មន្ត្រីមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព ឬហៅថា (PDP-Center) កំពុងប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា ដែលជាការគាំទ្រមួយដើម្បីស្នើទៅរដ្ឋាភិបាលដំឡើងពន្ធស្រាបៀ និងស្រាក្នុងប្រទេសកម្ពុជា។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព ដែលបានចុះទៅពិនិត្យមើលការប្រមូលស្នាមមេដៃនៅក្នុងខេត្តសៀមរាប ប្រាប់វីអូអេថា ក្រុមការងាររបស់អង្គការលោកកំពុងប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋ ក្នុងគោលបំណងដើម្បីឱ្យរដ្ឋាភិបាលដំឡើងពន្ធលើគ្រឿងស្រវឹងឱ្យបានខ្ពស់ ដែលលោកថា វានឹងអាចចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងជំងឺដែលបណ្តាលមកពីការសេពគ្រឿងស្រវឹង។
លោកបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាសេពគ្រឿងស្រវឹងច្រើន ខណៈស្រាបៀថ្មីៗកើនឡើងជាបន្តបន្ទាប់ ដែលជាការព្រួយបារម្ភរបស់លោកក្នុងនាមជាអ្នកធ្វើយុទ្ធនាការលើរឿងនេះ។
លោកថ្លែងថា៖ «កាលណាពន្ធកាន់តែច្រើន តម្លៃគ្រឿងស្រវឹងហ្នឹង វាកាន់តែថ្លៃដែរ។ វាថ្លៃជាងបច្ចុប្បន្ននេះ គឺអាចកាត់បន្ថយគ្រោះថ្នាក់នានាដែលជាប់ពាក់ព័ន្ធនឹងគ្រឿងស្រវឹងបានច្រើន។ អ៊ីចឹងយើងឃើញថា ពន្ធនេះជាយុទ្ធសាស្រ្តដ៏មានប្រសិទ្ធភាពនៅក្នុងការកាត់បន្ថយគ្រោះថ្នាក់នានាដោយសារគ្រឿងស្រវឹង។ អ៊ីចឹងទាមទារឱ្យរដ្ឋាភិបាលថា បើសិនជាចង់កាត់បន្ថយគ្រោះថ្នាក់ដោយសារគ្រឿងស្រវឹង ត្រូវតែមានឆន្ទៈនៅក្នុងការដំឡើងពន្ធ»។
បើតាមលោក យង់ គិមអេង បច្ចុប្បន្ននេះ រដ្ឋាភិបាលបានយកពន្ធលើស្រាបៀចំនួន ៣០% និងស្រា ចំនួន ៣៥%។ តាមរយៈការប្រមូលស្នាមមេដៃឱ្យបានជាង ១ម៉ឺននាក់នេះ អង្គការរបស់លោកមានបំណងស្នើរដ្ឋាភិបាលបង្កើនពន្ធ ១០% បន្ថែមទៀត។
ញត្តិដែលប្រជាពលរដ្ឋផ្តល់ស្នាមមេដៃបានយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកឆ្នាំ ២០២២ ដែលលើកឡើងថា គ្រឿងស្រវឹងបានបណ្តាលឱ្យមនុស្សស្លាប់ប្រមាណ ៣ លាននាក់នៅលើពិភពលោក ជារៀងរាល់ឆ្នាំ ជារួម ១០ វិនាទី មានមនុស្សម្នាក់ស្លាប់។
នៅកម្ពុជា មិនទាន់មានរបាយការណ៍ដែលបង្ហាញអំពីចំនួនមនុស្សស្លាប់ដោយសារការសេពគ្រឿងស្រវឹងនេះនៅឡើយទេ។
លោក យង់ គិមអេង បន្ថែមថា ការប្រមូលស្នាមមេដៃនេះ ក៏ធ្វើឡើងក្នុងគោលបំណងចង់ឱ្យរដ្ឋាភិបាលពន្លឿនការអនុម័តច្បាប់គ្រឿងស្រវឹង ដែលជាប់គាំងជិត ១០ ឆ្នាំមកហើយ បើទោះមានសេចក្តីព្រាងច្បាប់ពីក្រសួងសុខាភិបាល។
លោកបញ្ជាក់ថា៖ «នៅថៃ នៅវៀតណាម នៅឡាវ ជុំវិញយើងហ្នឹង គេមានអស់[ច្បាប់ហ្នឹង]ហើយ កម្ពុជាពេលណាដែលត្រូវចេញ។ អ៊ីចឹងយើងចង់ជំរុញឱ្យច្បាប់នោះចេញឱ្យលឿន»។
