របាយ​ការណ៍​សមាគម​អាដហុក​ថា​ ពលរដ្ឋ​ជាង​៦​ម៉ឺន​នាក់​រង​គ្រោះ​ក្នុង​វិវាទ​ដី​ធ្លី​ក្នុង​ឆ្នាំ​២០២១

រូបឯកសារ៖ ក្រុម​សន្តិសុខ​កំពុង​ទាញ​ និង​អូស​ប្រជា​​ពលរដ្ឋ​​​មាន​ទំនាស់​ដី​ធ្លី​ជាមួយ​​ក្រុមហ៊ុន​ចិន ​Union Dev​el​o​pm​ent Group (UDG) ដែល​តវ៉ាសុំ​អន្តរាគមន៍​​នៅ​មុខ​ស្ថាន​ទូត​ចិន​ ​​​ចេញ​ពីស្ថានទូត​ នា​ថ្ងៃទី​១៣ ខែសីហា​ ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/វីអូអេ)

អង្គ​ការ​សិទ្ធិ​មនុស្ស​អាដហុក​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​មួយ​អំពី​វិវាទ​ដីធ្លី​ក្នុង​ឆ្នាំ​២០២១ ​ដោយ​រក​ឃើញ​ថា​ ជម្លោះ​ដី​ធ្លី​កើត​ឡើង​ប្រមាណ​១៧០​ករណី ​និង​ប៉ះពាល់​ប្រជា​ពលរដ្ឋ​ជាង​៦​ម៉ឺន​នាក់។​

របាយ​ការណ៍​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៨ ​ខែ​កុម្ភៈ​នេះ​ បញ្ជាក់​ថា​ ប្រជា​ពលរដ្ឋ​រង​ការ​រំលោភ​បំពាន ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ ការ​គំរាម​កំហែង​ ការ​ចាប់​ខ្លួន ​ការ​ឃុំ​ខ្លួន ​និង​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​ជា​ដើម។​

របាយ​ការណ៍​កម្រាស់​៣៤​ទំព័រ​របស់​សមាគម​អាដហុក​ឲ្យ​ដឹង​ថាវិវាទ​ដីធ្លី​ក្នុង​ឆ្នាំ​២០២១ ​មាន​ចំនួន​១៦៩​ករណី​ លើ​ទំហំ​ផ្ទៃ​ដី​ជាង​៥២.៦០០​ហិកតា ​និង​ប៉ះពាល់​ប្រជា​ពលរដ្ឋ​ជាង​១៧.០០០​គ្រួសារ​ ស្មើ​ប្រមាណ​ជាង​៦១.០០០​នាក់​ ហើយ​ក្នុង​នោះ​ក៏​មាន​ជន​ជាតិ​ដើម​ភាគ​តិច​រង​ផល​ប៉ះ​ពាល់ ​ជាង​១. ៣០០​គ្រួសារ​ផង​ដែរ។​

ក្នុង​ចំណោម​វិវាទ​ដី​ធ្លី​ប្រមាណ​១៧០​ករណី​នោះ ​ អង្គការ​អាដហុក​កត់​សម្គាល់​ថា​ មាន​ករណី​រំលោភ​បំពាន​ដោយ​បុគ្គល​មាន​អំណាច​ចំនួន​៦៦​ករណី​រំលោភ​បំពាន​ដោយ​អ្នក​មាន​ទ្រព្យ​ចំនួន​២៧ ​ករណី​ ចាប់​ខ្លួន​ចោទ​ប្រកាន់ ​ឃុំ​ខ្លួន​ប្រជា​ពល​រដ្ឋ​ដែល​ជា​គូភាគី​វិវាទ​ចំនួន​៣៥​ករណី​ដែល​មាន​ជន​រង​គ្រោះ​ជិត​១៦០​នាក់ ​កំពុង​ជាប់​បណ្តឹង​អាជ្ញា ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។​របាយ​ការណ៍​បន្ថែម​ថា​ ៦​ករណី​ទៀត​មាន​ជន​រង​គ្រោះ​១៧​នាក់ ​កំពុង​ជាប់​ឃុំ​ជា​បណ្តោះ​អាសន្ន ​និង​ម្នាក់​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ធ្ងរ​រហូត​ដល់​ស្លាប់ក្រោយ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ។​

អង្គការ​អាដហុក​បន្ថែម​ថា​ ករណី​មួយ​ចំនួន​ទៀត​គឺ​ការ​អនុវត្ត​ច្បាប់​មិន​ពេញ​លេញ​ និង​លម្អៀង ​និង​ការ​ប្រើ​ប្រាស់​ឥទ្ធិពល​របស់​អ្នក​មាន​អំណាច​ អ្នក​មាន​ទ្រព្យ ​ឬ​ក្រុមហ៊ុន​ ដោយ​ខ្វះ​ការ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​នៃ​គម្រោង​អភិវឌ្ឍន៍​ក្រោម​រូប​ភាព​សម្បទាន​សេដ្ឋ​កិច្ច​រាប់​ពាន់​ហិកតា។​

