយផ្ទាល់ជាលើកដំបូងបង្អស់ ក្នុងគោលបំណងដើម្បីសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងចែកអំណាចមួយដែលសម្របតាម «ទស្សនៈប្រឆាំងគ្នានានា» និងបញ្ចប់ជាអចិន្ត្រៃយ៍នូវការបង្ហូរឈាមរាប់ទសវត្សរ៍កន្លងមកនៅក្នុងប្រទេស។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានថ្លែងដូច្នេះនៅឯពិធីពិសេសមួយក្នុងទីក្រុងដូហា ប្រទេសកាតា ដែលជាការបង្ហាញអំពីការចាប់ផ្ដើមនូវកិច្ចចរចារវាងក្រុមបះបោរតាលីបង់ និងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដែលមានការសម្របសម្រួលដោយសហរដ្ឋអាមេរិក។
លោក Pompeo បាននិយាយដូច្នេះថា៖ «ថ្ងៃនេះគឺជាឱកាសដ៏សំខាន់ពិតប្រាកដមួយ។ ប្រជាពលរដ្ឋអាហ្វហ្គានីស្ថានបានសម្រេចចិត្តជាយូរមកហើយក្នុងការអង្គុយរួមគ្នា និងត្រួសត្រាយផ្លូវថ្មីមួយសម្រាប់ប្រទេសរបស់ខ្លួន។ នេះគឺជាឱកាសដែលយើងត្រូវតែហ៊ានសង្ឃឹម»។
លោក Pompeo បានរំឭកថា ការចរចានេះនឹង «ប្រាកដជាប្រឈមនឹងឧបសគ្គជាច្រើន» ដោយសារតែមានការបែកបាក់គ្នាអស់រយៈពេលរាប់ទសវត្សរ៍មកហើយ ប៉ុន្តែភាគីទាំងពីរចាំបាច់ត្រូវ «អត់ធ្មត់» ដើម្បីក្ដាប់យកឱកាសនេះបើកទំព័រថ្មីនៃប្រវត្តិសាស្ត្រប្រទេសអាហ្វហ្គានីស្ថាន។
លោក Pompeo បានសង្កត់ធ្ងន់ថា៖ «យើងសង្ឃឹមថា ទំព័រថ្មីនេះគឺជាទំព័រនៃការផ្សះផ្សា និងការវិវឌ្ឍ មិនមែនជាទំព័រនៃទឹកភ្នែក និងការបង្ហូរឈាមមួយទៀតនោះទេ។ យើងជំរុញឲ្យអ្នកធ្វើការសម្រេចចិត្តបែបណាដែលអាចឲ្យអ្នកអាចគេចចេញពីអំពើហិង្សា និងអំពើពុករលួយ ដើម្បីឆ្ពោះទៅរកសន្តិភាព និងវិបុលភាព»។
លោក Pompeo បានកត់សម្គាល់ថា កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រដែលសហរដ្ឋអាមេរិកសម្រេចបានជាមួយនឹងពួកតាលីបង់កាលពីថ្ងៃទី ២៩ ខែកុម្ភៈ បានត្រួសត្រាយផ្លូវឲ្យមានការចាប់ផ្ដើមនូវការចរចារវាងភាគីជម្លោះនៅក្នុងប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃសៅរ៍ម្សិលមិញ៕