នៅក្នុងសុន្ទរកថាកាលពីយប់ថ្ងៃពុធទៅកាន់ពលរដ្ឋអាមេរិក លោកប្រធានាធិបតីអូបាម៉ាថ្លែងថា ស.រ.អានឹងដកទ័ព ដំបូង ១ម៉ឺននាក់ ពីចំណោមទ័ព៣ម៉ឺន៣ពាន់នាក់ដែលលោកបានបញ្ជូនទៅ Afghanistanបន្ថែម កាលពីចុងឆ្នាំ ២០០៩ នៅមុនដំណាច់ឆ្នាំនេះ។ ហើយលោកនិងដកទ័ពចំនួន ២ម៉ឺន ៣ពាន់នាក់ទៀត នៅដំណាច់ឆ្នាំ ២០១២។
សព្វថ្ងៃមានទ័ពអាមេរិកប្រមាណ១សែននាក់ ធ្វើសង្គ្រាមនៅប្រទេស Afghanistan ដែលមានរយៈពេលជិត១០ឆ្នាំហើយ។ លោក Obama ថ្លែងថា ដល់ពេលដកទ័ពមួយចំនួនមកវិញហើយ។ លោកថ្លែងអំពីគោលជំហររឹងមាំរបស់អាមេរិក និង អូតង់ និងជ័យជំនះលើពួក Taliban។ លោក Obama ថ្លែងថា ពួក al-Qaida នៅប៉ាគីស្ថានថិតនៅក្រោមការគាបសង្កត់ខ្លាំងឡើងជាងពេលណាទាំងអស់ តាំងពីការវាយប្រហារលើសរអានៅឆ្នាំ២០០១មក និងការស្លាប់របស់ Osama bin Laden។
«ចាប់ពីខែក្រោយទៅ យើងនិងអាចដកទ័ព ១ម៉ឺននាក់ ពី Afghanistan រហូតដល់ចុង ឆ្នាំនេះ ហើយយើងនិងដកទ័ព ៣ម៉ឺន ៣ពាន់នាក់ទៀតនៅរដូវក្តៅឆ្នាំក្រោយ គឺដកទ័ពបន្ថែមទាំងអស់ ដែលខ្ញុំបានប្រកាសនៅបណ្ឌិតសភា West Point។ ក្រោយពីនោះមក ទ័ពយើងនិងវិលត្រឡប់មកវិញជាបន្តបន្ទាប់ ខណៈដែលកងសន្តិសុខ Afghan ចូលមកជំនួស»។ លោក Obama ថ្លែងថាកងកម្លាំង Afghan បានទទួលយកភារៈកិច្ចការពារសន្តិសុខនៅតំបន់ខ្លះរួចជាស្រេចទៅហើយ»។
លោកបញ្ជាក់ឡើងវិញថា ពួក Taliban ដែលកំពុងចចារជាមួយរដ្ឋាភិបាល Afghan ចាំបាច់ត្រូវបំបែកខ្លួនពីពួក al-Qaida បោះបង់ចោលអំពើហិង្សា និង គោរពតាមរដ្ឋធម្មនុញ្ញនៃប្រទេស Afghanistan។
លោក Obama ថ្លែងថា គោលដៅធ្វើឲ្យប្រទេស Afghanistan មិនមែនជាទីជម្រកសុខសាន្តរបស់ពួក al-Qaida អាចសម្រេចទៅបាន ប៉ុន្តែលោកបានថ្លែងថា ពលរដ្ឋ Afghan ចាំបាច់ត្រូវតែធ្វើឲ្យប្រទេសរបស់ខ្លួន មានសន្តិសុខ។
«យើងនិងមិនព្យាយាមធ្វើឲ្យ Afghanistan ក្លាយទៅជាកន្លែងល្អឥតខ្ចោះទេ។ យើងមិនអាចយាមផ្លូវ ឬ យាមល្បាតភ្នំនៃប្រទេសនេះរហូតទេ។ នោះជាការទទួលខុសត្រូវរបស់ Afghanistan ដើម្បីការពារពលរដ្ឋរបស់ខ្លួន និងងាកទៅរកសេដ្ឋកិច្ចមួយដែលអាចជួយដល់សន្តិភាពជាប់លាប់មួយ»។
អគ្គលេខាធិការអូតង់ ឧតម្តសេនីយ៍ Anders Fogh Rasmussen កោតសរសើរដល់សេចក្តីប្រកាសរបស់លោក Obama និងដល់កិច្ចប្រឹងប្រែងរបស់សរអា និង អូតង់ នៅ Afghanistan។
«ពួក Taliban កំពុងឋិតនៅក្រោមការគាបសង្កត់។ កងកម្លាំង Afghan កាន់តែមានកម្លាំងខ្លាំងឡើង»។
នៅរដ្ឋធានី Washington មានប្រតិកម្មលាយចម្រុះ។ សមាជិកសភាខ្លះរិះគន់លោកប្រធានាធិបតី ថាដកទ័ពច្រើនពេក ហើយអ្នកខ្លះចង់ឲ្យមានការដកទ័ពច្រើនជាងនេះ។
អ្នកវិភាគព័ត៌មានជើងចាស់របស់វីអូអេ លោក Gary Thomas ថាសេចក្តីសម្រេចរបស់លោកអូបាម៉ាជាសេចក្តីត្រូវការដើម្បីសម្រេចនូវគោលដៅពីរ។
«លោកត្រូវធ្វើយ៉ាងណាកុំឲ្យគេថាបោះបង់ចោលលោក Karzai តែឲ្យនៅមានសម្ពាធលើពួក Taliban ដើម្បីឲ្យពួកគេចូលមកចរចា»។
លោក Obama ដឹងអំពីអារម្មណ៍ប្រឆាំងនិងសង្គ្រាមនៅ Afghanistan គ្រាដែលសរអាកំពុងខិតខំស្តារសេដ្ឋកិច្ចរបស់ខ្លួន។ តែលោកថាឲ្យមានការប្រកាន់យកមាគ៌ាកណ្តាល គឺនៅចន្លោះនៃការនៅឯកោ និង ការចូលពាក់ពាន់ខ្លាំងពេក។
«យើងត្រូវជ្រើសយកផ្លូវកណ្តាល។ យើងចាំបាច់ត្រូវឱបក្រសោបយកតួនាទីតែមួយគត់របស់អាមេរិកនៅក្នុងព្រឹត្តការណ៍នាៗ។ តែយើងចាំបាច់ត្រូវតែមើលតាមហេតុការណ៍មានធម៌មេត្តា មានយុទ្ធសាស្ត្រ និង មានការតាំងចិត្ត»។
ការតាំងចិត្តនោះ លោកអូបាម៉ា ថ្លែងថានិងនាំឲ្យ Afghanistan រក្សាសន្តិសុខរបស់ប្រទេសខ្លួនទាំងស្រុងនៅឆ្នាំ ២០១៤។ លោកថ្លែងថាលោកនិង ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលរបស់អូតង់ នៅទីក្រុង Chicago នៅខែឧសភាក្រោយ ដើម្បីពិភាក្សាអំពីការផ្ទេរតួនាទីនោះ៕
ប្រែសម្រួលដោយ ប៉ូច រាសី