ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវរទេះភ្លើង ដែលនឹងស្ថិតនៅក្រោមគម្រោងសាងសង់ផ្លូវល្បឿនលឿនទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបង្ហាញក្តីបារម្ភ និងមន្ទិលសង្ស័យជុំវិញការផ្តល់ប្រាក់សំណងទៅដល់សហគមន៍ ដែលនឹងរងផលប៉ះពាល់នោះ។ ក្តីបារម្ភនេះកើតឡើង ក្រោយការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីគម្រោងសាងសង់ផ្លូវល្បឿនលឿននេះនៅក្នុងពិធីសម្ភោធស្ពានអាកាស៥មករា កាលពីដើមខែមករា។
ប្រជាពលរដ្ឋតាមបណ្តោយផ្លូវរទេះភ្លើងដែល VOA បានជួបសម្ភាសន៍ បានបង្ហាញការស្វាគមន៍ចំពោះគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមួយនេះ។ ក៏ប៉ុន្តែ អ្វីដែលជាកង្វល់របស់ពួកគេគឺការផ្តល់ប្រាក់សំណង ដែលអាចនឹងមិនស្របទៅនឹងតម្លៃទីផ្សារ ដូចដែលធ្លាប់កើតមានកន្លងមក។ មួយវិញទៀតគឺការផ្លាស់ប្តូរលំនៅទៅតំបន់ដាច់ស្រយាលឆ្ងាយខ្លាំងពីសាលារៀន ឬកន្លែងធ្វើការ ដែលអាចបង្កផលប៉ះពាល់អវិជ្ជមានទៅដល់ជីវភាព និងសុខមាលភាពនៃការរស់នៅរបស់ពួកគេ។
លោក ផុង ប្រុស វ័យ៤២ឆ្នាំ ជាតំណាងអ្នករស់នៅក្នុងភូមិ១៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឲ្យដឹងថា ខាងសហគមន៍គ្មានការជំទាស់ចំពោះគម្រោងអភិវឌ្ឍន៍នេះឡើយ ដរាបណាពួកគេទទួលបានសំណង និងការដោះស្រាយដោយសមស្របនោះ។
«សំខាន់នៅលើផលប៉ះពាល់ ហើយហ្នឹងសំណង មិនដឹងជាខាងក្រុមហ៊ុនជាអ្នកដោះស្រាយ ឬរាជរដ្ឋាភិបាល។ សំណងហ្នឹងមិនដឹងថា គេដោះស្រាយឲ្យពួកខ្ញុំរបៀបណា។ តាមពិតទៅពួកខ្ញុំទាំងអស់គ្នាភ័យខ្លាចដូចអ្នកមុនៗបុរីកីឡា បឹងកក់អីជាដើម។ ភ័យព្រួយបំផុតគឺខ្លាចតែសំណងនឹងបានមកមិនសមរម្យ ផុតមុខផុតក្រោយ។ ទីបំផុតលុយដែលបានមកគឺអស់អាលីង»។
បើតាមអ្នកតំណាងសហគមន៍រូបនេះ ដោយសារតែការអនុវត្តគម្រោងនេះនៅមានភាពស្រពិចស្រពិលនៅឡើយ ហេតុនេះទើបប្រជាពលរដ្ឋចាប់ផ្តើមស្នើសុំទាមទារឲ្យមានវេទិកាសាធារណៈមួយសម្រាប់បំភ្លឺអំពីគម្រោងផ្លូវល្បឿនលឿនដែលនឹងសាងសង់ពីលើផ្លូវរទេះភ្លើងនេះ។
«ចឹងបានយើងខ្ញុំទាំងអស់គ្នាមានក្តីបារម្ភ ហើយបបួលគ្នាដើម្បីចង់ដឹងព័ត៌មាន ហើយនាំគ្នាទៅសុំបើកវេទិកាសាធារណៈ ដើម្បីចោទសួររវាងក្រសួងរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋដែលរស់នៅតាមផ្លូវដែក»។
កាលពីដើមសប្តាហ៍នេះ ពលរដ្ឋជាង១០០នាក់ មកពីសហគមន៍ចំនួន៨តាមផ្លូវរទេះភ្លើងបានជួបជុំគ្នានៅមុខក្រសួងសាធារណៈការ និងដឹកជញ្ជូនទាមទារឲ្យរៀបចំវេទិកាសាធារណៈមួយ ដើម្បីពិភាក្សាគ្នាពីផលប៉ះពាល់នៃគម្រោងអភិវឌ្ឍផ្លូវល្បឿនលឿននេះ។
នៅរសៀលថ្ងៃសុក្រនេះ មានជំនួបរវាងតំណាងសហគមន៍ផ្លូវរទេះភ្លើង ជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណៈការម្តងទៀត ដើម្បីស្នើសុំឲ្យមានការបើកវេទិកាសាធារណៈ។ ការឆ្លើយតបសំណើនេះនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ។
