ប្រធានាធិបតី Ashraf Ghani នៃប្រទេសអាហ្វហ្គានីស្ថានបានគោរពវិញ្ញាណខណ្ឌដល់សម្ព័ន្ធមិត្តអាមេរិកាំងដែលរួមមានយុទ្ធជនអាមេរិកផងដែរនោះ ចំពោះការគាំទ្ររបស់ពួកគេនៅក្នុងបុព្វហេតុសេរីភាព។
លោកប្រធានាធិបតី Ghani បានប្រាប់សម័យប្រជុំរួមរបស់សភាថា «ប្រជាពលរដ្ឋអាហ្វហ្គានីស្ថានទទួលស្គាល់ពីភាពក្លាហានរបស់ទាហានទាំងនោះ ហើយនិងការពលិកម្មដ៏មហិមាដែលពលរដ្ឋអាមេរិកាំងបានធ្វើដើម្បីធ្វើឲ្យប្រទេសអាហ្វហ្គានីស្ថានមានសេរីភាព។ យើងបានជំពាក់គុណយ៉ាងច្រើនដល់ទាហានទាំងអស់នោះដែលបានបាត់បង់ជើងដោយសារគ្រាប់បែកដែលគេបង្កប់នៅក្នុងដី យើងបានជំពាក់គុណដល់អតីតយុទ្ធជនដ៏អង់អាចក្លាហាន ហើយនិងក្រុមគ្រួសារដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួនដោយសារសកម្មភាពដ៏កំសាករបស់សត្រូវ។
ដំណើរបំពេញទស្សនៈកិច្ចរបស់លោក Ghani មកកាន់សហរដ្ឋអាមេរិក ហើយនិងសុន្ទរកថារបស់លោកទៅកាន់សភា ដែលនេះជាកិត្តិយសមួយតាមរយៈការបង្ហាញក្តីគោរពដល់មេដឹកនាំបរទេសគ្រប់រូបដែលបំពេញទស្សនៈកិច្ចក្នុងរដ្ឋធានីវ៉ាស៊ីនតោន ជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែងដើម្បីប៉ះប៉ូវទំនាក់ទំនងរវាងប្រទេសទាំង២ដែលមានភាពតានតឹងដោយសារសង្គ្រាមអស់រយៈពេលជិត១៤ឆ្នាំ។
កាលពីថ្ងៃអង្គារ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ានិងលោក Ghani បានជួបគ្នាហើយបានធ្វើសន្និសីទកាសែតរួមគ្នាមួយ។ មេដឹកនាំអាហ្វហ្គានីស្ថានបានមានប្រសាសសន៍ថា មានការងារជាច្រើនទៀតដើម្បីធ្វើឲ្យប្រាកដថា ប្រទេសរបស់លោកមានសុវត្ថិភាព ផុតពីការវាយប្រហាររបស់ក្រុមបះបោរ។ លោកប្រធានាធិបតីអូបាម៉ាបានប្រកាសថា កងទ័ពសហរដ្ឋអាមេរិក៩ពាន់៨រយនាក់ដែលនៅពេលបច្ចុប្បន្ននេះកំពុងបម្រើការងារនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននឹងមិនត្រូវកាត់បន្ថយចំនួនពាក់កណ្តាល ដូចទៅតាមការគ្រោងទុកទេ ក៏ប៉ុន្តែជាជំនួសទៅវិញ កងទ័ពទាំងនោះនឹងស្ថិតនៅទីនោះយ៉ាងហោចណាស់ក៏ដល់បំណាច់ឆ្នាំនេះដែរ៕