សមាគម​អាដហុក​ឲ្យ​ដឹង​ទៀត​ថា​ មាន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ប្រជា​ពល​រដ្ឋ ​ដូច​ជា​ការ​បំបាក់​ស្មារតី ​និង​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​បាក់​ស្បាត​មិន​ហ៊ាន​ប្រើ​សិទ្ធិ​ក្នុង​ការ​តតាំង​ដោយ​សន្តិ​វិធី ​ដើម្បី​ទាម​ទារ​អ្វី​ដែល​ជា​របស់​ខ្លួន​មក​វិញ​ពីព្រោះ​ក្នុង​សំណុំ​រឿង​ភាគ​ច្រើន ​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ក្លាយ​ជា​ចុង​ចម្លើយ​ទៅ​វិញ​ ដែល​តែង​តែ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​«បទ ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ​ បទ​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ​និង​បទ​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់»​ជា​ដើម។​

សមាគម​អាដហុក​បាន​ចេញអនុសាសន៍​មួយ​ចំនួន​ថា​ តុលាការ​គប្បី​ប្រើ​ប្រាស់​យន្ត​ការ​បង្អង់​បណ្តឹង​អាជ្ញា ​បញ្ឈប់​ការ​ចាប់​ខ្លួន​ ការ​ចោទ​ប្រកាន់ ​ការ​ឃុំ​ខ្លួន។ ​ សមាគម​នេះ​ស្នើ​ឲ្យ​ចៅក្រម​ប្រើ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ជា​ជម្រើស​ចុង​ក្រោយ​បំផុត​ក្នុង​ដំណើរ​ការ​នីតិ​វិធី។ ​ សមាគម​នេះ​លើក​ឡើង​ថា​ ត្រូវ​ដាក់​ទោស​ទណ្ឌ​ចំពោះ​បុគ្គល​ ឬ​ភាគី​ណា​ដែល​បាន​ប្រើ​ហិង្សា​ទៅ​រំលោភ​បំពាន ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ ផ្ទះ​សម្បែង ​ផល​ដំណាំ​របស់​ភាគី​ម្ខាង​ទៀត​ដោយ​ខុស​ច្បាប់។​

ក្រសួង​ពាក់ព័ន្ធ ​តុលាការ​ គណៈ​កម្មការ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ត្រូវ​ពន្លឿន ​និង​ពង្រឹង​ការ​ដោះ​ស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ដែល​នៅ​កក​ស្ទះ​ឲ្យ​បាន​ឆាប់​រហ័ស​ មាន​តម្លា​ភាព ​យុត្តិធម៌ ​និង​មិន​លម្អៀង ​ហើយ​អាជ្ញាធរ​ត្រូវ​បញ្ឈប់​ការ​ប្រើកង​កម្លាំង​ប្រដាប់​អាវុធ​បង្រ្កាប​អ្នក​តវ៉ា​ទាម​ទារ​ដោយ​សន្តិវិធី។​ នេះ​បើ​តាម​របាយ​ការណ៍​នេះ។​

បើ​តាម​អង្គការ​អាដហុក ​ ខេត្ត​កណ្តាល​មាន​វិវាទ​ដីធ្លី​ធ្ងន់ធ្ងរ​ជាង​គេ​ ដែល​មាន​ការ​ប្រើ​ប្រាស់​ហិង្សា ​ការ​វាយ​បង្ក្រាប ​ការ​បាញ់​ប្រហារ​របួស​ធ្ងន់ ​ការ​ចាប់​ខ្លួន​ការ​ចោទ​ប្រកាន់ ​ ការ​ឃុំខ្លួន​ និង​ករណី​ខ្លះ​ប្រជា​ពល​រដ្ឋ​ភ័យ​ខ្លាច​រត់​ចេញ​ពី​លំនៅ​ដ្ឋាន​ជា​ដើម។ ​ សមាគម​អាដហុក ​បាន​កត់​សម្គាល់​ទាក់​ទង​ករណី​ជម្លោះ​ដីធ្លី​ក្នុង​ស្រុក​កណ្តាល​ស្ទឹង ​ខេត្ត​កណ្តាល រវាង​ប្រជា​ពល​រដ្ឋ​ជាង​៣០០​គ្រួសារ ​និង​ក្រុមហ៊ុន​សាង​សង់​ព្រលាន​យន្ត​ហោះ​អូស៊ីអាយស៊ី​ (OCIC) ដែល​បាន​អូស​បន្លាយ​ជាង​៣​ឆ្នាំ​មក​ហើយ។​ អង្គការ​ អាដហុក​លើក​ឡើង​ករណី​គំរាម​កំហែង​ដោយ​ប្រើ​កម្លាំង​បាញ់​រះ​លើ​ប្រជា​ពលរដ្ឋ​ក្នុង​ឃុំ​ទួល​ព្រិច​ស្រុក​អង្គស្នួល ​បណ្តាល​ឲ្យ​ពលរដ្ឋ​ម្នាក់​រង​របួស​ធ្ងន់ ​ ធ្លាយ​ស្មា​ខាង​ឆ្វេង​ និង​ការ​ស្លាប់​ពលរដ្ឋ​ម្នាក់​ក្នុង​ពេល​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ​ក្រោយ​មាន​ជម្លោះ​ដី​ធ្លី​ក្នុង​ស្រុក​ស្អាង ​ខេត្ត​កណ្តាល។​