លោក អៀង វុទ្ធី នាយកប្រតិបត្តិនៃអង្គការសមធម៌កម្ពុជា ដែលផ្តល់ជំនួយផ្នែកតស៊ូមតិទៅដល់ជនរងគ្រោះផ្លូវរទេះភ្លើងឲ្យដឹងថា ប្រជាជនទាំងនោះមានភាពភ័យខ្លាចថា ការចាកចេញពីកន្លែងដែលពួកគេរស់នៅអាចធ្វើឲ្យពួកគេរងគ្រោះ និងប្រឈមនឹងជីវភាពលំបាក បើសិនជាគ្មានសំណងសមស្របនោះ។
«ចឹងហើយប្រជាពលរដ្ឋ ចង់ឲ្យរាជរដ្ឋាភិបាល ក៏ដូចជាអ្នកដែលពាក់ព័ន្ធឲ្យធ្វើការបង្ហាញនូវព័ត៌មានលម្អិត ក៏ដូចជាមានការពិគ្រោះជាមួយប្រជាពលរដ្ឋមុនការអនុវត្តគម្រោងជៀសវាងបញ្ហាប៉ះពាល់ដល់ជីវភាពក៏ដូចជាការរស់នៅ»។
លោក អៀង វុទ្ធី ពន្យល់ថា ការពិភាក្សាគ្នារវាងភាគីពាក់ព័ន្ធអាចជួយឲ្យប្រជាពលរដ្ឋរងគ្រោះ និងសាធារណជនទទួលផលប្រយោជន៍ពីគម្រោងអភិវឌ្ឍន៍នេះ។
លោក សៀ ភិរម្យ នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន ឲ្យដឹងថា សំណងផ្តល់ជូនប្រជាពលរដ្ឋដែលរស់នៅតាមផ្លូវរទេះភ្លើងអាចនឹងមានចំនួនតិចតួចជាង បើធ្វើការប្រៀបធៀបនឹងសហគមន៍បឹងកក់ ឬបុរីកីឡា។ ការលើកឡើងនេះដោយហេតុថា ចំណីដីអមផ្លូវរទេះភ្លើងគឺជាដីសាធារណៈរដ្ឋ ដែលរដ្ឋាភិបាលអះអាងថា ប្រជាពលរដ្ឋមករស់នៅ និងកាន់កាប់ដោយខុសច្បាប់។ ទោះជាយ៉ាងនេះក្តី លោក សៀ ភិរម្យ យល់ថា រាជរដ្ឋាភិបាលគប្បីយកយន្តការឈ្នះ ឈ្នះមកដោះស្រាយបញ្ហានេះ។
«ដោយសារតែយើងឃើញប៉ុន្មានថ្ងៃចុងក្រោយនេះ លោកនាយករដ្ឋមន្ត្រីមានការផ្លាស់ប្តូរច្រើន ដូចជាគាត់ឈប់យកលុយអ្នកធ្វើដំណើរផ្លូវវេងស្រេង ផ្លូវជាតិលេខ៤ ចឹងខ្ញុំគិតថា ប្រហែលជានាយករដ្ឋមន្ត្រីអាចពិចារណាដែរ។ អ្នកក្រីក្រនៅតាមផ្លូវរទេះភ្លើង យើងគួរតែយកយុទ្ធសាស្ត្រឈ្នះឈ្នះ។ ឈ្នះទាំងអ្នកក្រីក្រ ឈ្នះទាំងក្រុមហ៊ុន ទាំងរដ្ឋ។ យើងរកកន្លែងណាដែលសមរម្យ ហើយចរចារគ្នា ជាពិសេសគឺការបើកឲ្យមានវេទិការសាធារណៈ ដើម្បីឲ្យពេញចិត្តទាំងអស់គ្នា»។
VOA មិនអាចសុំការអត្ថាធិប្បាយពីសាលារាជធានីភ្នំពេញ និងក្រសួងសាធារណៈការបានទេនៅថ្ងៃសុក្រនេះ។
គម្រោងនៃការសាងសង់ផ្លូវល្បឿនលឿនចាប់ផ្តើមពីផ្លូវរទេះភ្លើងទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានប្រវែងប្រហែលជាង៩គីឡូម៉ែត្រ ដែលទទួលបន្ទុកដោយក្រុមហ៊ុនចិននេះត្រូវបានលើកយកមកពិភាក្សាកាលពីខែកញ្ញា ឆ្នាំ២០១៥កន្លងទៅ។ គម្រោងផ្លូវល្បឿនលឿនបង់ថ្លៃនេះគឺជាយន្តការមួយ ដើម្បីសម្រួលការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ បន្ថែមភាពងាយស្រួលដល់ការធ្វើដំណើរទៅកាន់ព្រលានយន្តហោះ ព្រមទាំងលើកកម្ពស់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍និងហេដ្ឋារចនាសម្ព័ន្ធថែមទៀតផងដែរ។
ក៏ប៉ុន្តែការសិក្សាលើផលប៉ះពាល់ និងការតាំងលំនៅថ្មីមិនទាន់ត្រូវបានគេបង្ហាញជាសាធារណៈនៅឡើយនោះទេ។ ប្រជាពលរដ្ឋភាគច្រើនមានការភ័យខ្លាចចំពោះការបណ្តេញចេញដោយបង្ខំដូចសហគមន៍បឹងកក់ និងបុរីកីឡា៕