ក្រុមហ៊ុន Adidas និង​ក្រុមហ៊ុន Nike ត្រូវ​បាន​ជំរុញ​ឲ្យ​ធានា​ថា កម្មករ​ទទូល​បាន​ប្រាក់ឈ្នួល​យុត្តិធម៌

នៅ​ក្នុង​រូបភាព​កាលពី​ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៤​នេះ កីឡាករ Andres Iniesta មក​ពី​អេស្ប៉ាញ​ពាក់​ស្បែក​ជើង​ម៉ាក Nike នៅ​ក្នុង​ការ​កម្តៅ​សាច់​ដុំ​មុន​ពេល​ប្រកួត​ជាមួយ​នឹង​ក្រុម​មក​ពី​ប្រទេស​អែលសាល់វ៉ាឌ័រ។

ក្រុមសង្គម​ស៊ីវិល​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ ក្រុមហ៊ុន​ Adidas ​និង​ក្រុមហ៊ុន​ Nike ដែល​ជាក្រុម​ហ៊ុន​សំខាន់​ពីរ​ក្នុង​ការ​ឧបត្ថម្ភ​កម្មវិធី​កីឡា​ពានរង្វាន់​ពិភពលោក​ត្រូវ​តែ​ធានា​ថា ​កម្មករ​នៅ​ក្នុង​រោងចក្រ​នៅអាស៊ី​ទទួល​បាន​ប្រាក់ឈ្នួល​សមរម្យ ​ ខណៈ​ដែល​ចំណែក​នៃ​ការ​ចំណាយ​ឲ្យពួក​គេកំពុង​ធ្លាក់ចុះ។

​យុទ្ធនាការ​សម្លៀក​បំពាក់​ស្អាតស្អំ ​(CCC) ​បាន​និយាយ​ថា​ ចំណែក​បាន​ទៅ​កម្មករ​ដែល​ក្រុម​ហ៊ុន​Adidas ​និង​ក្រុមហ៊ុន ​Nike ​ចំណាយ​ឲ្យក្នុង​ការ​ផលិត​ស្បែក​ជើង​បាន​ធ្លាក់​ចុះ​ចាប់​តាំង​ពី​ដើម​ទសវត្សរ៍​១៩៩០​ ដោយ​ CCC​លើក​ឡើង​អំពី​ការ​ផ្លាស់ប្តូរ​ផលិតកម្ម​ពីប្រទេស​ចិន​ទៅ​កាន់​ប្រទេស​ដែល​មាន​តម្លៃ​ពលកម្ម​ថោក​ ដូចជា​ប្រទេស​ឥណ្ឌូណេស៊ី។ ​

CCC ​បាននិយាយ​ក្នុង​សេចក្តីថ្លែង​ការណ៍​ថា ​ចំណែក​នៃ​តម្លៃ​ផលិតកម្ម​ស្បែក​ជើង​ម៉ាក Nike ​និង ​Adidas ​បាន​ទៅ​កម្មករ​គឺមាន​ការ​ថយចុះ​៣០% ​ បើប្រៀប​ធៀប​នឹង​ចំណែក​របស់​កម្មករ​កាល​ពី​ដើម​ទសវត្សរ៍​១៩៩០។​ ឧទាហរណ៍​ក្នុងឆ្នាំ ២០១៧​គឺមាន២,៥%សម្រាប់​ស្បែក​ជើង​ម៉ាក​ Nike ​ដែល​ក្នុង​ឆ្នាំ​១៩៩៥​គឺ​មាន​៤%។​

CCC ​បាន​និយាយ​ថា ​ក្រុមហ៊ុន​ទាំងនេះ​បាន​សម្រេច​ចិត្ត​ចំណាយ​ប្រាក់​ទៅ​លើ​កីឡាករ​បាល់ទាត់​ជា​ជាង​ឱ្យកម្មករ​ដែល​កាត់ដេរ​ខោអាវ និង​ស្បែកជើង​កីឡាករ​ទាំង​នោះ។ ​

CCC បាន​និយាយ​ថា ​ក្រុមហ៊ុន ​Adidas​ និង​ក្រុមហ៊ុន ​Nike​ ដែល​ឧបត្ថម្ភក្រុមកីឡា​បាល់ទាត់​ចំនួន​២២​ក្នុងចំណោម​៣២ក្រុម​នៅក្នុង​ការប្រកួត​កីឡាបាល់ទាត់​នៅក្នុង​ប្រទេស​រុស្ស៊ី ​ដែល​ចាប់ផ្តើម​នៅ​សប្តាហ៍នេះ បាន​ផ្លាស់ប្តូរ​ផលិតកម្ម​របស់​ពួកគេ​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី ​កម្ពុជា​និង​វៀតណាម​ដែល​ប្រាក់​ឈ្នួល​មាន​កម្រិត​ទាប​ និង​មាន​ការ​រំលោភ​សិទ្ធិ​កម្លាំង​ពលកម្ម។​

សម្ព័ន្ធ​សកល​មួយ​ដែល​មាន​សហជីព ​កម្មករ ​និង​អង្គការ​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា​ ក្នុង​ប្រទេស​ទាំង​បីនេះប្រាក់​ខែជា​មធ្យម​របស់​កម្មករ​កាត់ដេរ​គឺពី​៤៥ ​ទៅ​៦៥​ ភាគរយ​ទាប​ជាង​អ្វីដែល​គេ​ហៅថា​ «ប្រាក់​ឈ្នួល​សម្រាប់​រស់នៅ» ​គឺ​សម្រាប់​បំពេញ​សេចក្តី​ត្រូវការ​ជា​មូលដ្ឋាន​របស់​គ្រួសារ​ពួកគេ៕