ប្រជា​ពលរដ្ឋ​ម្នាក់​ អ្នក​ស្រី ​លូង ជ្រៀច​ អាយុ​៥១​ឆ្នាំ ​ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​OCIC ​របស់​ឧកញ៉ា ​ពុង ឃាវសែ​ ក្នុង​គម្រោង​សាង​សង់​ព្រលាន​យន្ត​ហោះ ​ បាន​ប្រាប់​វីអូអេ​ថា​ ប្រជា​ពលរដ្ឋ​មិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​សមរម្យ​ណា​មួយ​នៅ​ឡើយ​ទេ​ពី​ក្រុមហ៊ុន។​

អ្នក​ស្រី​បញ្ជាក់​ថា៖​ «អត់​ទេ​អូន​ អើយ!​ ​មិន​ទាន់​មាន​ចម្លើយ​ថា​ កន្លែង​ណា​មួយ​ឲ្យ​ប្រជា​ពល​រដ្ឋ​ធូរ​[ចិត្ត]​ទេ ​ មាន​តែ​៨​ដុល្លារ​ប៉ុណ្ណឹង។​ ​ បើ​អ្នក​ឯង​មិន​យក​គេ​[អាជ្ញាធរ]​ត្រូវ​តែធ្វើ។​វា​មិន​ហួស​ពី​អារ​ក​ខ្យង​យក​ឈាម​ទេ!»​

អ្នក​ស្រី​បន្ត​ថា​ កាល​ពី​ព្រឹក​មិញ ​អាជ្ញាធរ​បាន​ដាក់​កង​កម្លាំង​ចុះ​មក​យាម​កាម​និង​បិទ​ផ្លូវ​នៅ​មុខ​សាលា​បឋម​សិក្សា​កំពង់​តាឡុង ​ហើយ​បាន​សម្លុត​ឲ្យ​អ្នក​ស្រី​លុប​រូប​ភាព​ដែល​ថត​បាន ​ពាក់​ពន្ធ​នឹង​អាជ្ញាធរ​ឈូស​ឆាយ​ដី។​

អ្នកស្រី​ស្នើ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​រក​ដំណោះ​ស្រាយ ​និង​ផ្តល់​សំណង​លើ​វិវាទ​ដីធ្លី​នេះ​ឲ្យ​បាន​សមរម្យ ​ដើម្បី​មាន​លទ្ធ​ភាព​ដោះ​ដូរ​ទៅ​កន្លែង​ថ្មី។​

វីអូអេ​បាន​ទាក់​ទង​ទៅ​លោក ​ពុង ឃាវសែ​ប៉ុន្តែ​ជំនួយ​ការ​របស់​លោក​បាន​ឲ្យ​អ្នក​យក​ព័ត៌មាន​វីអូអេ​ទាក់​ទង​ទៅ​អាជ្ញាធរ​វិញ។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អតា្ថធិប្បាយ​ពី​លោក​ គង់​ សោភ័ណ ​អភិបាល​ខេត្ត​កណ្តាល ​និង​លោក​ ជិន ម៉ាលីន ​រដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌​បាន​នៅ​ឡើយ​ទេ។​

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ​លោក​ ផៃ ស៊ីផាន​ ប្រាប់​វីអូអេ​ថា​ លោក​មិន​ទាន់​ទទួល​បាន ​និង​មិន​ទាន់​បាន​ឃើញ​របាយ​ការណ៍​របស់​សមាគម​អាដហុក​នៅ​ឡើយ​ទេ​ ដូច្នេះ​លោក​មិន​អាច​ឆ្លើយ​តប​ជុំវិញ​របាយ​ការណ៍​នេះ​បាន​ឡើយ។​

