ក្រុមអ្នកតស៊ូមតិខ្មែរកម្ពុជាក្រោម បានបន្តការតស៊ូមតិរបស់ខ្លួននៅលើឆាកអន្តរជាតិ នៅក្នុងពេលពួកគេប្រុងប្រៀបរៀបចំសន្និសីទធំមួយក្នុងប្រទេសហូឡង់ ដើម្បីស្វែងរកការគាំទ្រឲ្យមានសិទ្ធិស្វ័យសម្រេចលើជោគវាសនាដោយខ្លួនឯងនិងសេរីភាព ហើយ នឹងការគោរពសិទ្ធិពលរដ្ឋខ្មែរក្រោមដែលរស់នៅលើទឹកដីខ្មែរដែលបារាំងកាត់ឲ្យទៅ វៀតណាមគ្រប់គ្រងកាលពីឆ្នាំ១៩៤៩។
ក្រុមមេដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោមបានថ្លែងនៅសប្តាហ៍នេះថា ពលរដ្ឋខ្មែរក្រោម ដែលរស់នៅជុំវិញពិភពលោកនិងក្រុមអ្នកជំនាញនានា នឹងជួបប្រជុំគ្នានៅក្នុងទីក្រុង ឡាអេ ប្រទេសហូឡង់នៅដើមខែមិថុនាឆ្នាំ២០១៩ខាងមុខដើម្បីចូលរួមក្នុងសន្និសីទ ពិភពលោកលើកទី២ ដែលផ្តោតលើ «សិទ្ធិខ្មែរក្រោមក្នុងការសម្រេចជោគវាសនា ដោយខ្លួនឯង» ក្នុងពេលជាមួយគ្នាដែលមានការប្រារព្ធខួបលើកទី៧០ នៃការបាត់បង់ ទឹកដីកម្ពុជាក្រោម។ ការបន្តកិច្ចប្រឹងប្រែងតស៊ូមតិលើឆាកអន្តរជាតិ គឺដើម្បីធ្វើឲ្យមានសេរីភាព និងការគោរពសិទ្ធិពលរដ្ឋខ្មែរក្រោមនៅលើទឹកដីកម្ពុជាក្រោមដែលបារាំង បានកាត់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាមកាលពី៧០ឆ្នាំមុនផងដែរ។
ក្នុងដំណើរទស្សនកិច្ចមកកាន់រដ្ឋធានីវ៉ាស៊ីនតោននៅសប្តាហ៍នេះ ដើម្បីជួបប្រជុំជា មួយក្រុមមន្ត្រីក្រសួងការបរទេស និងទីភ្នាក់ងារអន្តរសាសនាអាមេរិកដើម្បីបន្តការ តស៊ូមតិ និងជម្រាបពីស្ថានភាពសិទ្ធិមនុស្ស និង សេរីភាពសាសនារបស់ពលរដ្ឋខ្មែរក្រោមផងនោះ លោក ប្រាក់ សេរីវុឌ្ឍ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមបានថ្លែង ប្រាប់ VOA ក្នុងរដ្ឋធានីវ៉ាស៊ីនតោនថា ការតស៊ូមតិលើឆាកអន្តរជាតិនេះគឺធ្វើឡើង តាមច្បាប់និងបែបអហិង្សា។
«ហើយយើងក៏មិនចង់ធ្វើអ្វីឲ្យគ្រោះថ្នាក់ដល់ជីវិតបងប្អូនខ្មែរក្រោមដែរ យើងធ្វើតាម រយៈការទូតអន្តរជាតិ តាមផ្លូវច្បាប់អន្តរជាតិដោយសន្តិវិធី»។