សេចក្តីព្រាងច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង ដែលត្រូវបានព្រាងតាំងពីឆ្នាំ ២០១៥ នោះ មិនអនុញ្ញាតឱ្យយុវជនអាយុក្រោម ២១ ឆ្នាំប្រើប្រាស់គ្រឿងស្រវឹងនោះទេ ហើយច្បាប់នេះនឹងដាក់បន្ទុកពន្ធខ្ពស់ទៅលើគ្រឿងស្រវឹង និងរឹតបន្តឹងលើការបើកលក់គ្រឿងស្រវឹងពេលយប់ជាដើម។
កាលពីឆ្នាំ ២០១៥ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ធ្លាប់ឱ្យដឹងថាក្រសួងនឹងបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីគ្រឿងស្រវឹងទៅរដ្ឋាភិបាល ដើម្បីអនុម័តឱ្យបានឆាប់។ ប៉ុន្តែគេមិនទាន់ដឹងនៅឡើយទេថា ហេតុអ្វីមិនទាន់មានការអនុម័តច្បាប់នេះរហូតមកដល់ពេលនេះ។
មាត្រា ១៣ នៃសេចក្តីព្រាងច្បាប់នេះចែងអំពីការហាមលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ចាប់ពីម៉ោង ១២ យប់ដល់ម៉ោង ៦ ព្រឹក លើកលែងតែទីតាំងមួយចំនួនដែលកំណត់ដោយអនុក្រឹត្យ។ អ្នកដែលប្រព្រឹត្តខុសពីមាត្រានេះអាចជាប់ពន្ធនាគារពី ១ ខែទៅ ៦ ខែ និងពិន័យជាប្រាក់ពី ១០ ម៉ឺនរៀលទៅ ១ លានរៀល។
ចំណែកមាត្រា ៣៣ នៃសេចក្តីព្រាងច្បាប់នេះចែងថា អំពើលក់ ឬចែកចាយផលិតផលគ្រឿងស្រវឹងគ្រប់ប្រភេទ ដល់ជនដែលមានអាយុក្រោម ២១ ឆ្នាំ ស្រ្តីមានគ័ភ៌ កាលបើគ័ត៌នោះត្រូវបានគេឃើញជាក់ស្តែង ឬកាលបើខ្លួនបានដឹង ឬជនស្ថិតនៅក្រោមស្ថានភាពស្រវឹងមិនអាចគ្រប់គ្រងខ្លួនឯងបាន។ ការបំពានមាត្រានេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ថ្ងៃទៅ ១ ខែ និងពិន័យជាប្រាក់ពី ១០ ម៉ឺនរៀលទៅ ១ លានរៀល។
លោក យង់ គិមអេង អះអាងថាអាចមានការបញ្ចុះបញ្ចូលរដ្ឋាភិបាលមិនទាន់ឱ្យអនុម័តច្បាប់នេះពីសំណាក់ម្ចាស់ក្រុមហ៊ុនផលិតស្រាបៀក្នុងប្រទេសកម្ពុជា។
លោកថ្លែងថា៖ «រឿងនេះជារឿងមួយដែលគួរឱ្យសោកស្តាយ ហើយដែលយើងមានការសង្ស័យថាទំនងជាឧស្សាហករគ្រឿងស្រវឹងហ្នឹង អាចនឹងរារាំងកុំឱ្យច្បាប់នេះចេញ ដែលអាចទៅបញ្ចុះបញ្ចូលអ្នកធ្វើសេចក្តីសម្រេចចិត្ត បញ្ចុះបញ្ចូលរដ្ឋាភិបាលនៅក្នុងន័យផ្សេង ដែលគេយកមូលហេតុនៃការខាតបង់សេដ្ឋកិច្ច។ តាមពិតគឺមិនមែនទេ កាលណាមានច្បាប់គ្រប់គ្រង ត្រួតពិនិត្យគ្រឿងស្រវឹងនេះ គឺវាអាចធ្វើឱ្យរដ្ឋមានដំណើរការនៃការដំឡើងពន្ធនេះជាបន្តបន្ទាប់»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងអ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងបាននៅឡើយទេ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ការរៀបចំប្រមូលស្នាមមេដៃតាមរយៈញតិ្តនេះ ជាការអនុវត្តសិទ្ធិសេរីភាពត្រឹមត្រូវមួយនៃការសម្តែងមតិរបស់ប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងការដំឡើងពន្ធគ្រឿងស្រវឹង ដែលខាងរដ្ឋាភិបាលគោរពនឹងទទួលយក ព្រោះនេះគឺជាសិទ្ធិសេរីភាពបញ្ចេញមតិដែលត្រឹមត្រូវស្របនឹងនីតិវិធីច្បាប់។ ប៉ុន្តែលោកបញ្ជាក់ថា រដ្ឋាភិបាលនឹងពិនិត្យមើលបន្ថែមទៀតលើករណីនេះ។
