អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​គ្រោង​​បញ្ជូន​​​ស្មៀន​សង្កាត់​​តា​ខ្មៅ​ទៅ​តុលាការ​​ករណី​​កិប​កេង​ប្រាក់​​ជូន​គ្រួសារ​ក្រីក្រ

រូបឯកសារ៖ ការិយាល័យ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នៅ​រាជធានី​ភ្នំពេញ។ (ប៉ូច រាសី/វីអូអេ)

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​(ACU) ​កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​ស្មៀន​សាលា​សង្កាត់តាខ្មៅ ​ក្រុង​តាខ្មៅ ​ខេត្ត​កណ្តាល​ទៅ​តុលាការ ​ពាក់ព័ន្ធ​នឹង​ការ​កិបកេង​ប្រាក់​ដែល​រដ្ឋាភិបាល​រៀបចំ​ឧបត្ថម្ភ​ជូន​គ្រួសារ​ក្រីក្រ ​ក្នុង​អំឡុង​ពេល​នៃ​ការប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩។​

អ្នក​នាំពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​លោក​សយ ចាន់វិចិត្រ ​ប្រាប់​ VOA ​តាម​សារ​អេឡិច​ត្រូនិក​តេឡេក្រាម​នៅ​ថ្ងៃទី​១៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​នេះ​ថា ​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កំពុង​កសាង​សំណុំ​រឿង​ដើម្បី​បញ្ជូនស្មៀន​សង្កាត់​តាខ្មៅ​ទៅ​តុលាការ ក្រោយពី​ស្មៀន​រូប​នោះ​ត្រូវ​បាន​មន្ត្រី​មាន​សមត្ថកិច្ចនៃ​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ​ចាប់​ខ្លួន​កាល​ពីថ្ងៃ​ពុធ​ម្សិលមិញ​នេះ។ ​

លោក ​សយ ចាន់​វិចិត្រ ​សុំ​មិន​ឆ្លើយ​តប​នឹង​សំណួរ​ថា​ តើ​ការ​កិបកេង​ប្រាក់​ឧបត្ថម្ភ​នោះ​ធ្វើ​ឡើង​រយៈ​ពេល​ប៉ុន្មាន ​និង​មាន​តម្លៃ​ជា​ទឹក​ប្រាក់​សរុប​ចំនួន​ប៉ុន្មាន ​ដោយ​គ្រាន់​តែ​បញ្ជាក់​ថា ​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយមិន​ទាន់អាច​ជូន​ព័ត៌មាន​បន្ថែ​ម​បាន​នៅ​ឡើយ​ ដោយសារ​បញ្ហា​នេះ​កំពុងស្ថិត​ក្នុង​ដំណាក់​កាល​ស៊ើប​អង្កេត។​

អ្នក​នាំពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រូប​នេះ​បន្ថែម​ថា៖​ «បើ​តុលាការរក​ឃើញ​ថា ជា​បទ​ល្មើស​កិបកេង ​ជន​សង្ស័យ​អាច​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​២ ​ទៅ​៥​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន ​ទៅ​១០​លាន​រៀល»។​

សារ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​បាន​ផ្សាយ​ថា​ ទឹក​ប្រាក់​សរុប​ដែល​មិន​ត្រូវ​បាន​ផ្តល់​ជូន​គ្រួសារ​ក្រីក្រ​ក្នុង​ករណី​នេះ​មាន​ចំនួន​ប្រមាណ​ជាង​៧០​លាន​រៀល ​ឬ​ប្រមាណ​ជិត​១​ម៉ឺន​៧​ពាន់​ដុល្លារ​អាមេរិក។​

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ​(ACU)​ ដែលចេញ​ផ្សាយ​ជា​សាធារណៈកាល​ពី​ថ្ងៃទី​១៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​នេះ ​បាន​បញ្ជាក់​ថា ​ជន​សង្ស័យ​ឈ្មោះ ​សុខ សុផា​ ស្មៀន​សាលា​សង្កាត់​តាខ្មៅ ​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយឃាត់​ខ្លួន​ នៅ​ម៉ោង​៥​ល្ងាច​ថ្ងៃទី​១៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២ ​ពាក់ព័ន្ធ​នឹង​ការ​មិន​បើក​ប្រាក់​ឧបត្ថម្ភ​ជូន​គ្រួសារ​ក្រីក្រ​ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុង​ពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩។​