លោក ប្រាក់ សេរីវុឌ្ឍបានអះអាងថាអ្វីដែលលោកធ្វើចលនាលើឆាកអន្តរជាតិគឺដើម្បី ឲ្យពលរដ្ឋខ្មែរក្រោម និងពលរដ្ឋខ្មែរ បានយល់ពីសិទ្ធិរបស់ខ្លួន ហើយហ៊ានចូលរួមតវ៉ា និងទាមទារការបាត់បង់ទឹកដីនិងសិទ្ធិផ្សេងៗ ជាពិសេសការសម្រេចជោគវាសនា ដោយខ្លួនឯងដូចនៅក្នុងប្រទេសជាច្រើន រួមទាំងប្រទេស ទីម័រខាងកើត ដែលបាន ទាមទារឯករាជ្យពីឥណ្ឌូនេស៊ី ហើយត្រូវអន្តរជាតិគាំទ្រ។លោក បានដកស្រង់សម្តី របស់ចៅក្រមតុលាការយុត្តិធម៌អន្តរជាតិម្នាក់ដែលលោកមិនប្រាប់ឈ្មោះពេញហើយបានចូលរួមជាវាគ្មិនកាលពីសន្និសីទកន្លងទៅមកបញ្ជាក់អំពីក្តីសង្ឃឹមលើការទាមទារ ទឹកដីកម្ពុជាក្រោមថា៖
«គាត់ថាប្រទេសកម្ពុជាដូចជាអ្នកទិញឡានមួយថ្មីចេស គឺ០ ម៉ៃល (Zero mile) ហើយ បារាំងហ្នឹងជាអ្នកខ្ចីឡានខ្មែរយកទៅបើក ពេលបើករួចហើយក្នុងឆ្នាំ១៩៤៩ មិនសង មកខ្មែរឬកម្ពុជាជាម្ចាស់វិញទេ តែយកឡានទៅលក់ឲ្យយួន (វៀតណាម)។ រដ្ឋាភិបាល ខ្មែរ និងប្រជាពលរដ្ឋខ្មែរមិនដែលបានចុះហត្ថលេខាលក់ឡានឲ្យយួនឬប្រគល់ឡាន ហ្នឹងឲ្យយួនទេ គឺថាបារាំងយកទៅដោយរំលោភច្បាប់។ ឥឡូវវាចង់៧០ឆ្នាំហើយបើ គិតតាមច្បាប់ ឡានទោះបីយួនយកទៅប្រើ៧០ឆ្នាំក៏ដោយប៉ុន្តែឈ្មោះឡានហ្នឹង នៅតែជាឡានរបស់ខ្មែរ តែគាត់គ្រាន់តែវាស្តាយប៉ុណ្ណេះ ឡានកាលពីគេយកទៅនៅថ្មី ០ ម៉ៃ បើកតិចតួចនៅប្រើការកើត តែដល់ប្រើអស់រយៈពេល៧០ឆ្នាំក្រែងលោម៉ាស៊ីន វាពុក ទំរាំបានវិញហ្នឹងវាពុក បានន័យថាខ្មែរនឹងរលាយអស់ពូជសាសន៍»។
លោកទទូចថាអាជ្ញាធរវៀតណាមត្រូវបញ្ឈប់នូវអ្វីដែលលោកបានចោទប្រកាន់ថា មានការរិតត្បិតសេរីភាពសាសនា ការរំលោភសិទ្ធិខ្មែរកម្ពុជាក្រោម។
«រឿងនេះសម្រេចនៅលើរដ្ឋាភិបាលវៀតណាម។ បើរដ្ឋាភិបាលវៀតណាមចង់រស់នៅ ជាមួយបងប្អូនខ្មែរក្រោមដូចជនជាតិដទៃគ្រប់សាសន៍ដែលមករស់នៅសហរដ្ឋ អាមេរិក ហើយអាចរស់នៅសុខដុមរមនានឹងគ្នា រដ្ឋាភិបាលវៀតណាមត្រូវផ្តល់ សេរីភាព សមភាព វាមិនបានស្មើគ្នា១០០ ភាគរយ តែក៏ប្រហែលនៅអាមេរិក ដែលយើងជាជនភៀសខ្លួនគ្រប់សាសន៍មកនៅបាននោះ។ ការណ៍នោះវាអាចមើលមុខគ្នា បានសុខយូរអង្វែង តែបើវៀតណាមចាត់ទុកយើងថាជាទាសករ ធ្វើបាបយើងស្រេច តែចិត្ត (នោះមិនអាចទៅរួចទេ) គឺ ទីណាមានការជិះជាន់ ទីនោះ មានការរើបម្រះ»។
លោក ត្រាន់ ម៉ានរិន្ទ ប្រធានផែនការសហព័ន្ធខ្មែរកម្ពុជាក្រោមដែលមានមូលដ្ឋាននៅ សហរដ្ឋអាមេរិកបានអះអាងថានៅឯសន្និសីទក្នុងទីក្រុងឡាអេ ដែលជាទីស្នាក់ការ របស់តុលាការយុត្តិធម៌អន្តរជាតិនៅទីនោះ នឹងមានការពិភាក្សាគ្នាស៊ីជម្រៅទៅលើ ការសម្រេចវាសនាដោយខ្លួនឯងរបស់ខ្មែរក្រោមដែលជាជនជាតិដើមភាគតិចនៅលើ ទឹកដីខ្មែរ ដែលវៀតណាមកំពុងកាន់កាប់។