លោកថ្លែងថា៖ «ការដាក់សុំឱ្យដំឡើងពន្ធ អាហ្នឹងគឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជារដ្ឋាភិបាលទាំងមូល ដែលនឹងពិចារណាហេតុផលដែលវាពាក់ព័ន្ធទៅនឹងតុល្យភាពរវាងចំណូលនៃសារពើពន្ធ ជាមួយនឹងហេតុផលនៃសុខភាពសាធារណៈថាផលប៉ះពាល់ពីការប្រើគ្រឿងស្រវឹងហ្នឹង ប៉ះពាល់ដល់សុខភាពសាធារណៈប៉ុនណា ដែលជាតម្លៃនៃទឹកប្រាក់នោះ»។
លោកបន្ថែមទៀតថា សេចក្តីព្រាងច្បាប់ទាក់ទងទៅនឹងការគ្រប់គ្រងគ្រឿងស្រវឹងមិនទាន់ក្លាយជាច្បាប់សម្រាប់យកមកអនុវត្តនៅឡើយទេ ដោយលោកបញ្ជាក់ថា មកទល់ពេលនេះមិនទាន់ដឹងថា សេចក្តីព្រាងនោះធ្វើឡើងដោយក្រសួងណា ហើយមានដំណើរការបែបណានោះទេ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីក្រុមហ៊ុនស្រាបៀមួយចំនួនបាននៅឡើយទេ។
ខណៈកម្ពុជាមិនទាន់មានច្បាប់គ្រប់គ្រងការប្រើប្រាស់គ្រឿងស្រវឹង ការផលិតស្រាបៀថ្មីៗបានកើនឡើងជាបន្តបន្ទាប់។ ចំណែកការសេពគ្រឿងស្រវឹងក្នុងចំណោមយុវជនក៏ត្រូវបានមើលឃើញថា មានការកើនឡើងច្រើនផងដែរ។
ការស្ទង់មតិថ្មីមួយ ដែលធ្វើឡើងដោយក្រសួងសុខាភិបាល និងស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធផ្សេងទៀត បានបង្ហាញថា បុរស ៧ នាក់ក្នុងចំណោម ១០ នាក់ដែលស្មើប្រមាណ ៧០% សេពគ្រឿងស្រវឹង។ នេះបើយោងតាមរបាយការណ៍ស្តីពីការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ២០២១-២០២២ ដែលចេញផ្សាយកាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៣។
ការស្ទង់មតិបង្ហាញថា ក្នុងមួយខែ បុរស ១០% ពិសាគ្រឿងស្រវឹងជារៀងរាល់ថ្ងៃ ឬស្ទើរតែរាល់ថ្ងៃ។ ចំណែក ៦០% សេពគ្រឿងស្រវឹងពី ១ ថ្ងៃទៅ ៥ ថ្ងៃ។ ១៨% ពិសាគ្រឿងស្រវឹង ៦ ថ្ងៃទៅ ១០ ថ្ងៃ និង ១២% ពិសាគ្រឿងស្រវឹងពី ១១ ថ្ងៃទៅ ២៤ ថ្ងៃ។
បើតាមលោក យង់ គិមអេង ក្រុមការងាររបស់អង្គការរបស់លោក គ្រោងនឹងប្រមូលស្នាមមេដៃជាង ១ ម៉ឺននៅតាមខេត្តមួយចំនួនដូចជាខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ចាម និងស្វាយរៀងជាដើម។ បន្ទាប់មក អង្គការរបស់លោកនឹងមានជាយុទ្ធនាការផ្សេងៗជាបន្តបន្ទាប់ ដើម្បីយកស្នាមមេដៃទាំងនោះទៅដាក់ជូនស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ៕