លោកប្រធានាធិបតីអាហ្វហ្គានីស្ថាន Ashraf Ghani និងលោកប្រធានប្រតិបត្តិ Abdullah Abdullah បានបើកកិច្ចចរចាជាមួយក្រុមមន្ត្រីជាន់ខ្ពស់ស.រ.អា.នៅCamp David ដែលជាកន្លែងសម្រាកលំហែកាយរបស់ប្រធានាធិបតីអាមេរិកាំង ក្នុងរដ្ឋ Maryland កាលពីថ្ងៃច័ន្ទ។
លោក Ghani បានមានប្រសាសន៍ថា «ភាពជាដៃគូរបស់ប្រទេស អាហ្វហ្គានីស្ថានជាមួយស.រ.អា.មានគ្រឹះរឹងមាំ «ហើយលោកបានអរគុណស.រ.អា.ដែលបានផ្តល់ «សេរីភាពនិងសេចក្តីសង្ឃឹម» ជូនប្រទេសលោក។
លោក Ghani បាននិយាយថា «យើងសប្បាយរីករាយក្រៃលែងដែលមានឱកាស ពិភាក្សាទៅបរិបទដែលមានការផ្លាស់ប្តូរ ហើយនេះអាចបញ្ជាក់អំពីភាពជាដៃគូមួយដែលផ្អែកលើសេចក្តីថ្លៃថ្នូរ ការគោរពដំណើរការប្រជាធិបតេយ្យ កំណែទម្រង់ការបោះឆ្នោត ការកែទម្រង់សេដ្ឋកិច្ចដ៏ទូលំទូលាយ អភិបាលកិច្ចនិងបញ្ហាពាក់ព័ន្ធឯទៀតៗ»។
មេដឹកនាំអាហ្វហ្គានីស្ថានថ្មីរូបនេះបានប្តេជ្ញាថានឹងយកជ័យជំនះលើក្រុមបះបោរតាលីបាន់ដែលព្យាយាមផ្តួលរំលំរដ្ឋាភិបាលលោកនៅក្នុងការប្រយុទ្ធដែលមានជាបន្តបន្ទាប់ ជាង១៣ឆ្នាំនៅក្រោយស.រ.អា.បានចូលលុកលុយប្រទេសអាហ្វហ្គានីស្ថានដើម្បីវាយប្រហារក្រុមជនសកម្មប្រយុទ្ធ al-Qaida នៅក្រោយការវាយប្រហារភេរវកម្មរបស់ពួកគេលើស.រ.អា.កាលពីឆ្នាំ២០០១។
នៅថ្ងៃអង្គារនេះ លោក Ghani និងលោក Abdullah នឹងជួបជាមួយលោកប្រធានាធិបតីស.រ.អា. បារាក់ អូបាម៉ា និងលោកអនុប្រធានាធិបតី Joe Biden ហើយលោក Ghani នឹងថ្លែងសុន្ទរកថាទៅកាន់ការប្រជុំរួមមួយនៃសភាស.រ.អា.នៅថ្ងៃពុធស្អែកនេះ។ នៅថ្ងៃព្រហស្បតិ៍ មេដឹកនាំអាហ្វហ្គានីស្ថានទាំងពីរនាក់នេះនឹងធ្វើដំណើរទៅកាន់បុរី New York ដើម្បីជួបជាមួយក្រុមមន្ត្រីអ.ស.ប.៕