«ចប់ពីហ្នឹងទៅយើងនឹងប្រមូលនូវគំនិតរបស់អស់លោកវាគ្មិនដែលជាអ្នកជំនាញការ ខាងជនជាតិដើម ខាងការសម្រេចវាសនាខ្លួនហ្នឹង យើងប្រមូលគំនិត កន្លែងណាល្អ កន្លែងណាយើងអាចធ្វើទៅបាន យើងនឹងសិក្សា»។
លោកបានអះអាងថា ដែនដីប៉ាពួខាងលិច( West Papua ) នៃប្រទេសឥណ្ឌូនេស៊ីបាន ដាក់ញត្តិទៅកាន់អង្គការសហប្រជាជាតិ ដើម្បីសម្រេចជោគវាសនាដោយខ្លួនឯង ដែលលោកថានេះជារឿងពិសេសណាស់។
«សហព័ន្ធខ្មែរកម្ពុជាក្រោមទាមទារឲ្យប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមនៅវៀតណាម មានសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ឲ្យប្រជាពលរដ្ឋយើងមានសិទ្ធិហ្នឹង មិនមែនសហព័ន្ធទេ ហើយសម្រេចយ៉ាងណាគឺស្ថិតនៅលើប្រជាពលរដ្ឋ មិនមែន សហព័ន្ធទេ។ រូបមន្តសម្រេចមាន២ឬ៣។ទី១ គឺសុខចិត្តនៅដូចជាសភាពការណ៍ សព្វថ្ងៃអីចឹង។ ទី២ ជារដ្ឋស័្វយ័ត។ ទី៣ គឺផ្តាច់ខ្លួនជារដ្ឋឯករាជ្យរឿងហ្នឹងហើយដែល ថាសម្រេចវាសនាខ្លួនដោយខ្លួនឯង ដែលមាត្រាទី៣នៅ(ក្នុងច្បាប់)ជនជាតិដើមហ្នឹងគេបាននិយាយច្បាស់ក្នុងរឿងហ្នឹង។ ហើយបែរមករឿងកម្ពុជាក្រោមវិញគឺថាទិសដៅ របស់យួនសព្វថ្ងៃហ្នឹងគឺគេចង់លុបបំបាត់ខ្មែរកម្ពុជាក្រោម ខ្មែរយើងនៅឯកម្ពុជាក្រោម គោលដៅគេវែងឆ្ងាយ»។
ទឹកដីខ្មែរកម្ពុជាក្រោម ដែលមានទំហំ៨៩០០០គីឡូម៉ែត្រការ៉េត្រូវបារាំងកាត់ឲ្យទៅ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាមកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ហើយ បច្ចុប្បន្ននេះ មានពលរដ្ឋខ្មែរក្រោមរាប់លាននាក់កំពុងរស់នៅទីនោះ ដែលក្រុមអ្នក តស៊ូមតិបានចោទប្រកាន់ថាពលរដ្ឋជាច្រើនទទួលរងការកៀបសង្កត់ផ្នែកសាសនា ដូចជាមិនឲ្យខ្មែរក្រោមប្រត្តិបត្តិតាមព្រះពុទ្ធសាសនាគណៈថេរវាទ និងគ្មានការរៀបចំ ប្រព័ន្ធសាសនាដែលខ្មែរក្រោមទទួលយកបាន គ្មានត្រាជាភាសាខ្មែរ មិនអនុញាតឲ្យ មានការជ្រើសរើសព្រះចៅអធិការវត្តដោយខ្លួនឯង តែត្រូវតែងតាំងពីអាជ្ញាធរវិញ មិនឲ្យមានការនិយាយភាសាខ្មែរនៅតាមកន្លែងធ្វើការងារ គ្មានថ្ងៃឈប់សម្រាកនៅពេល បុណ្យធំៗ និងការរិតត្បិតលើបញ្ហាផ្សេងៗទៀត។
អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ក្នុងរបាយការណ៍សិទ្ធិមនុស្សឆ្នាំ ២០១៨ និងសេចក្តីប្រកាសព័ត៌មានថ្មីៗនេះបានអះអាងពីការកើតមានការរំលោភ សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរក្នុងប្រទេសវៀតណាមរួមទាំងការចោទប្រកាន់និងចាប់ឃុំ ខ្លួនក្រុមជំទាស់ផងដែរ។ អង្គការនេះបានអំពាវនាវ ឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធ ឲ្យមានការផ្លាស់ប្តូរនិងសុំឲ្យសហភាពអឺរ៉ុបផ្អាកកិច្ចព្រមព្រៀងពាណិជ្ជកម្មរហូតទាល់ តែបញ្ហាគោរពសិទ្ធិមនុស្សបានប្រសើរឡើង។
លោក ហ្វៀល រ៉ប៊ឺតសុន (Phil Robertson) នាយករងអង្គការសិទ្ធិមនុស្ស Human Rights Watch ប្រចាំតំបន់អាស៊ីបានថ្លែងថាអាជ្ញាធរវៀតណាមព្យាយាមគ្រប់គ្រងយ៉ាងតឹងរឹងលើពលរដ្ឋខ្មែរក្រោមដោយសារតែការសង្ស័យខ្លាំងពេក។
«ពលរដ្ឋខ្មែរកម្ពុជាក្រោមមិនអាចគេចផុតពីការតាមដាន និងការគ្រប់គ្រងរបស់ រដ្ឋាភិបាលវៀតណាមទេ។ លោកអ្នកដឹងទេ រឿងនេះគឺជាការតាមដានទាំងបំពាន ខ្លាំងណាស់។ នេះជាកិច្ចប្រឹងប្រែងគ្រប់គ្រងពលរដ្ឋខ្មែរក្រោម ជាកិច្ចប្រឹងប្រែងយាយី ដល់មេដឹកនាំខ្មែរក្រោមទាំងឡាយ និងព្យាយាមបង្ខំឲ្យសហគមន៍ខ្មែរកម្ពុជាក្រោម ធ្វើតាមបទដ្ឋានដែលមានក្នុងប្រទេសវៀតណាម»។
លោកថាការព្យាយាមគ្រប់គ្រងពលរដ្ឋខ្មែរក្រោមយ៉ាងតឹងរឹងទៅលើសាសនានិង សង្គមរស់នៅរបស់ពួកគេគឺជាការរំលោភសិទ្ធិរស់នៅរបស់ជនជាតិដើមភាគតិចខ្មែរ ក្រោមយ៉ាងខ្លាំង។
«អ្វីដែលសំខាន់នោះគឺអាចថារដ្ឋាភិបាលវៀតណាមត្រូវផ្តល់ភាពស័្វយ័តកម្រិតជាក់ លាក់មួយដល់ខ្មែរក្រោមដើម្បីគ្រប់គ្រងកិច្ចការរបស់គេដោយខ្លួនឯង»។
លោកថា វៀតណាមគួរតែឲ្យខ្មែរក្រោមគ្រប់គ្រងសាសនាដោយខ្លួនឯង គ្រប់គ្រង វត្តអារាមដោយខ្លួនគេ អាចបង្រៀនភាសាខ្មែរ ជាជាងភាសាវៀតណាម ឬក៏មាន ជម្រើសជាភាសាខ្មែរ ហើយនឹងគ្មានការជ្រៀតជ្រែកទៅលើកិច្ចការនិងសិទ្ធិរបស់ ពលរដ្ឋខ្មែរក្រោម ជាពិសេសនោះអាជ្ញាធរវៀតណាមត្រូវបញ្ចប់ការរំលោភសេរីភាព នៃការបញ្ចេញមតិ និង សេរីភាពនៃការជួបប្រជុំ ដែលត្រូវបានរិតត្បិតដល់ពលរដ្ឋខ្មែរក្រោម៕