ទោះ​ជា​យ៉ាង​ណា ​លោក​បាន​អំពាវ នាវ​ និង​លើក​ទឹក​ចិត្ត​ប្រជា​ពលរដ្ឋ​ដែល​មាន​បញ្ហា​ផ្សេងៗ ​ឬ​វិវាទ​ដីធ្លី ​ដែល​មិន​ទទួល​យក​បាន​នូវ​ដំណោះ​ស្រាយ ​ ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ ឬ​សុំ​ជំនួយ​ពី​នាយក​រដ្ឋ​មន្រ្តី ​និង​រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ ​តាម​រយៈ​ហ្វេសប៊ុក ​និង​ចៀស​វាង​បង្ក​បញ្ហា​ដល់​អាជ្ញាធរ​ចុះ​អនុវត្ត​ច្បាប់​នៅ​តាម​មូលដ្ឋាន។ ​

លោក​ថ្លែង​ថា៖​ «ឥឡូវ​នេះ ​យើង​ពិបាក​និយាយ។​ការ​អនុវត្ត​ច្បាប់​ ឬ​នីតិរដ្ឋ​ហ្នឹង ​អាជ្ញាធរ​លោក​មាន​ភស្តុតាង​ថា ​ជន​ទាំង​អស់​ហ្នឹង​ បង្កើត​សកម្ម​ភាព​មួយ​ដែល​អាច​ប៉ះ​ពាល់​ដល់​សុវត្ថិ​ភាព​ ហើយ​និង​សន្តិសុខ​ដល់​ការ​អនុវត្ត​ច្បាប់​ណា​មួយ។​ ក៏​ប៉ុន្តែ​ការ​អនុវត្ត​ច្បាប់​នោះ​លោក​មិន​ទទួល​ព្រម ​លោក​អាច​រក​វិធី​ប្តឹង​បន្ត​ទៅ​ទៀត»។​

លោក​ ស៊ឹង សែន ករុណា ​អ្នក​នាំ​ពាក្យ​របស់​សមាគម​ការពារ​សិទិ្ធមនុស្ស​អាដហុក​ប្រាប់​វីអូអេ​ថា​ ប្រជា​ពល​រដ្ឋ​ដែល​រងគ្រោះ​រឿង​ទំនាស់​ដីធ្លី​តែង​តែ​ប្រើប្រាស់​យន្តការ​ផ្លូវ​ច្បាប់​ប៉ុន្តែ​ពួកគេ​មិន​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់ ​ឬ​មិន​ទទួល​បាន​ដំណោះ​ស្រាយ​ឡើយ។​ផ្ទុយ​ទៅ​វិញ​ មាន​ការ​ប្តឹង ​ចោទ​ប្រកាន់ ​និង​ការ​ចាប់​ឃុំ​ខ្លួន​ជាដើម។​

លោក​ថ្លែង​ថា៖ ​ «កាល​ណា​ការ​ដាក់​ប្តឹង​តាម​យន្ត​ការ​ផ្លូវ​ច្បាប់​មិន​មាន​ដំណោះ​ស្រាយ​ឲ្យ​គាត់​ទទួល​បាន​យុត្តិ​ធម៌​វា​ធ្វើ​ឲ្យ​បាត់​ជំនឿ​ចិត្ត​របស់​ពួក​គាត់​ទៅ​លើ​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​អស់ ​ក៏​ដូច​ជា​តុលាការ​ហ្នឹង​ហើយ។ ​អ៊ីចឹង​បាន​ជា​ពួក​គាត់​តែង​តែ​រង​គ្រោះ​ ហើយ​តែង​តែ​ចោទ​ប្រកាន់​ការ​អនុវត្ត​ តួនាទី​របស់​ស្ថាប័ន​ពាក់ព័ន្ធ​ ដូចជា​តុលាការ​ហ្នឹង​ មាន​ន័យ​ថា ​ខ្វះ​ឯករាជ្យ​ភាព​ក្នុង​ការ​រក​យុត្តិធម៌​ជូន​ពួក​គាត់​ជាដើម»។​

លោក​បន្ត​ថា​ក្នុង​វិវាទ​ដីធ្លី​គួរ​មាន​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី ​ដែល​អាច​ទទួល​បាន​ទាំង​សង​ខាង ​និង​ចៀស​វាង​ការ​ប្រើ​ប្រាស់​កម្លាំង ​ ការ​គំរាម​កំហែង​ ការ​ដាក់​សម្ពាធ​ ដោយ​បង្ខំ​ប្រជា​ពល​រដ្ឋ​នូវ​អ្វី​ដែល​ពួក​គេ​មិន​អាច​ទទួល​យក​បាន៕