ប្រធាន​នាយកដ្ឋាន​សុខុមាល​ភាព​សង្គម​នៃ​អគ្គ​នាយកដ្ឋាន​បច្ចេក​ទេស​ក្រសួង​សង្គម​កិច្ច ​អតីត​យុទ្ធជន ​និង​យុវនីតិ​សម្បទា​ លោក​ ឈួរ សុបញ្ញា​ ប្រាប់ ​VOA ​ថា ​ការ​ឃាត់​ខ្លួន​ស្មៀន​សង្កាត់​តាខ្មៅ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​បណ្តឹង​ពីប្រជា​ពលរដ្ឋ​តាម​ប្រព័ន្ធ hotline។​

លោក​ថ្លែង​ថា៖ ​«កម្មវិធី​នេះ​យើង​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​ដើម្បី​ធ្វើការ​ចុះ​ឈ្មោះ​ និង​ធ្វើការ​បើក​ផ្តល់។ ​អ៊ីចឹងយន្តការ​ទាំងអស់​គឺមិន​អាច​លាក់​បាំង​ទេ ​ ព្រោះ​នៅ​ក្នុង​មន្រ្តី​ថ្នាក់​កណ្តាល​យើង​គឺមាន​មន្រ្តី​ដែល​ចាំ​ឆ្លើយ​តប​ព័ត៌មាន​ទាន់​ហេតុ​ការណ៍​ជាមួយ​នឹង​ការ​ស្រាវជ្រាវ​រក​នូវ​ព័ត៌មាន​មិន​ប្រក្រតី។ ​អ៊ីចឹង​ពេល​ដែល​មាន​មក​ភ្លាម ​គឺ​យើង​ធ្វើការ​ស្រាវជ្រាវ​ភ្លាម។ ​យើង​ដឹង​ហើយ​ដូច​មាន​ពលរដ្ឋ​ទាក់ទង​នឹង​ការ​បាត់​លេខ​កូដ ​ឬ​ភ្លេច​លេខ​កូដ​អី​ហ្នឹង​ គឺយើង​ដោះ​ស្រាយ​ជូន​ភ្លាមៗ។ បើ​ក្នុង​ករណី​រក​ឃើញ​ ដូច​ក្នុង​ករណី​នេះ​គឺយើង​ស្រាវជ្រាវ​រក​ភ្លាម​តែម្តង​ ហើយ​យើងចុះធ្វើ​ការ​ដោះ​ស្រាយ​ភ្លាមៗនៅ​មូលដ្ឋាន»។​

បើតាម​លោក ​ឈួរ សុបញ្ញា ​រហូត​មក​ដល់​ពេល​នេះ​ រដ្ឋាភិបាល​បាន​ផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​គ្រួសារ​ក្រី​ក្រ​ចំនួន​ជាង៧៥​ម៉ឺន​គ្រួសារ។​ ហើយ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ ​គឺនៅ​សល់​ត្រឹម​ជាង៦៩​ម៉ឺន​គ្រួសារ ​បន្ទាប់​ពី​ក្រសួង​បាន​ជម្រុះ​គ្រួសារ​មួយ​ចំនួន​ចេញ​ពី​បញ្ជី​នៃ​អ្នក​សម​នឹង​ទទួល​បាន​ការ​ឧបត្ថម្ភ​ប្រាក់​ពីរដ្ឋាភិបាល។ ​លោក​ថា​ ទឹក​ប្រាក់​ដែល​បាន​ផ្តល់​ជូនសរុប​មាន​ជាង៨៣៧​លាន​ដុល្លារ​សហ​រដ្​ឋអាមេរិក។

ពាក់ព័ន្ធ​នឹង​ការ​កិបកេង​ប្រាក់​ឧបត្ថម្ភ​ជូន​គ្រួសារ​ក្រីក្រ​នេះ​ នាយក​ប្រតិបត្តិអង្គការ​តម្លាភាពកម្ពុជា​លោក​ប៉ិច ពិសី ​លើក​ឡើង​ថា​ អាជ្ញាធរ​ត្រូវ​តែ​ស្វែង​រក​ឲ្យ​ឃើញ​ការណ៍​ពិត​លើ​ករណី​នៃ​ការ​កិបកេង​នេះ ​ដើម្បីផ្តល់​យុត្តិធម៌​ដល់​អ្នក​ពាក់​ព័ន្ធ ​ព្រម​ទាំង​ដើម្បី​ទប់​ស្កាត់​ករណី​បែប​នេះមិន​ឲ្យកើត​ឡើងទៀត។​

លោក​ប្រាប់​វីអូអេ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖ ​«ខ្ញុំ​បាន​ដឹង​ថា​ ការ​ពាក់ព័ន្ធ​របស់​ជន​សង្ស័យ​ហ្នឹង​គឺ​មាន​ទំហំ​ទឹក​ប្រាក់ធំ ​រហូត​ដល់ទៅជាង​៧០​លាន​រៀល​ឯ​ណោះ។ ​ក្នុង​ទំហំ​នេះ​គឺមាន​ន័យ​ថា ​ ថវិកា ​ដែល​ត្រូវ​ឲ្យ​ទៅ​ប្រជា​ពលរដ្ឋ​ដែល​ក្រីក្រ​ហ្នឹង ​គាត់​ត្រូវ​បាន​បាត់បង់​ឱកាស​ដែល​ត្រូវ​បាន​ជួយ​ឧបត្ថម្ភ។ ​អ៊ីចឹង​ការ​អនុវត្ត​ច្បាប់​ឲ្យ​តឹងរ៉ឹង ​និង​ជាក់លាក់​ ហើយ​យុត្តិធម៌​សម្រាប់​អ្នក​ពាក់ព័ន្ធ​ហ្នឹង​គឺ​ជា​រឿង​ចាំបាច់​មួយ​ ដើម្បី​ធានា​ថា​ មន្រ្តី​ផ្សេង​អត់​ហ៊ាន​ធ្វើ»។​

លោក​ ប៉ិច ពិសី ​បន្ថែម​ថា​ ការ​កិបកេង​ប្រាក់​សាធារណៈ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​វិនិយោគ​របស់​អ្នក​វិនិយោគ​បរទេស​ និង​ការ​អភិវឌ្ឍសម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូច​កម្ពុជា។​

លោក​ថា ​បើ​តាម​ការ​ស្រាវជ្រាវ​របស់​អង្គការ​តម្លា​ភាព ​ អំពើ​ពុក​រលួយ​ក្នុង​វិស័យ​សាធារណៈ​នៅ​កម្ពុជា​ នៅ​កើត​មាន​ច្រើន​នៅ​ឡើយ​ ក្រោម​រូបភាព​ការ​កិបកេង​ ការ​ប្រើ​អំណាច​ខុស​ក្នុង​ការ​កេង​ និង​ស៊ី​សំណូក​ពាក់ព័ន្ធនឹង​ការ​ដេញ​ថ្លៃ​គម្រោង​ធំៗ​ជា​ដើម។​

លោក​បន្ថែម​ថា៖ ​«លុយ​រដ្ឋ​ជា​លុយ​ដែល​ពលរដ្ឋ​បង់​ពន្ធ ​ពលរដ្ឋ​ជា​អ្នក​ចេញ​ធ្វើ​ផ្លូវ ​ធ្វើ​ថ្នល់ ​និង​ធ្វើ​ការ​វិនិយោគ​សាធារណៈ​ដទៃ​ទៀត​ហ្នឹង ​គឺ​សុទ្ធតែ​លុយ​ជាតិ។​ អ៊ីចឹង​ខ្ញុំ​គិត​ថា ​ វិសាលភាព​នៃការ​បាត់​បង់​ថវិកា​ជាតិ​ហ្នឹង​ច្រើន​ ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ ជាពិសេស​ថ្នាក់​ដឹក​នាំ ​និង​អាជ្ញាធរ​អនុវត្ត​ច្បាប់​ហ្នឹង​មាន​ឆន្ទៈ​នយោបាយ​ខ្ពស់ នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​អំពើ​ពុក​រលួយ​ក្នុងវិស័យ​សាធារណៈ​ហ្នឹង»។​

កាលពី​ខែ​មករា​ ឆ្នាំ​២០២២​ អង្គការ​តម្លា​ភាព​អន្តរជាតិ​ ដែល​មាន​ទីតាំង​នៅ​ប្រទេស​អាល្លឺម៉ង់ ​បាន​ចេញសន្ទស្សន៍​នៃ​ការ​យល់​ដឹង​អំពី​អំពើ​ពុក​រលួយ​ឆ្នាំ​២០២១ ​ដោយ​បង្ហាញ​ថា ​អំពើ​ពុក​រលួយ​នៅ​កម្ពុជា​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​នៅ​ឡើយ។ ​ហើយ​កាលពី​ខែ​មករា ​ឆ្នាំ​២០១៧​ អង្គការ​តម្លា​ភាព​កម្ពុជា​រក​ឃើញ​ថា ​ស្ថាប័ន​តុលាការ ​ប៉ូលិស​ និង​វិស័យ​សាធារណៈ​ នៅតែ​ជា​ស្ថាប័ន​ដែល​មាន​កម្រិត​អំពើ​ពុក​រលួយ​ខ្ពស់​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា៕​